មនុស្សចិត្តល្អខ្លាំងពេក ច្រើនជួបវិបត្តិ ៦យ៉ាងនេះ
- 2017-10-31 10:10:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សចិត្តល្អខ្លាំងពេក ច្រើនជួបវិបត្តិ ៦យ៉ាងនេះ
មនុស្សចិត្តល្អអ្នកណាក៏ចូលចិត្ត អ្នកណាក៏ចង់រាប់អានដែរ ប៉ុន្តែកុំភ្លេចថាបើអ្នកចិត្តល្អលើសពីធម្មតាខ្លាំងពេក គុណវិបត្តិនឹងអាចកើតមានដូចគ្នាទាំងមកលើអ្នកនៅជុំវិញខ្លួន និងមកលើខ្លួនអ្នកផ្ទាល់។ ខាងក្រោមនេះវេបសាយ កញ្ញា នឹងបង្ហាញជូនពីគុណវិបត្តិចំនួន ៦យ៉ាងរបស់អ្នកដែលមានចិត្តល្អខ្លាំងពេក៖
**១. ត្រូវខូចចិត្ត ពេលយើងលែងមានផលប្រយោជន៍សម្រាប់គេ**
មនុស្សប្រភេទមួយចំនួនរមែងចូលចិត្តចូលមកក្នុងជីវិតរបស់យើង ដោយរំពឹងរកផលប្រយោជន៍ពីមនុស្សចិត្តល្អ។ ប៉ុន្តែជាញឹកញាប់មនុស្សចិត្តល្អអាចនឹងត្រូវក្លាយជាមនុស្សអាក្រក់វិញ ព្រោះតែត្រូវគេមើលរំលង នៅពេលលែងមានផលប្រយោជន៍ចំពោះគេ។
២. ក្លាយជាអ្នកដោះស្រាយបញ្ហាឲ្យគេ ទាំងខ្លួនមិនពាក់ព័ន្ធអីសោះ
នៅពេលខ្លះ ការចិត្តល្អជ្រុលក៏ធ្វើឲ្យយើងក្លាយជាអ្នកដែលអង្គុយចាំដោះស្រាយបញ្ហាឲ្យអ្នកដទៃ ទាំងខ្លួនឯងគ្មានចំណែកពាក់ព័ន្ធក្នុងរឿងសោះ។ លើសពីនេះវាក៏ជាមូលហេតុមួយដែលអាចបង្កសម្ពាធផ្លូវចិត្តឲ្យខ្លួនឯងទទេៗ។
៣. ភ័យខ្លាចអ្នកដទៃមិនពេញចិត្ត
ចិត្តល្អពេក អាចជារឿងដែលធ្វើឲ្យមនុស្សមួយចំនួនកើតចិត្តខ្លាចក្រែងថា អ្នកដទៃប្រាកដជាមានអារម្មណ៍មិនពេញចិត្ត បើខ្លួនមិនបានផ្ដល់ការជួយឲ្យពួកគេបានល្អគ្រប់គ្រាន់ ដែលការគិតនេះនឹងអាចត្រលប់មកធ្វើបាបខ្លួនឯងយ៉ាងងាយ ព្រោះក្រៅពីត្រូវជួយដោះស្រាយបញ្ហាឲ្យអ្នកដទៃហើយ ក៏ត្រូវចាំមើលយ៉ាងប្រយ័ត្នប្រយែងថា អ្នកដទៃពេញចិត្ត ឬមិនពេញចិត្តទៀត។
៤. យកទង្វើរបស់អ្នកដទៃមកគិតច្រើន
ចំណុចមិនល្អរបស់មនុស្សចិត្តល្អពេកគឺរមែងក្លាយជាមនុស្សម្នាក់ដែលចូលចិត្តយកពាក្យសម្ដីអ្នកដទៃ រួមនឹងទង្វើរបស់មនុស្សនៅជុំវិញខ្លួនយកមកគិតច្រើនរហូតក្លាយជាទុក្ខខ្លួនឯង ដោយសារមានធម្មជាតិខ្វាយខ្វល់ពីអារម្មណ៍អ្នកដទៃច្រើន។
៥. បារម្ភតែការលំបាករបស់អ្នកដទៃ
បុគ្គលប្រភេទនេះ រមែងជាមនុស្សដែលមិនអាចទ្រាំមើលការលំបាកដែលកើតឡើងចំពោះអ្នកដទៃបាន និងចង់តែហុចដៃជួយ។ អ្នកចិត្តល្អមួយចំនួន ចូលចិត្តមើលឃើញការលំបាករបស់អ្នកឆ្ងាយ ច្រើនជាងអារម្មណ៍អ្នកនៅជិតខ្លួន រហូតក្លាយជាភ្លេចខ្លួនឯង និងគ្រួសារទៅវិញ។
៦. ក្លាយជាមនុស្សអាក្រក់ ដោយសារការប្រព្រឹត្តខុសតែមួយដង
ធម្មតាឲ្យតែគេមកពឹងគឺមិនដែលបដិសេធទេ ប៉ុន្តែពេលខ្លះគ្រាន់តែបដិសេធគេម្ដង គេនិយាយថាយើងជាមនុស្សអាក្រក់ភ្លាម។ នេះជាបញ្ហាដែលអ្នកពូកែជួយគេធ្លាប់ជួបប្រទះច្រើន ជាពិសេសជាមួយមនុស្សរមិលគុណ មិនសូវមើលឃើញគុណសម្បត្តិ តែឆាប់មើលឃើញគុណវិបត្តិរបស់អ្នកដទៃ។
មនុស្សរស់នៅក្នុងសង្គមត្រូវចេះជួយគ្នាទៅវិញទៅមក ក៏ប៉ុន្តែត្រូវច្បាស់ថាការធ្វើល្អរបស់យើងនឹងមិននាំមកនូវភាពក្ដៅក្រហាយដល់ខ្លួនឯង ឬអ្នកជុំវិញខ្លួនតាមក្រោយនោះទេ ពុំដូច្នោះទេបុណ្យដែលយើងធ្វើវានឹងអាចក្លាយទៅជាបាប ៕
ចុចអាន៖ ជីវិតរុងរឿង មិនធ្លាក់រណ្ដៅ ត្រូវរៀនស្គាល់មនុស្សពីរប្រភេទនេះ!