គន្លឹះ ៥ យ៉ាងរៀបចំសប្តាហ៍ថ្មីឱ្យរីករាយនិងស្រស់ស្រាយបំផុត

  • 2017-11-20 05:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់​ផ្តើម​សប្តាហ៍​ថ្មី​គឺ​ហាក់​បី​ដូច​ជា​ចាប់​ផ្តើម​ទំព័រ​ជីវិត​ថ្មី​អ៊ីចឹង​ ប្រសិន​បើ​អ្នក​ដឹង​ពី​គន្លឹះ​នៃ​ការ​រៀប​ចំ​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​ រីក​រាយ​និង​ពោរ​ពេញ​ទៅ​ដោយ​ភាព​ជឿ​ជាក់​។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ទាំង​ ៥ ​យ៉ាង​ដែល​ជួយ​អ្នក​ឱ្យ​ទទួល​បាន​រីករាយ​សម្រាប់​សប្តាហ៍​ថ្មី​នៃ​ខែវិច្ឆិកា​នេះ​៖

១. ចាប់​ផ្តើម​ពី​កន្លែង​ដែល​អ្នក​រស់​នៅ៖ ត្រូវ​រៀប​ចំ​កន្លែង​រស់​នៅ​របស់​អ្នក​ឱ្យ​មាន​សណ្តាប់​ធ្នាប់​ជា​មុន​សិន។ ​នៅ​ក្នុង​បន្ទប់​គេង​ត្រូវ​តែ​មាន​របៀប​រៀប​រយ​មិន​រញ៉េ​រញ៉ៃ​។ សូម្បី​តែ​តុ​ធ្វើ​ការ​ក៏​ត្រូវ​រៀប​ចំ​ឯកសារ​ឱ្យ​បាន​ល្អ​ដែរ កុំ​ឲ្យ​មាន​សំរាម​ឬ​កម្ទេច​កំទី​ក្រដាស​នៅ​លើ​តុ​ទេ​។

២. រៀប​ចំ​កាល​វិភាគ​៖ មិន​បាច់​ធ្វើ​វា​ឱ្យ​លម្អិត​ពេក​ក៏​បាន​ដែរ ​គ្រាន់​តែ​កត់​ទុក​ចំនុច​ធំ​ៗ​ដែល​អ្នក​គ្រោង​នឹង​ធ្វើ ​ដើម្បី​ជៀស​វាង​កុំ​ឱ្យ​ភ្លេច​មុខ​ភ្លេច​ក្រោយ។

រូបតំណាង

**៣.រំឮក​ខ្លួន​ឯង​ពី​គោល​ដៅ​ជីវិត​៖** គោលដៅ​ក្នុង​ជីវិត​របស់​អ្នក​គឺ​ជា​អ្វី​ដែល​ជម្រុញ​ទឹក​ចិត្ត​ឱ្យ​អ្នក​ធ្វើ​រឿង​គ្រប់​យ៉ាង​ដូច​សព្វ​ថ្ងៃ​នេះ ​ដូច្នេះ​មិន​ថា​ថ្ងៃ​ណា​ដែល​អ្នក​ពិបាក​ចិត្ត ​តានតឹង ចូរ​រំឮក​ខ្លួន​ឯង​ថា​ត្រូវ​តែ​ខំ​ប្រឹង​ដើម្បី​អ្វី​ដែល​ជា​ក្តី​ស្រមៃ​មួយ​នោះ​។ គោល​ដៅ​ជីវិត​របស់​អ្នក​ ប្រៀប​ដូច​ជា​កម្លាំង​ជម្រុញ​ចិត្ត​ដ៏​មហា​វិសាល​ នៅ​ពេល​ដែល​គិត​ដល់​វា​អ្នក​ច្បាស់​ជា​មាន​ស្នាម​ញញឹម​ជា​មិន​ខាន​ដរាប​ណា​អ្នក​មិន​មាន​ការ​បាក់​ទឹក​ចិត្ត​។

៤. ដើរ​ទិញ​របស់​ដែល​ត្រូវ​ការ​៖ សាក​គិត​ទៅ​មើល ​របស់​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​ការ​វា​ចាំ​បាច់​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​? ​កុំ​ច្រលំ​ណា​ ​របស់​ដែល​យើង​ចង់​បាន​និង​របស់​ដែល​យើង​ត្រូវ​ការ​ គឺ​វា​ខុស​គ្នា​។

៥. រក​អ្វី​ដែល​ជា​ការ​ជម្រុញ​ទឹក​ចិត្ត​៖ ជឿ​ថា​មនុស្ស​យើង​នរណា​ៗ​ក៏​មាន​ថ្ងៃ​បាក់​ទឹក​ចិត្ត​ដែរ​ ដូច្នេះ​អ្នក​អាច​សាក​ស្វែង​រក​គំនិត ​ឬ​វីដេអូ​ផ្សេង​ៗ ​ឬ​ពាក្យ​សម្តី​របស់​បុគ្គល​ជា​ Idol ​របស់​អ្នក​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​។ ការ​អាន​សៀវភៅ​ក៏​ជា​វិធី​សាស្ត្រ​មួយ​ដែល​ពេញ​និយម​ផង​ដែរ ​ប៉ុន្តែ​ចូរ​ស្វែង​រក​ប្រភេទ​សៀវភៅ​ណា​ដែល​អ្នក​ចូល​ចិត្ត​៕

ចុចអាន៖អ្នកនឹងក្លាយជាមនុស្សមានអំណោយ​ទាន បើមានចំណុចទាំងប៉ុន្មាននេះ

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា