ម៉ាក់​អ្នក​ពពោះ ឯ​ប៉ា​គួរ​ក៏​ធ្វើ​រឿង​ទាំង​នេះ​ដើម្បី​កូន​កើត​មក​គួរ​ឱ្យ​ស្រលាញ់ និង​ IQ ខ្ពស់

  • 2018-06-09 03:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ការ​មាន​ផ្ទៃ​ពោះមិន​មែន​ជា​ការ​ងារ​របស់​ម្ដាយ​តែ​ម្នាក់​ឯង​នោះ​ទេ តែ​ប៉ាប៉ា​ក៏​ត្រូវ​រួម​ចំណែក​សំខាន់​ផង​ដែរ​ក្នុង​ថែ​រក្សា​គភ៌​តាំង​ពី​នៅ​ក្នុង​ពោះ រហូត​ដល់​ពេល​ឆ្លង​ទន្លេ ដើម្បី​ប្រាកដ​ថា កូន​មាន​សុខភាព​ និង​ខួរ​ក្បាល​ឆ្លាត​វាង​វៃ។ ដូច្នេះ​ដើម្បី​បាន​កូន​តូច​ម្នាក់​ដ៏​គួរ​ឱ្យស្រលាញ់ និង​ប្រាជ្ញា​ឆ្លៀវឆ្លាត លោក​ប៉ា​ទាំង​ឡាយ​គួរ​ស្វែង​យល់​ពី​រឿងចាំ​បាច់​ដែល​គួរ​ធ្វើ​ដាក់​ប្រពន្ធ​និង​កូន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ដូច​ខាង​ក្រោម​នេះ៖

រំញោច ឬ​ធ្វើ​ចលនា​ពោះ​ម្ដាយ

វេលា​មុន​ពេល​ចូល​គេង គភ៌​ដែល​នៅ​ក្នុង​ផ្ទៃ​ច្រើន​តែ​ធ្វើ​ចលនា ជាង​ពេល​ធម្មតា។ ដូច្នេះ​ដើម្បី​ប្រាស្រ័យ​ជាមួយ​កូន​ដ៏​គួរ​ឱ្យ​ស្រលាញ់​នោះ ប៉ាប៉ា​គួរ​ចេះ​ប្រឡែង​លេង​ជាមួយ​គេ​ដោយ​យក​ដៃ​រង្គើ​ពោះ​របស់​ម៉ាក់​ម៉ាក់ ឬ​យក​ម្រាម​ដៃ​រត់​ចុះ​រត់​ឡើង​លើ​ផ្ទៃ​ពោះ​ដើម្បី​ឱ្យ​កូន​រឹត​តែ​មាន​ភាព​ជិត​ស្និទ្ធ​ និង​ស្វែង​យល់​ពី​ភាព​កក់​ក្ដៅ​ដែល​ប៉ា​និង​ម៉ាក់​កំពុង​ផ្ដល់​ឱ្យ។ ការ​ធ្វើ​ចលនា​ម្រាម​ដៃ​លើ​ពោះ​នេះ​អាច​ធ្វើ​ពី​៥​ទៅ​១០នាទី ប៉ុន្តែ​ជៀសវាង​ការ​ប្រើ​បាត​ដៃ​ត្រដុស ឬ​សង្កត់​ធ្ងន់ៗ​លើ​ពោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​​គភ៌ ឬ​ធ្វើ​ឱ្យ​រលូត​បាន​។

ថើប​ពោះ​ម៉ាក់ម៉ាក់ ហើយ​និយាយ​ជាមួយ​កូន

អ្នក​ខ្លះ​ប្រហែល​មិន​ជឿ​ពី​រឿង​នេះ ប៉ុន្តែ​ការពិត​វា​អាច​ជា​វេទមន្ត​ និង​ក្ដី​សុខ​ដែល​ប៉ាប៉ា​អាច​ផ្ដល់​ដល់​កូន​ពិត​ប្រាកដ​មែន។ យោង​តាម​អ្នក​វិទ្យាសាស្ត្រ ទោះ​បី​គភ៌​កំពុង​នៅ​ក្នុង​ផ្ទៃ​មិន​ស្គាល់​មុខ ឬ​និយាយ​ស្ដី​បាន តែ​ពួក​គេ​អាច​យល់​និង​ស្ដាប់​ឮ​រាល់​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ខាង​ក្រៅ​។

ការ​ថើប ថ្នាក់ថ្នម​ភរិយា និយាយ​ជាមួយ​កូន ឬ​ច្រៀង​ឱ្យ​គេ​ស្ដាប់​នៅ​ក្នុង​ពោះ​នឹង​ជួយ​ឱ្យ​អ្នក​ម្ដាយ​មាន​អារម្មណ៍​រីករាយ ហើយ​កូន​ក៏​ទទួល​បាន​អារម្មណ៍​រីករាយ​នេះ​ដូច​គ្នា។ ទង្វើ​បែប​នេះ​នឹង​ជួយ​ឱ្យគភ៌​លូតលាស់​បាន​យ៉ាង​ល្អ ទាំង​កាយ​សម្បទា និង​ប្រាជ្ញា​ស្មារតី។ ដូច្នេះ រាល់​យប់ គួរ​តែ​ចំណាយ​ពេល​១៥​ទៅ​២០​នាទី​ដើម្បី​និយាយ​ជាមួយ​កូន អាន​សៀវភៅ ឬ​ច្រៀង​បំពេ​គេ​មុន​ចូល​គេង។

ឧស្សាហ៍​បើក​ចម្រៀង​ឱ្យ​កូន​ស្ដាប់

ចម្រៀង​ប្រៀប​ដូច​ជា​ឱសថ​ព្យាបាល​ភាព​សៅហ្មង និង​បន្ថែម​អារម្មណ៍​ស្រស់ស្រាយ​បាន​យ៉ាង​ពិត​ប្រាកដ។ បន្ថែម​ពី​នេះ ចម្រៀង​ក៏​អាច​ជំរុញ​ឱ្យ​គភ៌​ដែល​នៅ​ក្នុង​ផ្ទៃ​អាច​លូតលាស់​ខួរ​ក្បាល​បាន​ល្អ និង​ធ្វើ​ឱ្យ​ម្ដាយ​មាន​អារម្មណ៍​ល្អ​ដែល​នឹង​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​កូន​ផង​ដែរ។ លោក​ប៉ា​គួរ​តែ​ជ្រើស​រើស​បទ​ចម្រៀង​បែប​ស្រទន់ៗ គ្មាន​​ចង្វាក់​កញ្ឆក់ៗ និង​ប្រើ​សំឡេង​ល្មម ដើម្បី​សម្រួល​ការ​គេង​ផង និង​ជំនួយ​ការ​លូតលាស់​ផង។

នាំ​ប្រពន្ធ​​ចេញ​ក្រៅ​ដើរ​លេង

ការ​ដើរ​ចេញ​ក្រៅ​​លំហែ និង​ដក​ដង្ហើម​វែងៗ ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​នឹង​ជួយ​ឱ្យ​អ្នក​ម្ដាយ​មាន​អារម្មណ៍​ស្រស់ស្រាយ ​​ដក​ដង្ហើម​បាន​ស្រួល ​ជំនួយ​ដល់​ការ​គេង កាត់​បន្ថយ​ការ​ចុក​រោយ​ សម្រួល​ចលនា​ឈាម​ និង​ជួយ​ដល់​ការ​លូត​លាស់​របស់​គភ៌​បាន​យ៉ាង​ល្អ។ ដូច្នេះ​មិន​ថា​រវល់​យ៉ាង​ណា​ទេ លោក​ប៉ា​គួរ​ឆ្លៀត​ពេល​កំដរ​ប្រពន្ធ​ដើរ​កម្សាន្ត និយាយ​លេង​ពី​នេះ​ពី​នោះ ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ឈឺ​ចាប់ ឬ​តានតឹង​ដោយ​សារ​ការ​ពពោះ និង​ទំហំ​ពោះ​ដែល​ចេះ​តែ​ធំៗ​ឡើង​នោះ​ផង។

នាំ​ប្រពន្ធ​ទៅ​ពិនិត្យ​ពោះ​ឱ្យ​បាន​ទៀងទាត់

ការ​ពិនិត្យ​ផ្ទៃ​ពោះ និង​សុខភាព​គភ៌​គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​​អ្នក​ម្ដាយមិន​គួរ​ភ្លេច​ឡើយ។ រាល់​ការ​តាម​ដាន​ អ្នក​នឹង​អាច​ដឹង​ពី​សារធាតុ​ចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​ផ្ដល់​ឱ្យ​កូន និង​ស្ថានភាព​សុខភាព​របស់​កូន​។ ដូច្នេះ​ប៉ាប៉ា​ត្រូវ​ជួយ​រម្លឹក​អ្នក​ម៉ាក់ និង​ជូន​អ្នក​ម៉ាក់​ទៅ​ពិនិត្យ​ពោះ ព្រោះ​វត្តមាន​របស់​ប៉ាប៉ា​នៅ​ក្បែរ​គឺ​ជា​ភាព​កក់​ក្ដៅ​ដែល​អ្នក​ដទៃ​មិន​អាច​ផ្ដល់​ឱ្យ​ដូច​បាន​ឡើយ។

ចុចអាន៖ អត់​ស្រួល​ទេ! ១៧​សន្លឹក​​ចាក់​ដោត​អារម្មណ៍​​ម្ដាយ​​ដែល​ថែ​ទាំ​កូន​តូច​ៗ​រាល់​ថ្ងៃ​

ទន្ទឹម​នឹង​អ្វី​ដែល​គួរ​ធ្វើ​ទាំង​នេះ លោក​ប៉ា​ក៏​គួរ​ដឹង​ពី​រឿង​ដែល​មិន​គួរ​ធ្វើ​ដាក់​ប្រពន្ធ ឬ​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​ដែរ៖

  • កុំ​ជក់​បារី​នៅ​ក្បែរ​ប្រពន្ធ ឬ​នៅ​ក្នុង​ផ្ទះ

  • កុំ​មាត់​ធំ​មាត់​តូច រករឿង​ ឬ​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រពន្ធ

  • កុំ​មក​ផ្ទះ​យឺត ​ដោយ​គ្មាន​ជូន​ដំណឹង​ជាមុន

  • កុំ​បណ្ដោយ​ឱ្យ​ប្រពន្ធ​ធ្វើ​ការងារ​ផ្ទះ​ដែល​អាច​មាន​គ្រោះថ្នាក់ ពេល​ពោះ​កាន់​តែ​ធំ

  • កុំ​បង្ខំ​ប្រពន្ធ​រឿង​រួម​ដំណេក​ច្រើន​ទាំង​ដឹង​ថា​នាង​មិន​ស្រួល​ខ្លួន ឬ​ជិត​ដល់​ពេល​ត្រូវ​ឆ្លង​ទន្លេ

ម៉េច​ដែរ​បុរសៗ អាច​ធ្វើ​បាន​អត់​ប៉ុណ្ណឹង?

អត្ថបទ៖ សរ សុគន្ធី