សញ្ញា ៥ យ៉ាង​បញ្ជាក់​ថា​ទំនាក់ទំនង​ខ្ទេចខ្ទី​មួយ​នេះ នៅ​មាន​ឧកាស​សង្គ្រោះ​ឡើង​វិញ

  • 2018-03-31 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សប្បាយ និង​ទុក្ខ​គឺ​ជា​រឿង​ពីរ​ដើរ​ទន្ទឹម​គ្នា​ក្នុង​ទំនាក់ទំនង​ស្នេហា។ គ្រាន់​តែ​ថា តើ​ភាគី​ទាំងសងខាង​អាច​បញ្ចៀស​ទុក្ខសោក​ទាំង​នោះ​បាន​ច្រើន​កម្រិត​ណា។ ប្រសិន​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​តឹងតែង ព្រោះ​ស្នេហា​កំពុង​តែ​ជួប​វិបត្តិ​ជិត​ដើរ​ដល់​ផ្លូវ​បែកបាក់ និង​មិន​ដឹង​ថា​គួរ​តែ​តស៊ូ​បន្ត ឬ​បញ្ចប់ ចូរ​ស្វែង​រក​សញ្ញា​ទាំង​៥ ខាង​ក្រោយ។ ដរាប​ណា​អ្នក​មាន​​​ចំណុច​ទាំង​នេះ អ្នក​គួរ​តែ​ផ្ដល់​ឧកាស​ឲ្យ​គ្នា ដើម្បី​សង្គ្រោះ​​ស្នេហា​​​​​ដែល​ខ្ទេចខ្ទី​ត្រឡប់​មក​វិញ៖

១.អ្នក​នៅ​តែ​ជឿជាក់​លើ​​គាត់

ភាព​ស្និទ្ធស្នាល​កើតឡើង​ដោយសារ​តែ​ភាព​ជឿជាក់ ហើយ​ភាព​ជឿជាក់​កើតឡើង​ដោយសារ​តែ​អ្នក​ហ៊ាន​បើក​ចំហ​អារម្មណ៍​ពិត​អំពី​តម្រូវការ​ផ្ទាល់​ខ្លួន​​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​ជា​ពេល​នេះ​ដៃ​គូ​អ្នក​មិន​ទាន់​ក្លាហាន​គ្រប់គ្រាន់ មិន​ហ៊ាន​បណ្ដោយ​ខ្លួន​ឲ្យ​ស្និទ្ធស្នាល​ខ្លាំង​ជាមួយ​អ្នក​វិញ ប៉ុន្តែ​អ្នក​នៅ​តែ​មាន​ជំនឿ​ថា​ក្រោយ​ឆ្លងកាត់​ពេល​វេលា​យូរ​ជាមួយ​គ្នា គាត់​នឹង​ផ្លាស់ប្ដូរ​ជា​មិន​ខាន។

២.ឆ្លងផុត​ឧបសគ្គ ជាមួយ​ការ​គោរព កោត​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក

ឧបសគ្គ​តូច​ធំ​គ្រប់​យ៉ាង​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់​តែ​រឹងមាំ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អ្នក​ទាំង​ពីរ​មិន​ដែល​បោះបង់​គ្នា​ចោល​ម្ដង​ណា​ទេ ទោះ​ជា​ស្ថិត​ក្នុង​​ស្ថានភាព​លំបាក តឹងតែង​ប៉ុណ្ណា​ក៏​ដោយ។ ប្រសិន​បើ​អ្នក​នៅ​តែ​សម្លឹង​​​ឃើញ​គូ​ស្នេហ៍​អ្នក​ជា​មនុស្ស​គួរ​ឲ្យ​គោរព ក្លាហាន គួរ​ឲ្យ​ចង់​នៅ​ក្បែរ មាន​ន័យ​ថា​អ្នក​នៅ​តែ​ត្រូវការ​គាត់​ខ្លាំង​ដដែល។

៣.អ្នក​នៅ​តែ​ជឿ​លើ​ឥទ្ធិពល​ស្នេហា​ពិត

អ្នក​​គិត​ថា​ស្នេហា​ពិត​លើ​លោក​នៅ​តែ​មាន។ ឱប ថើប​គាត់ អង្អែល​ស្មា​គាត់ ព្រួយ​បារម្ភ​​ពី​គាត់ ផ្ដល់​ក្ដី​ស្រឡាញ់​ដល់​គាត់​ឲ្យ​បាន​ច្រើន ញឹកញាប់​ជាង​មុន ប្រាកដ​ជា​​ធ្វើ​ឲ្យ​របួស​ស្នាម​​ទាំង​ឡាយ ជា​សះ​ស្បើយ​ដោយ​ឯកឯង​​ជា​មិន​ខាន។ ពេល​វេលា និង​ក្ដី​ស្រឡាញ់​ពិត​ជា​ឱសថ​ទិព្វ​អាច​ព្យាបាល​ផ្លូវ​ចិត្ត​អ្នក​ទាំង​ពីរ​ឲ្យ​ប្រសើរ​ឡើង​​​ក្នុង​ពេល​ឆាប់ៗ។

៤.អ្នក​ទទួល​ស្គាល់​ថា អ្នក​ក៏​រួម​ចំណែក​ខុស​ដែរ

ស្នេហា​បង្កើត​ឡើង​ដោយ​មនុស្ស​ពីរ​នាក់ ប្រសិន​បើ​វា​ត្រូវ​បាន​បញ្ចប់​ដោយសារ​បញ្ហា​ណា​មួយ ទាំងពីរ​នាក់​សុទ្ធ​តែ​មាន​ចំណែក​ខុស​រៀង​ៗ​ខ្លួន។ ដើម្បី​ជួសជុល​ភាព​ប្រេះឆា​នោះ អ្នក​ត្រូវ​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​ជា​មុន​សិន រួច​​​ចាប់ផ្ដើម​និយាយ​​ពាក្យ​៤​ឃ្លា​នេះ៖ “ឲ្យ​ខ្ញុំ​សូមទោស លើកលែង​ទោស​ឲ្យ​ខ្ញុំ​​ផង អគុណ​ច្រើន និង​ខ្ញុំ​ពិត​ជា​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់”។

៥.ស្រមៃ​ដល់​ថ្ងៃ​ដែល​​​គ្មាន​គ្នា​នៅ​ក្បែរ​ត​ទៅ​ទៀត

សាក​ស្រមៃ​ថា បន្ទាប់​ពី​អ្នក​បែក​គ្នា​ហើយ តើ​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា? សប្បាយ​ចិត្ត ឬ​ក៏​ពិបាក​ចិត្ត? រស់នៅ​ដោយ​របៀប​ណា? ប្រសិន​​ភាព​សោកសៅ ធុញថប់ ឯកោ កណ្ដោចកណ្ដែង ភ័យ​ខ្លាច​តែងតែ​តាម​លង​បន្លាច​អ្នក​គ្រប់​ពេល​គ្មាន​គាត់​នៅ​ក្បែរ ច្បាស់​ណាស់​​ថា អ្នក​មិន​ទាន់​អស់​និស្ស័យ​ស្នេហ៍​ជាមួយ​គាត់​ទេ៕

ចុចអាន៖ក្រោយ​បែកបាក់​ស្នេហា ​៥​សញ្ញា​នេះ​បញ្ជាក់​ថា​អ្នកកំពុងត្រៀមបើកបេះដូងសា​ជាថ្មី

ប្រភព៖ powerofpositivity អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម