ចង់​ដឹង​ថា​គាត់​ជា​សុភាព​បុរស ឆ្លាតវៃ រឹងមាំ​ទាំង​ក្នុង​ទាំង​ក្រៅ ធ្វើ​តេស្ដ​លើ​រឿង ៣ យ៉ាង​នេះ

  • 2018-04-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​រឿង​ទូទៅ​ដែល​នារី​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បាន​គូ​ស្នេហ៍​ជា​សុភាព​បុរស​ពិតៗ ពោរពេញ​ទៅ​ដោយ​ភាព​ឆ្លាតវៃ និង​រឹងមាំ។ ទោះ​ជា​យ៉ាង​ណា មិន​មែន​មនុស្ស​ប្រុស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​គុណ​សម្បត្តិ​ល្អ​ៗ​បែប​នេះ​ទុក​ឲ្យ​អ្នក​ជ្រើសរើស​ទេ។ បុរស​មួយ​ចំនួន​​ព្យាយាម​​បង្ហាញ​ទង្វើ​ល្អ​ៗ​នៅ​ចំពោះ​មុខ ក៏​ព្រោះ​ចង់​បាន​ក្ដី​ស្រឡាញ់​ពី​អ្នក​ឲ្យ​បាន​លឿន​ប៉ុណ្ណោះ។ ហេតុនេះ​ដើម្បី​កុំ​ឲ្យ​រាប់អាន​ចំ​មនុស្ស​ខុស ប៉ះ​ចំ​សុភាព​បុរស​ក្លែងក្លាយ ស្រី​ៗ​ត្រូវ​ធ្វើ​តេស្ដ​ ឬ​សង្កេត​រឿង ៣ យ៉ាង​នេះ​សិន៖

១.ធ្វើ​ដំណើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ​ជាមួយ​គ្នា

ពេលខ្លះ​ត្រឹម​តែ​ការ​និយាយ​អួត​សរសើរ​អំពី​ខ្លួន​ឯង​នៅ​តុ​កាហ្វេ នរណា​ក៏​ធ្វើ​បាន​ដោយ​ងាយ​ដែរ។ ដូច្នេះ​អ្នក​ត្រូវ​សង្កេត​ដោយ​ផ្អែក​លើ​ទង្វើ​ជាក់ស្ដែង​វិញ​ម្ដង។ ពេល​ជួប​ហេតុការណ៍​លំបាក​ៗ​​ដូចជា វង្វេង​ផ្លូវ បែក​កង់​ឡាន ការ​កក់​បន្ទប់​សណ្ឋាគារ​ជួប​បញ្ហា​​ជាដើម តើ​គាត់​នឹង​ដោះស្រាយ​ដោយ​វិធី​ណា? តើ​គាត់​មាន​ភាព​ឆ្លាតវៃ​គ្រប់គ្រាន់ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កក់ក្ដៅ អាច​ពឹង​ពាក់​ទុកចិត្ត​បាន ដូច​អ្វី​ដែល​អ្នក​រំពឹង​ចង់​បាន​ឬ​អត់?

២.សង្កេត​ទង្វើ​របស់​គាត់​ចំពោះ​មនុស្ស​ស្រី​ដទៃ

ទង្វើ​របស់​គាត់​ចំពោះ​មនុស្ស​ស្រី​ជុំវិញ​ខ្លួន ពិត​ជា​សំខាន់​ខ្លាំង​ណាស់ សម្រាប់​ការ​វិនិច្ឆ័យ​លើ​អត្តចរិត​ពិត​ប្រាកដ​របស់​គាត់។ អ្នក​ត្រូវ​តាមដាន​ទាំង​អស់​តាំង​ពី​មិត្តភ័ក្ដិ​​រួម​ជំនាន់ ជីដូន ម្ដាយ អ៊ំស្រី ម្ដាយ​មីង ប្អូន​ស្រី ឬ​បង​ស្រី​ជាដើម។ តើ​គាត់​តែង​ផ្ដល់​ការ​​គោរព ការពារ និង​ឲ្យ​តម្លៃ​អ្នក​ទាំង​នោះ​ខ្លាំង​គ្រប់គ្រាន់​ដែរ​ឬ​ទេ?

៣.ពេល​គាត់​ជួប​បរាជ័យ

មនុស្ស​ប្រុស​ដែល​រឹងមាំ ត្រឹមត្រូវ​ប្រកាន់​សច្ចធម៌ គុណធម៌​ពិត​ប្រាកដ មិន​ថា​គាត់​ជួយ​រឿង​ជោគជ័យ ឬ​បរាជ័យ នៅ​តែ​រក្សា​គោលជំហរ​ផ្ទាល់​ខ្លួន​បាន​ល្អ​ជានិច្ច។ ពេល​សម្រេច​បាន​លទ្ធផល​ល្អ គាត់​ត្រេកអរ និង​ចែក​រំលែក​ផលប្រយោជន៍​ដែល​បាន​មក​ទៅ​មនុស្ស​បាន​ជួយ​ជ្រោមជ្រែង ចំណែក​ពេល​ជួប​បរាជ័យ គាត់​ក៏​មិន​បាក់​ទឹក​ចិត្ត​ខ្លាំង ឬ​​​​​ទម្លាក់​កំហុស​ដាក់​អ្នកណា​ទាំង​អស់។ ជា​រួម គាត់​ជា​បុរស​រឹងមាំ​ម្នាក់ ដែល​អាច​ទទួល​យក​គ្រប់​រសជាតិ​នៃ​ជីវិត៕

ចុចអាន៖សំណួរ ៤​ដែល​អ្នក​មិន​គួរ​សួរ​ទៅ​កាន់​មិត្ត​ប្រុស​

ប្រភព៖ Likelovequotes អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម