ដាក់​របស់​៤យ៉ាង​នេះ​ក្នុង​ទូ​ទឹក​កក ក្លិន​អាក្រក់​យ៉ាង​ណា​ក៏​លែង​មាន​ដែរ

  • 2017-10-06 07:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ទូ​ទឹក​កក​ដែល​យើង​ទើប​ទិញ​មក​ប្រើ​ថ្មី​ៗ ឬ​ប្រើ​យូរ​ហើយ ក៏​រមែង​មាន​ក្លិន​ផ្អួរ​នៅ​ខាង​ក្នុង គ្រាន់​តែ​ថា​ទូ​ទឹក​កក​ថ្មី​គ្រាន់​តែធុំ​ក្លិន​ប្លាស្ទិក​ខាង​ក្នុង ប៉ុន្តែ​បើ​ក្លាស្សេ​របស់​យូរ​ៗ​ទៅ ក៏​អាច​មាន​ក្លិន​មិន​ល្អ​ពី​អាហារ​ផ្សេង​ៗ ឬ​អាហារ​ដែល​ទុក​ក្លាស្សេ​ចោល​រហូត​ដល់​ខូច។ ប្រសិន​បើ​អ្នក​កំពុង​មាន​បញ្ហា​បើក​ទូ​ទឹក​កក​ពេល​ណា​​ក៏​មាន​ក្លិន ទោះ​បី​ឧស្សាហ៍​ជូត​និង​រៀប​ចំ​ស្អាត​បាត កញ្ញា សូម​ណែនាំ​វិធី​ងាយ​ៗ​​និង​អស់​លុយ​តិច​ដើម្បី​បំបាត់​ក្លិន​ទាំង​នោះ ដោយ​ប្រើ​វត្ថុ​ចំនួន ៤​យ៉ាង​ដូច​ខាង​ក្រោម៖

១. កាក​កាហ្វេ

ដាក់​កាក​កាហ្វេ​ក្នុង​កូន​ចាន​រួច​ហើយ​យក​ទៅ​ដាក់​ក្លាស្សេ​ក្នុង​ទូ​ទឹក​កក​ប្រមាណ ២​ទៅ​៣​ថ្ងៃ។ កាក​កាហ្វេ​នឹង​ជួយ​បឺត​ក្លិន​ឲ្យ​បាត់​ពី​ទូ។ នៅ​ពេល​លែង​ធុំ​ក្លិន​សឹម​យក​កាហ្វេ​​នោះ​ទៅ​ចោល។

២. ម្សៅ​សូដា (Baking Soda)

ដាក់​ម្សៅ​សូដា​ក្នុង​ចាន​តូច​មួយ ហើយ​ដាក់​ចូល​ក្នុង​ទូ​ទឹក​កក​។ វា​នឹង​ជួយ​បឺត​ក្លិន​អាក្រក់​បាន​ដូច​គ្នា

៣. ធ្យូង

យក​ធ្យូង​ដុំ​តូច​ៗ​ពីរ​បី​ដុំ ដាក់​ក្នុង​ចាន​មួយ​រួច​ទុក​ក្នុង​ទូ​ទឹកកក។ ធ្យូង​នឹង​ធ្វើ​ប្រតិកម្ម​ហើយ​បឺត​ក្លិន​ស្អុយ​ក្នុង​ទូ​ទឹក​កក​ឲ្យ​អស់។

៤. ក្រូច​ឆ្មារ

ពុះ​ក្រូច​ឆ្មារ​ជា​ពីរ​ដាក់​ក្នុង​ចាន រួច​យក​ទៅ​ដាក់​ក្លាស្សេ​ក្នុង​ទូ​ទឹកក។ មិន​ត្រឹម​តែ​ជួយ​បណ្ដេញ​ក្លិន​ស្អុយ​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្លិន​ក្រូច​ឆ្មារ​នឹង​ជួយ​ឲ្យ​ទូទឹកកក​មាន​ក្លិន​កាន់​តែ​ស្រស់​ថ្លា​ផង​ដែរ ៕

ប្រភព៖ Mthai ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម