សំណួរ ៤​ដែល​អ្នក​មិន​គួរ​សួរ​ទៅ​កាន់​មិត្ត​ប្រុស​

  • 2018-04-11 06:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១​. តើ​អ្នក​កំពុង​គិត​អី​ឥលូវ​ហ្នឹង?

ជា​ធម្មតា​នារី​គ្រប់​គ្នា​តែង​តែ​សួរ​សំណួរ​នេះ​ទៅ​កាន់​មិត្ត​ប្រុស ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​ទេ​ថា​ការ​គិត​របស់​មនុស្ស​ប្រុស​គឺ​មិន​ដូច​ជា​មនុស្ស​ស្រី​នោះ​ទេ​។ គាត់​កម្រ​គិត​ពី​ផែនការ​ប្រចាំ​ថ្ងៃ​ ឬ​អង្គុយ​វិភាគ​ថា​ថ្ងៃ​នេះ​បាន​ធ្វើ​អី​ខ្លះ ព្រោះ​គេ​គិត​ថា​ជា​រឿង​អត់​ប្រយោជន៍។​ ភាគ​ច្រើន​គេ​តែង​តែ​ចំណាយ​ពេល​ឱ្យ​ខ្លួន​ឯង​​ជា​ជាង​អង្គុយ​វិភាគ​សំណួរ​អស់​ទាំង​នេះ ជាពិសេស​មនុស្ស​ប្រុស​មួយ​ចំនួន​មិន​ចង់​ឱ្យ​គេ​ដឹង​ថា​ខ្លួន​គិត​អ្វី​ទេ។​ ហេតុ​នេះ​ហើយ​ អ្នក​មិន​គួរ​សួរ​សំណួរ​បែប​នេះ​ អ្នក​គួរ​តែ​ទុក​ពេល​វេលា​ខ្លះ​ឱ្យ​គាត់​។

​២​. តើ​អ្នក​នឹង​ស្រលាញ់​ខ្ញុំ​ទេ​ ប្រសិន​បើ​ខ្ញុំ​ខ្វាក់​ ពិការ​ ឬ​អាក្រក់​ជាង​នេះ?

អ្នក​សួរ​សំណួរ​ទាំង​នេះ​ប្រហែល​ចង់​ឱ្យ​ សង្សារ​របស់​អ្នក​ឆ្លើយ​ចម្លើយ​ដែល​អ្នក​ចង់​បាន​ ដូច​ជា​‌"បង​នឹង​ស្រលាញ់​អូន​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ"។ល។​ តែ​ចម្លើយ​អស់​ទាំង​នេះ​ គួរ​តែ​ចាំ​មិត្ត​ប្រុស​របស់​អ្នក​និយាយ​ និង​បង្ហាញ​ឱ្យ​ដឹង​ទើប​ជា​ការ​ល្អ។​​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​អាច​នឹង​មាន​មាន​បញ្ហា​ក៏​ព្រោះ​តែ​អ្នក​ចង់​ឱ្យ​គាត់​ឆ្លើយ​ចម្លើយ​ដែល​អ្នក​ចង់​បាន ហើយ​គាត់​មិន​ចង់​និយាយ​ពី​រឿង​នេះ​។

៣. តើ​អ្នក​កំពុង​តែ​ក្បត់​ខ្ញុំ​មែន​ទេ?​

នេះ​ជា​សំណួរ​ទូទៅ​ដែល​អ្នក​មិន​គួរ​សួរ​ទៅ​មិត្ត​ប្រុស​ទេ​ ដោយ​សារ​តែ​ហេតុ​ផល​២​យ៉ាង៖

  • ១. ប្រសិន​បើ​មិត្ត​ប្រុស​របស់​អ្នក​ស្មោះ​និង​អ្នក​ គាត់​ប្រាកដ​ជា​ខឹង​​ខ្លាំង​ ក៏​ព្រោះ​តែ​សំណួរ​នេះ​ ប៉ះ​ពាល់​ដល់​អារម្មណ៍​គាត់ និង​មើល​ងាយ​ចិត្ត​ស្មោះ​របស់​គាត់​។​

  • ២. ប្រសិន​បើ​គាត់​កំពុង​តែ​ក្បត់​អ្នក​ តើ​អ្នក​គិត​ថា​គាត់​នឹង​ប្រាប់​អ្នក​ដែរ​ឬទេ? ច្បាស់​ណាស់​ថា​ប្រាកដ​ជា​អត់។​

ដូច្នេះ​ហើយ​ការ​ដែល​សួរ​សំណួរ​នេះ​គឺ​អត់​មាន​ចំណេញ​អ្វី​នោះ​ទេ។ អ្នក​គួរ​តែ​តាម​ដាន​ និង​សង្កេត​មើល​គាត់​វិញ​ល្អ​ជាង។

៤. រវាង​ខ្ញុំ​និង​សង្សារ​ចាស់​ តើ​អ្នក​ស្រលាញ់​មួយ​ណា​ជាង?

សំណួរ​នេះ​ក៏​ដូច​ជា​សំណួរ​មុន​ដែរ​ អ្នក​ប្រាកដ​ជា​ចង់​ឱ្យ​គាត់​ឆ្លើយ​ថា​ស្រលាញ់​អ្នក​ជាង​។​ ប៉ុន្តែ​ពេល​ខ្លះ​ការ​ស្រលាញ់​ពិបាក​និង​ប្រៀប​ធៀប​ណាស់ ម៉្យាង​វិញ​ទៀត​គាត់​ក៏​មិន​អាច​ប្រាប់​អ្នក​តាម​ត្រង់​ដែរ​ បើ​សិន​ជា​គាត់​ស្រលាញ់​អ្នក​ចាស់​ជាង​។​ សំណួរ​នេះ​អាច​ធ្វើ​ឱ្យ​គាត់​គិត​ដល់​រឿង​ចាស់ ហើយ​អារម្មណ៍​មិន​ល្អ ៕

ចុចអាន៖

ប្រភព៖ blackloveadvice ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា