​មនុស្ស​គំនិត​អាក្រក់​មក​លើ​អ្នក​១០​ប្រភេទ ដែល​អ្នក​គួរ​​ងើយ​មុខ​អរគុណ​ត្រលប់​ទៅ​វិញ

  • 2017-11-11 08:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូនសោ​នៃ​ជីវិត​គឺ​ក្ដី​សុខ។ បណ្ដា​អ្នក​ប្រាជ្ញ​ ឬ​ទស្សនវិទូ​ជា​ច្រើន​អ្នក​តែង​បង្រៀន​យើង​ឲ្យ​ធ្វើ​អ្វី​ល្អៗ ក៏​ដូច​ជា​បង្រៀន​ឲ្យ​យើង “ចេះ​អរគុណ” មិន​ថា​​ជា​ការ​អរគុណ​មិន​ថា​មនុស្ស សត្វ ធម្មជាតិ និង​​វត្ថុ​របស់​របរ​ប្រើប្រាស់ នានា​ដែល​​បាន​រួម​ចំណែក​នាំ​ក្ដី​សុខ​មក​កាន់​ជីវិត​របស់​យើង។

រឿង​មួយ​ទៀត​ដែល​យើង​ត្រូវ​ចេះ​អរគុណ គឺ​បុគ្គល​នានា​ដែល​ចូល​មក​ក្នុង​ជីវិត ទាំង​មនុស្ស​​ល្អ និង​មនុស្ស​អាក្រក់ ដែល​សុទ្ធ​តែ​ផ្ដល់​មេរៀន​ដល់​ជីវិត​របស់​យើង។ ដូច្នេះ​ត្រូវ​ចេះ​សម្រប​សម្រួល​ការ​គិត​របស់​ខ្លួន​ដោយ​ព្យាយាម​រក​មើល​ចំណុច​ល្អ​ៗ​ពី​បញ្ហា​ដែល​កើត​ឡើង និង​អរគុណ​គេ។ អ្វី​ដែល​ កញ្ញា​ ចង់​បង្ហាញ​ក្នុង​អត្ថបទ​នេះ គឺ​ថា​បើ​គិត​ដូច​ខាង​ក្រោម​នេះ​បាន ជីវិត​នឹង​មាន​ក្ដី​សុខ៖

រូបតំណាង

១. នៅ​ពេល​នរណា​ម្នាក់​មិន​ចាប់​អារម្មណ៍​នឹង​អ្នក គឺ​គេ​កំពុង​បង្រៀន​អ្នក​ឲ្យ​រស់​នៅ​បាន​ដោយ​គ្មាន​គេ។

២. នៅ​ពេល​នរណា​ម្នាក់​ធុញទ្រាន់​អ្នក គឺ​គេ​កំពុង​បង្រៀន​​ឲ្យ​អ្នក​ ផ្ដល់​ពេល​វេលា​ឲ្យ​ខ្លួន​​ឯង​ច្រើន​ជាង​ចំណាយ​ពេល​សម្រាប់​គេ។

៣. នៅ​ពេល​នរណា​ម្នាក់​សម្លឹង​មក​អ្នក​ក្នុង​ផ្លូវ​អាក្រក់ គឺ​គេ​កំពុង​បង្រៀន​អ្នក​ថា មនុស្ស​មិន​បាន​មើល​គ្នា​លើ​ទឹក​ចិត្ត​នោះ​ទេ ប៉ុន្តែ​​ចូល​ចិត្ត​វាយ​តម្លៃ​យក​ៗ​ដោយ​មើល​តែ​សម្បក​ក្រៅ។

៤. នៅ​ពេល​នរណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​អស់​សង្ឃឹម គឺ​គេ​កំពុង​បង្រៀន​អ្នក​ថា កុំ​រំពឹង​ចង់​បាន​អ្វី​ពី​ម្នាក់​នោះ​ឲ្យ​សោះ។

៥. នៅ​ពេល​​នរណា​ម្នាក់​ធ្វើ​បាប​អ្នក​ពី​ក្រោយ​ខ្នង គឺ​គេ​កំពុង​បង្រៀន​អ្នក​ថា កុំ​ទុក​ចិត្ត​មនុស្ស​ដោយ​មិន​រើស​មុខ។ ត្រូវ​ចំណាយ​ពេល​ស្គាល់​គេ​ឲ្យ​បាន​យូរ​គ្រប់គ្រាន់​សិន។

៦. នៅ​ពេល​នរណា​ម្នាក់ ភ្លេច​គុណ​របស់​អ្នក គឺ​គេ​កំពុង​បង្រៀន​អ្នក​ថា ​អ្នក​ណា​មិន​គួរ​ជួយ កុំ​ជួយ​ច្រើន​ពេក អ្នក​ណា​មិន​គួរ​ឲ្យ​ កុំ​ឲ្យ​ច្រើន​ពេក។

៧. នៅ​ពេល​នរណា​ម្នាក់​រិះគន់​បំបាក់​មុខ​អ្នក គឺ​គេ​កំពុង​បង្រៀន​អ្នក​ថា មនុស្ស​គ្មាន​អ្វី​​ល្អ ​គ្មាន​តម្លៃ និង​គ្មាន​ស្នាដៃ ចូល​ចិត្ត​បំផ្លាញ​អ្នក​ដទៃ​កម្រិត​ណា។

៨. នៅ​ពេល​នរណា​ម្នាក់​រក​រឿង​អ្នក គឺ​គេ​កំពុង​បង្រៀន​អ្នក​ឲ្យ​ចិត្ត​ត្រជាក់​ជាមួយ​មនុស្ស​​មាន​​ការ​គិត​លំដាប់​ទាប​ៗ និង​ចេះ​អភ័យ​ទោស​ឲ្យ​មនុស្ស​មាន​និស្ស័យ​មិន​ថ្លៃ​ថ្នូរ។

៩. នៅ​ពេល​នរណា​ម្នាក់​ផ្លាស់​ប្ដូរ​ចិត្ត គឺ​គេ​កំពុង​បង្រៀន​អ្នក​​ឲ្យ​ចាប់​ផ្ដើម​ធ្វើ​ខ្លួន​​ឲ្យ​មាន​តម្លៃ​ដោយ​មិន​ចាំបាច់​ខ្វាយខ្វល់​ពី​គេ។

១០. នៅ​ពេល​នរណា​ម្នាក់​មិន​ស្រឡាញ់​អ្នក គឺ​គេ​កំពុង​បង្រៀន​អ្នក​​ឲ្យ​ ចេះ​ស្រឡាញ់​ខ្លួន​ឯង។

អរគុណ​ចំពោះ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្លួន​មាន តស៊ូ​ជម្នះ​ដើម្បី​អ្វី​ដែល​ខ្លួន​ត្រូវ​ការ ចេះ​សម្រប​ខ្លួន​ឲ្យ​បាន​សមរម្យ នោះ​ជីវិត​នឹង​ប្រសើរ​ឡើង។ អរគុណ!

ចុចអាន៖

ប្រភព៖ chonburipost ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន