ហេតុ​អ្វី​បាន​ជា​ស្នេហា​ពេល​បច្ចុប្បន្ន ស្ដួច​ស្ដើង​ងាយ​បែក​បាក់​យ៉ាង​នេះ?

  • 2018-04-11 03:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនោសញ្ចេតនា​ពេល​បច្ចុប្បន្ន ក្រៅ​ពី​ភាគី​ទាំង​សង​ខាង នៅ​មាន​កត្តា​សង្គម​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​វា​លែង​បាន​យូរ​អង្វែង​ដូច​កាល​ពី​មុន ហើយ​គេ​ផ្លាស់​ប្ដូរ​ស្នេហា​ដូច​ខោអាវ។ នេះ​គឺ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ស្នេហា​សម័យ​ទំនើប​ស្ដួចស្ដើង ងាយ​ប្រេះឆា​ជាង​មុន។

១. មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់

ដោយ​សារ​តែ​ខ្វះ​ភាព​កក់​ក្ដៅ ឃើញ​គេ​មាន​គូ​ហើយ​ខ្លួន​អត់​គូ​យូរ​ពេក ក៏​សម្រេច​ចិត្ត​ទទួល​យក​គេ​ទាំង​ដែល​ភាគី​ទាំង​សង​ខាង​មិន​ទាន់​ស្វែង​យល់​គ្នា​ច្បាស់​លាស់ ជា​ហេតុ​ធ្វើ​ឲ្យ​ស្រលាញ់​គ្នា​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​ត្រូវ​បែក​ទៅ​វិញ។

២. យល់​ច្រឡំ​មិត្តភាព និង​ស្នេហា

អ្នក​ស្ថិត​នៅ​ក្នុង​ចន្លោះ​មិត្ត​ជិតស្និទ្ធ និង​សង្សារ។ នៅ​ពេល​ដែល​អ្នក​មិន​ទាន់​ច្បាស់​ខ្លួន​ឯង​ផង ហើយ​សម្រេច​ធ្វើ​សង្សារ​នឹង​គ្នា ដល់​ពេល​បែក​គ្នា​ទៅ ស្នេហា​ក៏​បែក ហើយ​ចំណង​មិត្តភាព​ក៏​លែង​នៅ​ដូច​មុន។

៣. ភាព​ព្រួយបារម្ភ​នៅ​ក្នុង​សង្គម​ច្រើន​ពេក

កាល​ផ្ដើម​ស្នេហ៍​ដំបូង មិន​ទាន់​មាន​រឿង​ច្រើន​ត្រូវ​បារម្ភ​ក៏​មិន​សូវ​មួម៉ៅ​ដាក់​គ្នា តែ​ដល់​ពេល​មាន​អាយុ​ច្រើន​ជាង​មុន នៅ​ពេល​ដែល​អម្រែក​លើ​ស្មា​កាន់​តែ​ធ្ងន់​ទៅ​ៗ ក៏​លែង​មាន​ពេល​យក​ចិត្ត​ទុក​ដាក់​​នឹង​គ្នា ក៏​ធ្វើ​ឲ្យ​ឃ្លាត​កាយ​ណាយ​ចិត្ត។

៤. ចង់​ឃើញ​លទ្ធផល​លឿន​ពេក

អ្នក​គ្មាន​ភាព​អំណត់​ក្នុង​ការ​រង់​ចាំ​ទិន្នផល​ក្នុង​រឿង​មនោសញ្ចេតនា។ គ្រាន់​តែ​ស្រលាញ់​គ្នា​មិន​ទាន់​បាន​ប៉ុន្មាន​ផង អ្នក​ចង់​ឲ្យ​គេ​ចូល​ស្ដី ឬ​ត្រូវ​ធ្វើ​ការ​លះបង់​ធំ​ៗ​ឲ្យ​អ្នក​ជា​ដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ស្រងាក​ចិត្ត​លែង​ចង់​បន្ត​ទៀត។

៥. ​ចូលចិត្ត​ផ្លាស់​ប្ដូរ

ទាំង​យើង​ទាំង​គេ ចិត្ត​ងាយ​វៀចវេរ​ដោយសារ​រូបសម្បត្តិ​ខាង​ក្រៅ។ ដូច​មនុស្ស​មួយ​ចំនួន មាន​សង្សារ​ពេញ​សិទ្ធិ​ផង សង្សារ​បម្រុង ហើយ​សង្សារ​សាគួ​ថែម​ទៀត។ ពួក​គេ​អាច​ផ្លាស់​ប្ដូរ​ដៃគូ​បាន​គ្រប់​ពេល​វេលា តាម​តែ​ចិត្ត​ចង់។

៦. យើង​លែង​ឲ្យ​តម្លៃ​លើ​មនោសញ្ចេតនា

ដោយ​សារ​តែ​ងាយ​រក​បាន​ពេក រាល់​ចំណង​មនោសញ្ចេតនា​នៅ​ពេល​នេះ លែង​មាន​តម្លៃ​ខ្ពស់​ដូច​មុន ព្រោះ​គេ​យក​គ្នា​តែ​មួយ​ឆាវ​ៗ សប្បាយ​តែ​មួយ​គ្រា។ ដល់​ពេល​សប្បាយ​ចប់ ម្នាក់​ៗ​ក៏​ដើរ​ផ្លូវ​រៀង​ៗ​ខ្លួន៕

ចុចអាន៖

ប្រភព៖ Phunuonline ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម