៦វិធីសាស្រ្ត​ធ្វើ​ឲ្យ​មនុស្ស​ដែល​លែង​មាន​ជំនឿ​លើ​អ្នក​​ត្រលប់​មក​ជឿ​ជាក់​លើ​អ្នក​​​សា​ជា​ថ្មី

  • 2017-11-16 01:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ធម្មតា មនុស្ស​ដែល​​​ធ្លាប់​ត្រូវ​បាន​​គេ​​​ក្បត់ កុហក បោក​ប្រាស់ ប្រាកដ​ជា​ឈឺ​ចាប់​ខ្លាំង រហូត​ធ្វើ​ឲ្យ​ពួកគេ​រាង​ចាល លែង​​ហ៊ាន​​​ជឿ​ជាក់​​លើ​អ្នក​ណា​ត​ទៅ​ទៀត​។ ដូច្នេះ​ប្រសិន​អ្នក​បាន​​ធ្វើ​ឲ្យ​អ្នកណា​ម្នាក់​បាត់​បង់​ជំនឿ​លើ​អ្នក ឬ​ជួប​មនុស្ស​ដែល​​ធ្លាប់​ជួប​រឿង​​បែប​នេះ ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ដែល​អាច​ឲ្យ​អ្នក​ធ្វើ​ឲ្យ​ពួកគេ​មាន​ជំនឿ​លើ​អ្នក​សារ​ជា​ថ្មី​៖​

១. ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​អ្នក​

អ្នក​ត្រូវ​ទទួល​ស្គាល់​កំហុស​ចាស់ៗ ដែល​អ្នក​ធ្លាប់​ធ្វើ​ដាក់​ពួកគេ​។ ការ​​គ្រាន់​តែ​និយាយ​ពាក្យ​សុំទោស ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​ឈឺចាប់ ដោយ​យក​លេស​មួយ​ចំនួន​ធ្វើ​ជា​ហេតុផល ពិត​ជា​មិន​មែន​ជា​វិធី​ល្អ​នោះ​ទេ​។ អ្នក​គួរ​តែ​​សុំទោស​ដោយ​​ចេញ​​ពី​ចិត្ត​ស្មោះ​​ពិតៗ​ ទើប​អាច​ឲ្យ​ពួកគេ​លើក​ទោស​ឲ្យ​អ្នក​បាន​។​​

២. ស្វែងយល់​ថា​ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​រឿង​បែប​នោះ​​

បន្ទាប់​ពី​សុំទោស​រួច ពួកគេ​ប្រាកដ​ជា​ចោត​សួរ​អ្នក​វិញ​ថា​ហេតុអ្វី​​បាន​ជា​អ្នក​ធ្វើ​​រឿង​បែប​នោះ​ដាក់​ពួកគេ ដូចនេះ​អ្នក​ត្រូវ​ត្រៀម​ខ្លួន​​ឆ្លើយ​សំនួរ​មួយ​នោះ​ ដោយ​ប្រើ​ហេតុផល​ពិត​ប្រាកដ និង​ដែល​អាច​ទទួល​យក​បាន​។ ដូច្នេះ​អ្នក​ត្រូវ​ព្យាយាម​យល់​ពី​ខ្លួន​ឯង​ជា​មុន​​សិន ថា​អ្វី​ជា​កត្តា​​ដែល​ជំរុញ​​ឲ្យ​អ្នក​ធ្វើ​​បែប​នោះ​។​

៣. ពង្រឹង​ទំនាក់​ទំនង​

មនុស្ស​ដែល​បាត់​បង់​ជំនឿ​នឹង​​​ក្លាយ​​​ជា​មនុស្ស​ដែល​ការពារ​ខ្លួន​​​ឯង​​គ្រប់​ពេល​ ដូច្នេះ​ពួកគេ​ប្រាកដ​ជា​មិន​ងាយ​និង​សម្ដែង​អារម្មណ៍ ឬ​ចាប់​ផ្តើម​ទំនាក់ទំនង​ជាមួយ​អ្នក​ដោយ​​ស្ម័គ្រ​ចិត្ត​ឡើយ​​។ ដូច្នេះ​អ្នក​ត្រូវ​ទៅ​​ទាក់ទង​ពួកគេ​​មុន​ បង្ហាញ​ឲ្យ​ពួកគេ​ដឹង​ថា​អ្នក​ជា​មនុស្ស​បើក​ចំហ​ ​និង​ឲ្យ​​តម្លៃ​ចំពោះ​ពួកគេ​ខ្លាំង​។​

៤. ស្មោះត្រង់​ ​ ភាព​​ស្មោះត្រង់ មិន​និយាយ​ក្រឡេចក្រឡុច និយាយ​បែប​ណា​ធ្វើ​បែប​នោះ​ មិន​លលេង​អារម្មណ៍​​ពួកគេ អាច​ឲ្យ​អ្នក​ទទួល​បាន​ការ​​ជឿជាក់​​ឡើង​វិញ​បន្តិច​ម្តងៗ តែ​បើ​អ្នក​គ្មាន​ការ​ប្ដេជ្ញា​នឹង​រក្សា​ភាព​ស្មោះ​ត្រង់​​​ទេ អ្នក​ក៏​គ្មាន​ថ្ងៃ​ឲ្យ​យក​ឈ្នះ​លើ​ចិត្ត​ពួកគេ​ម្តង​ទៀត​​ដែរ​។​

៥. ទឹកចិត្ត​ល្អ​ ​​ ភាព​ស្មោះត្រង់​សំខាន់ តែ​ទឹក​ចិត្ត​ល្អ​ប្រពៃ​របស់​អ្នក​រឹត​តែ​សំខាន់​ខ្លាំង​ ក្នុង​ការ​ព្យាបាល​របួស​ដែល​ពួកគេ​​ធ្លាប់​​ឈឺ​ចាប់​កន្លង​មក​​។ ការ​យក​ចិត្ត​ទុក​ដាក់ ព្រួយ​បារម្ភ ជួយ​យក​​អាសា ដោយ​ស្មោះ​អស់​ពី​ចិត្ត យូរ​ឬ​ឆាប់​​ប្រាកដ​ជា​ធ្វើ​ឲ្យ​ពួកគេ​ផ្លាស់​ប្តូរ និង​ត្រលប់​មក​​​ចូល​ចិត្ត​អ្នក​វិញ​ជាក់​ជា​មិន​ខាន​។​

៦. អត់ធ្មត់​

ធ្វើ​ឲ្យ​​ចិត្ត​ដែល​ខ្ទេចខ្ទី​ព្រោះ​ការ​ក្បត់ ឬ​កុហក ត្រលប់​មក​ដូច​ដើម​ក្នុង​រយៈ​ពេល​មួយ​យប់​ សូម្បី​ទេវតា​ក៏​មិន​អាច​ធ្វើ​បាន​ដែរ​។ ដូច្នេះ​អ្នក​ត្រូវ​មាន​ការ​អត់ធ្មត់​គ្រប់គ្រាន់ ក្នុង​ការ​រង់ចាំ ដើម្បី​​ទុក​ពេល​ឲ្យ​ពួកគេ​​ព្យាបាល និង​រៀន​ក្នុង​ការ​ជឿ​លើ​អ្នក​​ម្តង​ទៀត​ ៕

ប្រភព៖ familyshare ប្រែសម្រួល៖ អូន បញ្ញា