រឿងសំខាន់១០យ៉ាងដែលអ្នកត្រូវបង្រៀនកូន មុនពួកគេអាយុ១០ឆ្នាំ
- 2017-11-13 02:02:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់១០យ៉ាងដែលអ្នកត្រូវបង្រៀនកូន មុនពួកគេអាយុ១០ឆ្នាំ
តួនាទីជាឪពុកម្តាយគឺតម្រូវឲ្យអ្នកមានការទទួលខុសត្រូវខ្ពស់ចំពោះអនាគតកូនៗរបស់អ្នក។ ឪពុកម្តាយណាក៏ចង់ឲ្យកូនរបស់ខ្លួនក្លាយជាមនុស្សល្អ ស្មោះត្រង់ មានគុណធម៌ និងក្លាហាន នៅពេលពួកគេធំឡើងដែរ។ អត្តចរិតល្អៗបែបនោះ មិនមែនចេះតែកើតឡើងឯកឯងទេ។ ខាងក្រោមនេះគឺជារឿងសំខាន់១០យ៉ាងដែលអ្នកត្រូវបង្រៀនកូន មុនពួកគេអាយុ១០ឆ្នាំ៖
១០. កូនត្រូវគោរពមនុស្សឲ្យស្មើៗគ្នា មិនថាស្រី ឬក៏ប្រុសទេ
ការប្រដៅកូនកុំឲ្យឈ្លើយដាក់ក្មេងស្រី គឺជារឿងល្អ ប៉ុន្តែវាដូចជាលំអៀងបន្តិច។ អ្នកគួរប្រាប់កូនថា កុំឲ្យឈ្លើយទៅកាន់មនុស្សគ្រប់គ្នា មិនថាប្រុស ឬស្រី អាយុតិច ឬអាយុច្រើនឡើយ។
៩. មិនត្រូវឲ្យកូនខ្លាចក្នុងការបង្កើតកំហុស
មនុស្សណាក៏ចេះធ្វើខុសដែរ ដូច្នេះអ្នកមិនត្រូវស្តីបន្ទោសពួកគេទេ។ ផ្ទុយទៅវិញអ្នកគួរលើកទឹកចិត្តពួកគេ ឲ្យពួកគាត់ចេះស្គាល់កំហុសខ្លួនឯង រៀនសូត្រ ព្រមទាំងកែប្រែកំហុសទាំងនោះឲ្យប្រសើរឡើងវិញ។
៨. ចំណេះដឹងគឺសំខាន់ជាងចំណាត់ថ្នាក់
ពេលកូនរៀនមិនបានចំណាត់ថ្នាក់ល្អ ឪពុកម្តាយមួយចំនួនខឹងសម្បា ហើយព្យាយាមដាក់សម្ពៀតឲ្យកូនប្រឹងបន្ត។ ប៉ុន្តែអ្នកគួរតែប្រាប់កូនថា ចំណាត់ថ្នាក់មិនសំខាន់ដល់ចំណេះដឹងទេ។ ធ្វើដូច្នេះទើបកូនអ្នកគ្មានសំពាធផ្លូវចិត្ត។
៧. កុំឲ្យកូនខ្លាចអ្នកខ្លាំង
ប្រសិនបើអ្នកប្រើអំណាចជាឪពុកម្តាយខ្លាំងពេក កូនប្រាកដជាខ្លាចអ្នកខ្លាំង បាត់បង់ភាពស្និតស្នាល ឬការជឿជាក់ចំពោះអ្នក។ អ្នកត្រូវធ្វើជាឪពុកម្តាយផង ធ្វើជាមិត្តភ័ក្ដិផង ជៀសវាងការស្រែកគំហក ឬស្តីប្រដៅជ្រុលហួសហេតុពេក។
៦. បង្រៀនកូនឲ្យមានជំហរផ្ទាល់ខ្លួន
ពន្យល់ប្រាប់កូនថាការគោរពអ្នកដទៃពិតជាសំខាន់ ប៉ុន្តែកូនក៏ត្រូវមានគោលជំហរផ្ទាល់ខ្លួន ការពារខ្លួនឯង ចេះតស៊ូមតិ ប្រឆាំងដាច់ខាតចំពោះរឿងអយុត្តិធម៌ ឬរឿងដែលកូនគិតថាមិនត្រឹមត្រូវ ដូច្នេះទើបកូនអ្នកមិនក្លាយជាមនុស្សបាក់ស្បាតនៅពេលពួកគេធំឡើង។
៥. កុំធ្វើរឿងដែលខ្លួនឯងមិនចូលចិត្ត ដើម្បីយកចិត្តអ្នកណាម្នាក់
ក្មេងតែងចង់បានប្រជាប្រិយភាព ពីមិត្តភ័ក្ដិរបស់ពួកគេ ដូច្នេះពួកគេព្យាយាមគ្រប់បែបយ៉ាងដើម្បីទទួលបានការចាប់អារម្មណ៍ និងរក្សាមិត្តភាពនោះ។ អ្នកត្រូវប្រាប់កូនថា ការធ្វើរឿងដែលក្បត់ឧត្ដមគតិខ្លួនឯង ដើម្បីផ្គាប់ចិត្តអ្នកណាម្នាក់គឺជារឿងអាម៉ាស់ និងមិនគួរធ្វើដាច់ខាត។
៤. ប្រសិនបើមិនយល់ ត្រូវតែសួរ
ការសួរសំនួរគឺជារឿងធម្មតា នៅពេលដែលយើងឆ្ងល់។ ការធ្វើពុតជាដឹង និងយល់គ្រប់យ៉ាង ទាំងដែលខ្លួនមិនយល់ទើបជារឿងចម្លែក។ កុមារភាពគឺជាវ័យដែលល្អបំផុតសម្រាប់ការរៀនសូត្រ ស្វែងយល់ និងសួរសំនួរ។
៣. ប្រាប់គ្រូ ប្រសិនបើកូនមិនស្រួលខ្លួន
បង្រៀនកូនឲ្យដឹងថាសុខភាពគឺជារឿងចម្បង ដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត។ ចំណាត់ថ្នាក់ ឬការខឹងរបស់គ្រូ គឺមិនសំខាន់ដល់សុខភាពរបស់កូនឡើយ។
២. ស្រឡាញ់បរិស្ថាន
ការស្រឡាញ់បរិស្ថាន ធម្មជាតិ ត្រូវចាប់ផ្តើមពីខ្លួនយើង។ អ្នកត្រូវធ្វើជាគំរូល្អ និងប្រាប់ពួកគេឲ្យចេះស្រឡាញ់ ព្រៃឈើ សត្វព្រៃ និងប្រឆាំងចំពោះរាល់ការបំពុលបរិយាកាសគ្រប់រូបភាព។
១. បង្រៀនកូនឲ្យចេះឆ្លើយ “ទេ”
បង្រៀនឲ្យពួកគេហ៊ានឆ្លើយ “ទេ” ចំពោះមនុស្សធំ គ្រូ ឬសូម្បីអ្នកផ្ទាល់។ ដូច្នេះទើបពេលពួកគេធំឡើង ពួកគេអាចក្លាយជាមនុស្សរឹងមាំ ក្លាហាន មិនមែនមនុស្សដែលតែងតែស្តាប់តាមបញ្ជាគេគ្រប់ពេលនោះទេ។
ចិញ្ចឹមកូនឲ្យបានល្អ ពិតជារឿងហត់នឿយ ប៉ុន្តែប្រសិនកូនអ្នកដើរតាមគន្លងធម៌នៅពេលពួកគេធំឡើង អ្នកប្រាកដជាមានមោទនភាព និងមានសុភមង្គលខ្លាំងបំផុតក្នុងនាមជាឪពុកម្តាយ ៕