ប្រភេទ​​ឈាម​អាច​​បង្ហាញ​​ពីស្ថានភាព​​សុខភាព​​ និង​ អត្តចរិត​​របស់​​​មនុស្ស​​ផ្សេងៗ​​​គ្នា​​!

  • 2017-10-14 04:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​​ជា​​មិន​​មាន​ ​អំណះអំណាង​​ពិត​​ប្រាកដ​​ដែល​បង្ហាញ​ថា​ប្រភេទ​ឈាម​មាន​ជាប់​ទាក់ទង​ជាមួយ​អត្តចរិត​មនុស្ស​ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ដែល​ជឿជាក់​យ៉ាង​មុតមាំ​ថា​វា​ពិត​មាន​ជាប់​ទាក់ទង​គ្នា​យ៉ាង​ខ្លាំង​។​ តួយ៉ាង​ នៅ​ក្នុង​ប្រទេស​ជប៉ុន​ គេ​បាន​ចាត់​ទុក​ប្រភេទ​ឈាម​ជា​ផ្នែក​មួយ​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ ឲ្យ​ស្រប​តាម​ តំណែង​ តួនាទី​ ក៏​ដូចជា​រក​មនុស្ស​ដែល​ត្រូវ​ដើម្បី​រួម​ការងារ​ជាមួយ​គ្នា​។​​ ខាង​ក្រោម​នេះ​គឺ​ជា​បុគ្គលិកលក្ខណៈ​ក៏​ដូច​ជា​ស្ថានភាព​សុខភាព​របស់​មនុស្ស​តាម​ប្រភេទ​ឈាម​នីមួយៗ​ ដែល​យើង​គួរ​ស្វែងយល់​៖

១. ឈាម​ប្រភេទ​A

ស្ថានភាព​សុខភាព ៖ មូស​មិន​សូវ​ខាំ​មនុស្ស​ប្រភេទ​ឈាម​នេះ​ទេ​។​ ពួកគេ​មាន​ហានិភ័យ​ក្នុង​ការ​កើត​​ជំងឺ​មហារីក​ក្រពះ​ ព្រម​ទាំង​ជំងឺ​បេះដូង​ច្រើន​ជាង​ប្រភេទ​ឈាម​ដទៃ​ទៀត​។​

អត្តចរិត ៖​ ស្មោះត្រង់​ មាន​គំនិត​ឆ្នៃ​ប្រឌិត​ខ្ពស់​ មាន​ហេតុផល​ ស្ងប់ស្ងាត់​ ​អត់ធ្មត់​ និង​មាន​ទំនួល​ខុស​ត្រូវ​ ប៉ុន្តែ​ពួក​គេ​ក្បាល​រឹង​ និង​ឆាប់​ភ័យ​ព្រួយ​បារម្ភ​ច្រើន​។​

២. ឈាម​ប្រភេទ​B

ស្ថានភាព​សុខភាព ៖​​ មាន​បាក់តេរី​ល្អ​ៗ​ក្នុង​ខ្លួន​ច្រើន​ ប៉ុន្តែ​ពួក​គេ​អាច​ប្រឈម​ជាមួយ​ជំងឺ​បេះដូង​ ជាង​ប្រភេទ​O​។​ មនុស្ស​ស្រី​ប្រភេទ​ឈាម​B​ និង​ AB​ អាច​ប្រឈម​ជាមួយ​ជំងឺ​មហារីក​កន្សោម​កូន​ផង​ដែរ​។​

អត្តចរិត ៖​ ងប់ងល់​​​ ស្វាហាប់​​ មាន​គំនិត​ឆ្នៃ​ប្រឌិត​ខ្ពស់​ និង​រឹងមាំ​ ប៉ុន្តែ​មួយ​ផ្នែក​ទៀត​របស់​ពួកគេ​គឺ​ អាត្មានិយម​​ មិនសូវ​មាន​ទំនួល​​ខុសត្រូវ​ មិន​ចេះ​យោគយល់​ ព្រម​ទាំង​ពិបាក​ស្មាន​ចិត្ត​។​

៣. ឈាម​ប្រភេទ​AB​

ស្ថានភាព​សុខភាព ៖​​ ចំណុច​ពិសេស​ អាច​ទទួល​យក​ឈាម​បាន​ពី​គ្រប់​ប្រភេទ​ ប៉ុន្តែ​អាច​កើត​ជំងឺ​បេះដូង​ច្រើន​ជាង​ប្រភេទ​O​។​ ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​ប្រឈម​ជាមួយ​ជំងឺ​ព្រាយ​ក្រឡា​ភ្លើង​។​

អត្តចរិត ៖​ ចេះ​គ្រប់គ្រង​​ មាន​ហេតុផល​ និង​ ពូកែ​បត់បែន​ ប៉ុន្តែ​ពួកគេ​ ប៉ិន​ខាង​រិះគន់​ មិន​សូវ​ចេះ​សម្រេច​ចិត្ត​ ពូកែ​ភ្លេច​ និង​គ្មាន​ទំនូល​ខុសត្រូវ​ពេលខ្លះ​។​

៤​. ឈាម​ប្រភេទ​O​

ស្ថានភាព​សុខភាព ៖​​ អ្នក​ផ្ដល់​​ឈាម​ឈាន​មុខ​ ព្រោះ​ឈាម​ប្រភេទ​ណា​ក៏​ទទួល​យក​បាន​ ហានិភ័យ​តិច​ចំពោះ​ជំងឺ​មហារីក​លំពែង​ គ្រុន​ចាញ់​។​ គុណ​វិបត្តិ​វិញ​គឺ​ពួកគេ​សំបូរ​ដំបៅ​ ប្រឈម​ជាមួយ​ការ​ដាច់​សរសៃ​ពួរ​ជើង​ខ្ពស់​ ព្រម​ទាំង​ជា​មុខ​សញ្ញា​ដែល​មូស​ចូលចិត្ត​ខាំ​ផង​ដែរ​។​

អត្តចរិត ៖ មាន​ភាព​ជឿជាក់​ ម្ចាស់ការ​​ ការ​ប្ដេជ្ញា​ខ្ពស់​ ឆាប់​យល់​ស្ថានការណ៍​ ចំណែក​ឯ​ចំណុច​អាក្រក់​វិញ​គឺ​ពួកគេ​ជា​មនុស្ស​ តម្រូវ​តែ​ចិត្ត​ខ្លួន​ឯង​ ប៉ាន់ស្មាន​មិន​ត្រូវ​ ងប់ងុល​បែប​ជ្រុល​និយម​ជា​ដើម​។​

ទាំង​ចំណុច​ល្អ​និង​អាក្រក់​របស់​ប្រភេទ​ឈាម​នីមួយៗ​ ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​អ្នក​ក្នុង​ការ​ស្វែង​យល់​ពី​ខ្លួន​ឯង​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​ដើម្បី​សម្រប​សម្រួល​ការ​ រស់នៅ​ ការងារ​ ព្រម​ទាំង​ការ​ប្រាស្រ័យ​ទាក់ទង​ ក៏​ដូចជា​ការ​ថែរក្សា​សុខភាព​ប្រកប​ដោយ​ជោគជ័យ​៕

ប្រភព៖ interesting-facts ប្រែសម្រួល៖ អូន បញ្ញា