ចង់ដើរលេងសប្បាយថ្ងៃចូលឆ្នាំ ត្រូវដឹងវិធីការពារខ្លួនទាំងនេះ នៅកន្លែងមនុស្សច្រើន
- 2018-04-10 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដើរលេងសប្បាយថ្ងៃចូលឆ្នាំ ត្រូវដឹងវិធីការពារខ្លួនទាំងនេះ នៅកន្លែងមនុស្សច្រើន
នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំខ្មែរនឹងចូលមកដល់។ ក្នុងឱកាសដ៏ពិសេសនោះ បងប្អូនប្រជាពលរដ្ឋខ្មែរពិតជាបានទៅស្រុកកំណើត និងទៅលេងនៅតាមទីរមណីយដ្ឋានផ្សេងៗគ្នា។ ដើម្បីការពារខ្លួនពីគ្រោះចៃដន្យ ដែលកើតឡើងពេលទៅដើរលេងមានមនុស្សច្រើន អ្នកគួរតែអនុវត្តន៍ដូចខាងក្រោម៖
១.ដើរលេងត្រូវមានគ្នាច្រើន
ពេលចូលកន្លែងមានមនុស្សកកកុញ អ្នកពិតជាងាយស្រួលច្រើន ព្រោះមានគ្នីគ្នាច្រើនអ្នកដទៃមិនហ៊ានបន្លំប៉ះពាល់រាងកាយឡើយ ហើយអ្នកក៏អាចមានសុវត្ថិភាពពីជនឆ្លៀតឱកាសលូកហោប៉ៅបានដែរ។ មួយវិញទៀតគួរតែបបួលមិត្តភ័ក្ដិ ឬបងប្អូនប្រុសៗឲ្យច្រើន ទៅជាមួយ។
**២.នៅឲ្យឆ្ងាយពីកន្លែងមានចរន្តអគ្គិសនី**
ការដើរលេង ត្រូវមើលស្ថានភាពកន្លែងឲ្យបានល្អិតល្អន់ ជៀសវាងប៉ះកន្លែងមានចរន្តអគ្គិសនី ដូចជាបង្គោលភ្លើង ព្រីភ្លើង ជាដើម។ ប្រសិនបើឃើញមានចរន្តអគ្គិសនី អ្នកគួរតែកុំទៅក្បែរ ឬឆ្លងកាត់អី ព្រោះខ្លាចមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ជាពិសេសកន្លែងគេលេងជះទឹក។
៣.កុំពាក់គ្រឿងអលង្ការមានតម្លៃ
ដើរលេងកន្លែងមានមនុស្សច្រើន អ្នកមិនគួរពាក់របស់របរមានតម្លៃដូចជាខ្សែក ខ្សែដៃចិញ្ចៀន ឬក្រវិលទេ។ ព្រោះពេលខ្លះអ្នកអាចដើរទៅទាក់នឹងអ្វីមួយ បណ្ដាលឲ្យដាច់បាត់ជាអាសាបង់ក៏ថាបាន បើមិនដូច្នោះទេអាចមានមនុស្សអាក្រក់ ឆ្លៀតឱកាសនេះចាំបន្លំបេះយកទៅ ពេលចង្អៀត។ មួយវិញទៀតបើអ្នកស្ពាយកាបូបក្រោយ គួរយកមកដាក់នៅខាងមុខ ព្រោះខ្លាចមានជនខិលខូចលូកយកដោយមិនឲ្យដឹងខ្លួន
៤.មានថ្នាំសង្កូវផ្សេងៗ
នៅកន្លែងមានមនុស្សច្រើនងាយនឹងប្រឈមមុខជាមួយជំងឺភ្លាមៗដូចជាឈឺក្បាល វិលមុខ ក្ដៅខ្លួន ឈឺ ឬចុកពោះ រាករូស និងរបួសផ្សេងៗ។ ដូចនេះត្រូវត្រៀមថ្នាំមួយចំនួន ដែលអាចបន្ថយអាការៈទាំងនោះបានដោយខ្លួនឯង។ បន្ទាប់មកស្វែងរកមន្ទីរពេទ្យដែលនៅក្បែរលោកអ្នកបំផុត
៥.លេខទូរស័ព្ទភ្នាក់ងារផ្សេងៗ
កន្លែងមនុស្សច្រើនងាយមានឧប្បត្តិហេតុផ្សេងៗណាស់ ដូចនេះគួរតែមានលេខទូរស័ព្ទភ្នាក់ងារផ្សេងៗ ដែលអាចជួយសង្គ្រោះអ្នកពេលជួបអាសន្ន។ មួយវិញទៀតអ្នកក៏គួរតែ save លេខបងប្អូនដែលអាចពឹងពាក់បាន គ្រាមានបញ្ហា ដើម្បីផ្ដល់ដំណឹងដល់គ្រួសារជាបន្ទាន់៕