កុំបន្តស្រលាញ់មនុស្សដែលអាចទៅចោលអ្នក ពេលអ្នកកំពុងស្រលាញ់ខ្លាំង
- 2018-05-21 04:37:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំបន្តស្រលាញ់មនុស្សដែលអាចទៅចោលអ្នក ពេលអ្នកកំពុងស្រលាញ់ខ្លាំង
មនុស្សភាគច្រើនគិតថា ស្នេហាគឺជាកន្លែងមួយដែលចង់ទៅក៏ទៅ ចង់នៅក៏នៅ។ ហេតុនេះហើយទើបមានអ្នកខ្លះ ពេលត្រូវការក៏មករកយើង តែពេលធុញទ្រាន់ អស់ចិត្ត ក៏ដើរចេញទៅរកអ្នកថ្មី ឬយកលេសថា ចង់នៅម្នាក់ឯងមួយរយៈ។ ការពិតមិនមែនស្នេហាជាអ្នកធ្វើឱ្យមនុស្សឈឺចាប់ទេ តែមនុស្សខ្លួនឯងទេដែលធ្វើឱ្យខ្លួនឯង និងអ្នកដទៃឈឺចាប់ ហើយទម្លាក់កំហុសឱ្យស្នេហា។
ពាក្យថា "ស្រលាញ់" គឺការដាក់ចិត្តទៅលើនរណាម្នាក់ និងជ្រើសរើសនៅក្បែរគេទោះក្នុងកាលៈទេសៈសប្បាយរីករាយ ឬកើតទុក្ខយ៉ាងណាក្ដី។ មិនថាពីដំបូង ឬច្រើនឆ្នាំកន្លងទៅ ស្នេហានឹងនាំឱ្យជីវិតអ្នកត្រូវជួបប្រទះរឿងច្រើនយ៉ាងណា ស្ថានភាពលំបាក ឬសើចសប្បាយច្រើនយ៉ាងណា តែវាជាការកំណត់របស់យើងថានឹងត្រូវបន្តទៅមុខ ហើយកាន់ដៃម្នាក់នោះរហូត មិនបោះបង់គ្នាឡើយ។
មនុស្សដែលស្រលាញ់គ្នាពិតប្រាកដនឹងមិនបង្កើតឱ្យមានពាក្យថា "ទៅ" ឬ "នៅ" ក្នុងសេចក្ដីស្នេហារបស់ពួកគេឡើយ។ ស្នេហ៍មួយដែលហៅថា ស្នេហ៍ពិតគឺមិនសំដៅលើស្នេហ៍គ្រាដំបូង ស្នេហាទីពីរ ឬទីបីនោះទេ តែវាជាការរកឃើញថា បេះដូងអ្នកទាំងពីរកំពុងរត់រកគ្នា និងនៅជាមួយគ្នារហូត ទោះបីមានអ្នកណាដែលល្អជាងអ្នកដែលខ្លួនកំពុងស្រលាញ់ក៏ដោយ។
បើដឹងថាស្នេហានេះគ្មានអនាគតមិនអាចបន្តបាន គួរតែដោះស្រាយឱ្យបានចប់សព្វគ្រប់ កុំឱ្យសោះ ការអូសបន្លាយពេលវេលាយូរ ដូចពាក្យថា "យប់យន់សុបិនយូរ" វាគ្មានអ្វីក្រៅតែពីធ្វើឱ្យអ្នកដែលមានអារម្មណ៍នៅស្រលាញ់ឈឺចាប់កាន់តែខ្លាំង រហូតក្លាយជាមេរោគផ្លូវចិត្តដែលនឹងវិវត្តបន្តមិនឈប់ឈរ ដល់ថ្នាក់ហ៊ានធ្វើរឿងមិនសមគួរក៏ថាបាន។
ស្រលាញ់មនុស្សម្នាក់មិនមែនជាការសន្យាគ្នាពីរឿងអនាគតទេ តែវាការផ្ដល់ឱ្យគ្នានូវជម្រើសដ៏ត្រឹមត្រូវ។ ការស្រលាញ់មនុស្សម្នាក់មិនមែនទាល់តែត្រូវចាប់ចងគេឱ្យដាក់យើងក្នុងបេះដូងគេជារៀងរហូតនោះទេ ប៉ុន្តែវាការមើលឃើញសុភមង្គល និងក្ដីសុខរបស់គេ។ ហើយពាក្យថា "ស្នេហា" ក៏មិនមែនត្រូវតែឃុំខ្លួនឯងឱ្យនៅក្នុងក្ដីស្រលាញ់ចំពោះគេរហូតនោះដែរ។ បើគេនៅជាមួយយើង ឆ្លងកាត់រឿងគ្រប់យ៉ាងជាមួយយើង យើងក៏មិនខ្លាចនឹងបន្តជាមួយគ្នា តែបើគេហ៊ានទៅចោលយើង ទុកយើងឱ្យឈឺចាប់ទាំងដឹងថា យើងមិនអាចទទួលយកបាន យើងក៏មានសិទ្ធិបំភ្លេចគេ ហើយទម្លាក់ការស្រលាញ់នេះចោលទៅក្នុងមហាសមុទ្រ កុំឱ្យត្រលប់មកវិញបានដែរ។
កុំឱ្យគេចាត់ទុកការស្រលាញ់របស់យើងជាល្បែងកម្សាន្ត ចង់ទៅក៏ទៅ ចង់មកក៏មកឱ្យសោះ។ ទ្វារបេះដូងមួយនេះត្រូវតែមានសោចាក់ត្រឹមត្រូវ ហើយកុំឱ្យសោទៅគេកាន់ជាដាច់ខាត។ ត្រូវប្រាប់ខ្លួនឯងថា "បើយើងមិនបើកឱ្យ គេគ្មានសិទ្ធិចូលមកក្នុងបេះដូងនេះជាលើកទីពីរជាដាច់ខាត"។
ចុចអាន៖ ក្រោយបែកបាក់ស្នេហា នារីរឹងប៉ឹងនឹងរំដោះខ្លួនពីរឿងខូចចិត្ត ដោយការគិត ៥ចំណុចនេះ
ដូច្នេះ បើស្រលាញ់អ្នកណាម្នាក់ សូមកុំរំលឹកពីអតីតកាលរបស់គេ មិនថា គេធ្លាប់មានស្នេហាឬក៏អត់ គេបែកគ្នាដោយសារអី គេធ្លាប់ឈឺចាប់ដោយសារស្នេហាឬក៏អត់ វាគ្មានអ្វីសំខាន់ស្មើនឹងការស្រលាញ់បច្ចុប្បន្នដែលអ្នកនឹងត្រៀមឱ្យគេ និងអ្វីដែលគេនឹងតបស្នងមកយើងវិញនោះឡើយ៕
ចុចអាន៖ ឲ្យតែមានទង្វើ ៥យ៉ាងនេះ ស្នេហាអ្នកនឹងរលាយរលត់ ទោះចង់ ឬមិនចង់ក៏ដោយ