ស្នេហាពេលអស់ស្រលាញ់គឺចប់ហើយ កុំបន្ទោសដោយសារតែអ្នកទី៣អី
- 2018-04-07 00:49:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហាពេលអស់ស្រលាញ់គឺចប់ហើយ កុំបន្ទោសដោយសារតែអ្នកទី៣អី
ហេតុអ្វីក៏យើងមិនព្រមគិតឲ្យវែងឆ្ងាយថា ប្រសិនបើគេនៅស្រលាញ់យើង ទោះបីជាជនទី៣នោះអស្ចារ្យប៉ុណ្ណាក៏មិនពង្វក់គេបានដែរ។ ផ្ទុយមកវិញ បើអស់ស្រលាញ់ហើយ ទោះជាជនទី៣មិនបង្ហាញខ្លួន ក៏គេរត់ទៅរកដែរ។
ខ្ញុំមានមិត្តភ័ក្ដិស្រីម្នាក់ នៅពេលដែលបែកបាក់ពីស្នេហារយៈពេល៥ឆ្នាំរបស់ខ្លួន នាងបានលាន់មាត់ថា៖ "តាមការពិត តាំងពីដើមមកគេគ្រាន់តែចាត់ទុកអញជារបស់លេងតែប៉ុណ្ណោះ"។ ស្នេហា៥ឆ្នាំនោះត្រូវបានបែកបាក់នៅពេលមានការបង្ហាញខ្លួនរបស់អ្នកទី៣ ហើយសង្សាររបស់នាងបានបែកពីនាងទៅតាមអ្នកទី៣នោះ។
នាងបានបញ្ចេញកំហឹងថា តាមការពិតរយៈពេលកន្លងមកនេះ គេមិនបានស្រលាញ់នាងទេ គ្រាន់តែលេងសើចនឹងនាងប៉ុណ្ណោះ ព្រោះគ្រាន់តែអ្នកទី៣បង្ហាញខ្លួនភ្លាម គេក៏ចោលនាងភ្លែត។ តែនាងបានភ្លេចហើយថា ដើម្បីនាងគេបានពលី និងលះបង់អ្វីខ្លះ។ គេធ្លាប់ឌុបនាងនៅលើម៉ូតូចាស់សព្វក្រុងពេលអ្នកទាំង២នៅរៀនសកល។ ជូននាងទៅញ៉ាំអីពេលនាងឃ្លាន ទាំងគេមិនមានលុយអ្វីច្រើន។ ចំណាយពេលស្ទើរទាំងអស់របស់ខ្លួននៅក្បែរនាង ពេលនាងថាអផ្សុក។
យល់ស្របថា ហេតុផលដែលគេបែកពីយើងនៅពេលនេះគឺមានអ្នកថ្មី តែមិនមែនដោយសារតែដូចនេះ អាចសង្ស័យភាពស្មោះត្រង់របស់គេនៅអតីតកាលដែលធ្លាប់ផ្ដល់ឲ្យយើងបានឡើយ។
ខ្ញុំក៏ធ្លាប់សង្ស័យច្រើនចំពោះមនោសញ្ចេតនារបស់មនុស្សម្នាក់ដែលធ្លាប់បោះបង់ខ្ញុំចោលដែរ។ ប៉ុន្តែនៅពេលដែលគិតដល់រឿងដែលគេធ្លាប់ធ្វើសម្រាប់ខ្ញុំ ទើបខ្ញុំដឹងថា មនោសញ្ចេតនាដែលគេមានសម្រាប់ខ្ញុំនោះគឺពិតប្រាកដ ហើយអ្នកទី៣ដែលបង្ហាញខ្លួន គឺគ្រាន់តែចំពេលដែលគេអស់ស្រលាញ់ខ្ញុំតែប៉ុណ្ណោះ មិនមែនគេលេចឡើងដណ្ដើមពីខ្ញុំទេ។ កុំបន្ទោសឬទៅរករឿងអ្នកទី៣អី ព្រោះបើមិនមែនជាគេ ក៏មានជនទី៣រាប់ពាន់នាក់ទៀតនៅខាងក្រៅដែរ។ បញ្ហាចម្បងនៅទីនេះនោះគឺ ជនទី៣គ្រាន់តែលេសដើម្បីបញ្ចប់ រីឯការពិតនោះគឺគេអស់ចិត្តជាមួយយើងហើយ ៕