ចង់​ដឹង​ថា​ខ្លួន​ឯង​​មាន​ផ្ទៃពោះ​ ឬ​ក៏​អត់ ពិនិត្យមើល​សញ្ញា​ទាំង​នេះ​

  • 2018-02-02 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​សញ្ញា​មួយ​ចំនួន​ក៏​អាច​បង្ហាញ​ពី​ការ​មាន​ផ្ទៃពោះ​បាន​ដែរ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់សង្កេត​ឲ្យ​មែន​ទែន។ បើ​សិន​ជា​អ្នក​សង្កេត​ឃើញ​ថា​ខ្លួន​ឯង​មាន​សញ្ញា​ទាំង​នេះ នោះ​អ្នក​អាច​នឹង​មាន​ផ្ទៃ​ពោះ​ហើយ ៖

១. ខកខាន​ការមក​រដូវ

វាអាចជា​សញ្ញា​មួយ​ដែល​អាច​បញ្ជាក់​ថា​អ្នក​អាច​នឹង​មាន​ផ្ទៃ​ពោះ​ ប៉ុន្តែ​នេះ​គឺ​សម្រាប់​មនុស្ស​ស្រី​ដែល​មក​រដូវ​ទៀង​ទាត់​ប៉ុណ្ណោះ រីឯ​ស្ត្រី​ដែល​មក​មិន​ទៀង​វិញ​គឺ​មិន​អាច​សន្និដ្ឋាន​តែ​ចំណុច​នេះ​មួយ​ទេ​ គឺ​ត្រូវ​មើល​លើ​ចំណុច​ជា​ច្រើន​ទៀត។

២. ឈឺចាប់​ក្នុង​សុដន់ ឬប្រែ​ប្រួល​ទម្រង់​នៃ​សុដន់

អ្នក​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ឈឺតិចៗចាប់ ឬ​ស្រគាលក្នុង​សុដន់​ដែល​ហាក់​ដូច​ជា​អារម្មណ៍​មុន​ពេល​មក​រដូវ​ដែរ ប៉ុន្តែ​វា​បន្ត​កើន​ឡើង​ជា​លំដាប់ ហើយសុដន់​របស់​អ្នក​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​រូបរាងដើម្បី​ផលិត​ទឹក​ដោះ។ សញ្ញា​នេះ​ក៏​អាច​បញ្ជាក់​ថា​អ្នក​នឹង​អាច​មាន​ផ្ទៃ​ពោះ​ផង​ដែរ។

៣. អស់​កម្លាំង​ ល្ហិតល្ហៃ

អ្នក​មាន​អារម្មណ៍​ថា​អស់​កម្លាំង​នៅ​ដើម​សប្ដាហ៍ ហើយ​បន្ត​រហូត​ដល់​សប្ដាហ៍​បន្ទាប់​ៗ​ទៀត ដោយ​សារ​តែ​ការ​កើន​ឡើង​កម្រិត​នៃ​ប្រូសេស្តេរ៉ូ​។

៤. មាន​អារម្មណ៍​ចង់​ក្អួត ឬ ក៏​ក្អួត​តែ​ម្ដង

វា​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ ព្រោះ​នៅ​ពេល​ដែល​មាន​ការ​បង្ក​កំណើត​នៅ​រវាង​ពីរ​និង​បួន​សប្ដាហ៍​ អ្នក​អាច​មាន​អារម្មណ៍​ថា​ចង់​ក្អួត​ ដែល​ហៅ​ការ «​ការ​ចាញ់​កូន» ​ដែល​អាច​មាន​រយៈ​ពេល​​ត្រឹម​តែ​ត្រី​មាស​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ​បន្ទាប់​មក​វា​នឹង​ត្រឡប់​ទៅ​ជា​ធម្មតា​វិញ។

៥. នោម​ញឹក​ញាប់

អំឡុង​​​ពេល​មាន​ផ្ទៃពោះ​ ស្ត្រី​មាន​ការ​កើន​ឡើង​ជាតិទឹក​នៅ​ក្នុង​រាងកាយ​ ​ហើយ​តែង​តែ​មាន​អារម្មណ៍​ចង់​នោម​ច្រើន​ជាង​ថ្ងៃ​ធម្មតា ក៏​ព្រោះ​តែ​ការ​​កើន​ឡើង​​ជាតិ​ទឹក​ដែល​បណ្ដាល​​ត្រូវ​ការ​បន្ថែម​ដើម្បី​ទៅ​ដំណើរ​ការ​​​ក្នុង​តម្រង​នោម​និង​ចូល​ទៅ​ក្នុង​ប្លោក​នោម ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​បែប​នេះ។

៦. ឡើង​ក្បាល​ពោះ ឬ ហើម​ពោះ

បើ​មើលទៅពោះ​របស់​អ្នក​កាន់​តែធំ​ទៅ​ៗ ស្លៀក​អី​ចេះ​តែ​តឹង ចេះតែ​ចង្អៀត តែ​អ្នក​មិន​បាន​ចាប់​អារម្មណ៍​ថា​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​ទេ ព្រោះ​ប្រហែល​គិត​ថា​ជា​ការ​ឡើង​ទម្ងន់។ តែ​វា​ក៏​អាច​ជា​ការ​កើន​ឡើង​នៃ​ស្បូន​នៅ​ពេល​ដែល​ទារក​ចាប់​កំណើត។

៧. ឈឺក្បាល​ ឬ​ ឈឺ​ចង្កេះ​

វា​អាច​នឹង​មាន​បញ្ហា​នេះ​នៅ​ដំណាក់កាលដំបូង ព្រោះអ័រម៉ូន​ពេល​ខ្លះ​អាច​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​ឈឺក្បាល ការ​ឈឺ​ ឬ រោយ​ ចង្កេះ​នៃ​រយៈ​ពេល​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ​។

បើអ្នក​កំពុង​តែ​ពិនិត្យឃើញសញ្ញា​ប៉ុន្មាន​ខាង​លើ​នេះ​វា​អាច​នឹង​ជា​សញ្ញាដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ​ ដូច្នេះ​ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត អ្នក​គួរ​តែទៅ​​រ​ធ្វើ​តេស្ត ជា​មួយ​គ្រូ​ពេទ្យ​ដែល​មាន​ជំនាញ​៕

ប្រភព៖ healthcentral ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម
អត្ថបទថ្មី