កុំទាន់បញ្ចប់ទំនាក់ទំនងទាំងតក់ក្រហល់ បើដៃគូនៅមានចំណុចល្អ ៦ យ៉ាងនេះ
- 2018-04-03 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់បញ្ចប់ទំនាក់ទំនងទាំងតក់ក្រហល់ បើដៃគូនៅមានចំណុចល្អ ៦ យ៉ាងនេះ
អ្នកប្រហែលគិតថា អ្នកអាចរកបានមនុស្សល្អថ្មីផ្សេងទៀត បន្ទាប់ពីអ្នកបញ្ចប់ទំនាក់ទំនងដែលកំពុងប្រេះស្រាំមួយនេះ។ ជាការពិត កម្ទេចអ្វីមួយ គឺស្រួលជាងជួសជុលវាឆ្ងាយណាស់ យ៉ាងណាមិញ ដើម្បីកុំឲ្យមានវិប្បដិសារីនៅថ្ងៃក្រោយ អ្នកត្រូវពិចារណាឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តរឿងដ៏សំខាន់បែបនេះ។ ស្វែងរកសញ្ញាទាំង ៦ ខាងក្រោម ព្រោះវាជួយអ្នកឲ្យដឹងថា គាត់នៅតែជាជម្រើសប្រសើរដែលអ្នកមិនគួរបោះបង់ចោលឡើយ៖
១.អ្នកនិងគាត់ស៊ីចង្វាក់គ្នារឿងលើគ្រែ
តាំងពីចាប់ដៃគ្នាជាគូមក អ្នកទាំងពីរមិនដែលជួបបញ្ហារឿងលើគ្រែឡើយ។ គាត់ជាមនុស្សដែលពូកែ និងចេះសម្របសម្រួលរឿងមួយនេះបានយ៉ាងល្អបំផុត។ តើអ្នកប្រាកដទេថា ប្រសិនបែកពីគាត់ទៅអ្នកអាចរកមនុស្សដែលល្អស្មើគាត់បាន?
២.ឈ្លោះគ្នាតែរឿងតូចតាចប៉ុណ្ណោះ
អ្នកចង់មើលរឿងភាគ ប៉ុន្តែគាត់ចង់មើលបាល់ទាត់! អ្នកចូលចិត្តញ៉ាំបន្លែ ប៉ុន្តែគាត់ចូលចិត្តញ៉ាំសាច់! ពេលខ្លះអ្នកហត់នឿយជាមួយរឿងតូចតាចបែបនេះខ្លាំងពេក ក៏លែងចង់បន្តទៅទៀត។ ប៉ុន្តែសួរខ្លួនឯងថា ចំពោះបញ្ហាធំៗដូចជា តម្លៃនៃជីវិត ជំនឿ ក្រមសីលធម៌ តើអ្នកទាំងពីរដែលមានគំនិតប្រឆាំងគ្នាទេ? បើមិនមានទេ វាជារឿងល្អណាស់។ ឈប់ខ្វល់ខ្វាយជាមួយជម្លោះកំប៉ិកកំប៉ុកទាំងប៉ុន្មានទៅ រួចព្យាយាមស្រុះស្រួលតាមគ្នាខ្លះទៅ។
៣.ក្បែរគ្នាអ្នករឹងមាំខ្លាំង ជាងពេលឆ្ងាយគ្នា
គាត់ជាមនុស្សដែលពូកែក្នុងការជំរុញអ្នកឲ្យក្លាយជាមនុស្សប្រសើរ មានសមត្ថភាព រឹងមាំ និងឆ្លាតវៃម្នាក់។ នៅក្បែរគាត់ អ្នកមានអារម្មណ៍កក់ក្ដៅ ព្រោះគាត់តែងមើលថែសុខភាព ផ្លូវកាយ ផ្លូវចិត្តអ្នកបានយ៉ាងល្អ។ សូមកុំឲ្យចិត្តឆេវឆាវមួយពេលរបស់អ្នក ធ្វើឲ្យអ្នកស្ដាយក្រោយមួយជីវិតឲ្យសោះ។
៤.គាត់តែងតែគាំទ្រក្ដីស្រមៃរបស់អ្នក
ពេលអ្នកនិយាយថា ចង់ឈប់ធ្វើការ រួចទៅបើកហាងលក់សម្លៀកបំពាក់វិញ គាត់ក៏គាំទ្រពេញទំហឹង និងជួយជ្រោមជ្រែងអ្នកអស់ពីលទ្ធភាព។ និយាយរួមគាត់មិនដែលមើលស្រាលក្ដីស្រមៃអ្នកឡើយ មានតែព្យាយាមជួយអ្នកឲ្យសម្រេចវាបានឆាប់រហ័ស។
៥.បានកសាងអ្វីមួយរួមគ្នា
ប្រសិនអ្នក និងដៃគូបានប្រឹងប្រែងកសាងអ្វីមួយរួមគ្នាដូចជា៖ គ្រួសារដែលពោរពេញដោយក្ដីស្រឡាញ់ មុខជំនួញ ឬគម្រោងនានា អ្នកមិនគួរបញ្ចប់ទំនាក់ទំនងជាមួយគាត់សោះឡើយ។ នៅពេលអ្នកបែកផ្លូវគ្នា អ្នកនឹងឃើញដានជើងគាត់នៅគ្រប់ទីកន្លែងទាំងនោះ ហើយវាពិតជារឿងឈឺចាប់ ពិបាកកាត់ចិត្តខ្លាំងណាស់។
៦.គាត់មានឆន្ទៈផ្សះផ្សាទំនាក់ទំនងនេះឲ្យល្អឡើងវិញ
នៅពេលដែលមានបញ្ហាកើតឡើង គាត់តែងតែបង្ហាញក្ដីព្រួយបារម្ភ និងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការកែខៃកំហុសគ្រប់យ៉ាង ដើម្បីឲ្យស្នេហាមួយនេះឆ្លងផុតទុក្ខភ័យ។ ទោះបីវាធ្វើឲ្យគាត់ស្មុគស្មាញខ្លាំងប៉ុណ្ណា ក៏គាត់នៅតែតស៊ូរក្សាចិត្ត ព្យាយាមជួសជុល ទំនាក់ទំនងនេះឲ្យដើរទៅមុខជានិច្ច៕
Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
ចុចអាន៖ស្រលាញ់គ្នាសម័យទំនើបហើយ ស្រីៗកុំប្រកាន់ខ្ជាប់គំនិតហួសសម័យទាំងនេះទៀតអី