៧ចំណុចអ្នកម្ដាយថ្មីថ្មោងគួរត្រៀម មុនដល់ពេលឆ្លងទន្លេ
- 2018-01-10 01:15:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ចំណុចអ្នកម្ដាយថ្មីថ្មោងគួរត្រៀម មុនដល់ពេលឆ្លងទន្លេ
តើអ្នកកំពុងមានផ្ទៃពោះ ហើយជិតដល់ពេលសម្រាលមែនទេ? តើអ្នកកំពុងអន្ទះសាចង់ឃើញមុខកូនជាទីស្រលាញ់ និងកំពុងគិតគូរពីការត្រៀមលក្ខណៈ មុនពេលពួកគេបង្ហាញខ្លួនទទួលពន្លឺព្រះអាទិត្យមែនទេ? ថ្ងៃនេះ កញ្ញានឹងបង្ហាញពីចំណុចសំខាន់មួយចំនួនដែលអ្នកត្រូវរៀបចំឱ្យបានស្រេចបាច់ មុនទទួលយកសមាជិកថ្មីដ៏គួរឱ្យស្រលាញ់នោះ៖
១- គិតពីមន្ទីរពេទ្យដែលត្រូវសម្រាល៖
គួរគិតពីមន្ទីរពេទ្យដែលអ្នកចង់ទៅសម្រាលឱ្យបានមុន ដើម្បីកុំឱ្យតក់ក្រហល់ និងមិនមានគោលដៅច្បាស់លាស់។ គួរជ្រើសរើសមន្ទីរពេទ្យ ឬសម្ភពណាដែលនៅជិតផ្ទះដើម្បីងាយស្រួលធ្វើដំណើរ ក្នុងករណីចាំបាច់ ដូចជាកូនកើតមុនពេលកំណត់ ឬដល់ពេលកំណត់តែគ្មានអ្នកនៅផ្ទះជាដើម។ មួយវិញទៀត អ្នកគួរសិក្សា ឬសាកសួរបទពិសោធន៍ពីសាច់ញាតិដែលធ្លាប់ឆ្លងកាត់រឿងនេះ ដើម្បីជ្រើសរើសមន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ និងជាទីទុកចិត្ត។
២- ត្រៀមឈ្មោះកូនដើម្បីធ្វើសំបុត្រកំណើត៖
បើអាច គួរពិភាក្សាគ្នាជាមួយប្ដីប្រពន្ធរកឈ្មោះដាក់ឱ្យកូនឱ្យហើយ ព្រោះក្រោយសម្រាលរួច គ្រូពេទ្យត្រូវការឈ្មោះទារកដើម្បីបំពេញបែបបទ ជាពិសេសសម្រាប់ការធ្វើសំបុត្រកំណើតដែលជាធម្មតា ត្រូវធ្វើឡើងមិនឱ្យលើស៣០ថ្ងៃ ក្រោយពេលសម្រាល។
៣- ទិញសម្ភារៈសម្រាប់កូនឱ្យរួចរាល់៖
គួរធ្វើបញ្ជីមួយទាក់ទងនឹងរបស់របរដែលកូនតូចត្រូវប្រើ ក្រោយកើតចេញមក ឱ្យបានយ៉ាងហោចណាស់២សប្ដាហ៍មុនពេលសម្រាល។ ចៀសវាងជិតដល់ពេលកើត ទើបទៅទិញនេះទិញនោះ មិនមានបញ្ជីច្បាស់លាស់ ដែលអាចនាំឱ្យភ្លេចមុខភ្លេចក្រោយ ខាតពេលវេលា។ របស់សំខាន់សម្រាប់ ទារកដែលគួរមាន មានដូចជា កន្ទប ខោទឹកនោម ខោ អាវ មួក ស្រោមដៃស្រោមជើង កន្សែងតូចធំ ដបទឹកដោះគោ ក្រដាសសើម ក្រដាសស្ងួត ប្រេងខ្យល់ទារក ពូក មុង ខ្នើយ ជាដើម។
៤- ទិញសម្ភារៈសម្រាប់ម្ដាយ
ក្រៅពីសម្ភារៈទារក ម្ដាយក៏ត្រូវការរបស់មួយចំនួនបន្ទាប់ពីសម្រាលដែរ ដូចជា មួក ស្រោមជើង អាវដៃវែង ឬអាវក្រាសៗ សារុង ខោទឹកនោម ឬសំឡីអនាម័យជាដើម។ សម្រាប់សម្ភារៈទារកនិងម្ដាយ អ្នកអាចរកបាននៅតាមហាងលក់សម្ភារៈទាំងនេះ បើមិនចង់ដើរផ្សារគិតថាត្រូវទិញអ្វីខ្លះ ព្រោះហាងភាគច្រើនមានជាកញ្ចប់សម្រាប់ពេលមុនសម្រាលតែម្ដង។
៥- គិតឱ្យហើយថា អ្នកណាត្រូវមើលថែកូន៖
ការរកអ្នកមើលកូនគឺជារឿងសំខាន់ ព្រោះការមើលថែទារកមិនមែនជារឿងងាយស្រួលឡើយ ហើយដោយសារបច្ចុប្បន្ន ស្ត្រីនិងបុរសត្រូវចេញទៅរកប្រាក់ខាងក្រៅដូចគ្នា ដូច្នេះ ការពិភាក្សាគ្នាមុនពេលសម្រាលរយៈពេលយូរ អាចឱ្យប្ដីប្រពន្ធស្វែងរកដំណោះស្រាយព្រមព្រៀងគ្នា ចៀសវាងកូនកើតមក គ្មានអ្នកមើលថែ ភរិយាត្រូវបង្ខំចិត្តឈប់ធ្វើការ ឬត្រូវជួលអ្នកក្រៅមកមើលថែកូន តែមិនបានពិនិត្យនិងសម្ភាសឱ្យបានល្អិតល្អន់។
៦- រៀបគម្រោងផ្នែកហិរញ្ញវត្ថុឱ្យបានច្បាស់
ប្ដីប្រពន្ធគួរពិភាក្សាគ្នារៀបចំគម្រោងហិរញ្ញវត្ថុឱ្យហើយ តាំងពីចាប់ផ្ដើមពរពោះមកម្ល៉េះ ព្រោះអ្នកនឹងត្រូវការចំណាយច្រើនលើរបស់មួយចំនួនដែលអ្នកមិនធ្លាប់ចំណាយពីមុនមក។ វិធីនេះអាចឱ្យអ្នកទាំងពីរស្វែងយល់ពីលទ្ធភាពដែលកំពុងមាន និងការចំណាយនៅថ្ងៃមុខ ថាតើអាចទប់ទល់រួចឬយ៉ាងណា។ ក្រៅពីនេះ អ្នកទាំងពីរក៏អាចគ្រោងពីការសន្សំប្រាក់ដើម្បីអនាគតកូន ឬការបែងចែកទៅលើការសិក្សា និងរបស់របរចាំបាច់នានា។
៧- ត្រៀមចិត្តទទួលយកកូន ទោះបីកើតមកបែបណាក៏ដោយ
ក្នុងនាមជាម្ដាយឪពុក ការដែលទទួលបានសមាជិកថ្មី គឺជាពរដ៏ពិសិដ្ឋសម្រាប់ជីវិតអាពាហ៍ពិពាហ៍ ប៉ុន្តែអ្នកណាទៅដឹងថា ទារកដែលកើតមកនោះគ្រប់លក្ខណៈ ទាំងផ្នែករាងកាយ បញ្ញា ស្មារតីនោះ។ ត្រូវប្រាប់ខ្លួនឯងថា ទោះកូនកើតមកក្នុងសភាពបែបណា ក៏គេនៅតែជាកូនរបស់យើង ហើយការស្រលាញ់ក៏នៅតែមានចំពោះគេដដែល៕
ចុចអាន៖
ទម្លាប់១០ប្រការរបស់ឪពុកម្ដាយ ដែលអាចបំផ្លាញអនាគតកូនទាំងស្រុង
ទម្លាប់ចិញ្ចឹមកូនបែបនេះ ថ្ងៃក្រោយកុំបន្ទោសថាកូនពិបាកប្រដៅ