ប្រយ័ត្ន! រឿង​​អាក្រក់​៦​យ៉ាង​អាច​កើត​​ឡើង​បើ​អ្នក​ផឹក​ទឹក​ដូង​ច្រើន​ពេក

  • 2017-09-25 08:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូង​អាច​ចាត់​ទុក​ថា​ជា​ផ្លែ​ឈើ​ដែល​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ស្គាល់ ព្រោះ​ក្រៅ​ពី​វា​ងាយ​ស្រួល​រក​ទទួលទាន​ ឬ​មាន​តម្លៃ​ថោក​ហើយ វា​ក៏​មាន​ទឹក​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ថ្លា​គ្រប់​ពេល​ដែល​បាន​ពិសា ជា​ពិសេស​នៅ​ពេល​មាន​អាកាសធាតុ​ក្ដៅ។ យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​បី​ទឹក​ដូង​សម្បូរ​ទៅ​ដោយ​វីតាមីន ឬ​ជាតិ​រ៉ែ​ដែល​ល្អ​ចំពោះ​សុខភាព​រាងកាយ​យើង​ជា​ច្រើន​ផ្នែក ប៉ុន្តែ​ការ​ផឹក​ទឹក​ដូង​ក្នុង​បរិមាណ​ច្រើន​ពេក ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​មក​លើ​សុខភាព​របស់​យើង​វិញ​ដែរ។

១. មាន​កាឡូរី​ខ្ពស់

បើ​ទោះ​បី​​ទឹក​ដូង​មាន​ជាតិ​ស្ករ​តិច​ជាង​បណ្ដា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេង​ៗ ប៉ុន្តែ​វា​ក៏​អាច​ចាត់​ទុក​ថា​មាន​កាឡូរី​ច្រើន​គួរ​សម​ដែរ ព្រោះ​​ទឹក​ដូង​ត្រឹម​តែ​៣២៥មីលីលីត្រ អាច​មាន​កាឡូរី​រហូត​​ដល់​ ៦០កាឡូរី។ ដូច្នេះ​ប្រសិន​បើ​អ្នក​កំពុង​សម្រក​ទម្ងន់ ការ​ផឹក​ទឹក​​ធម្មតា​​អាច​ជា​ជម្រើស​​ល្អ​ជាង។

២. អាច​ធ្វើ​ឲ្យ​កើត​អាការៈ​អាឡែស៊ី

មាន​មនុស្ស​មិន​តិច​ទេ​ដែល​មាន​រោគ​ចាញ់​ ឬ​អាឡែស៊ី​អាហារ​មួយ​ចំនួន។ ទឹក​ដូង​អាច​ជា​អាហារ​មួយ​ក្នុង​ចំណោម​ដែល​អាច​ធ្វើ​ឲ្យ​កើត​អាឡែស៊ី​បាន​សម្រាប់​មនុស្ស​មួយ​ចំនួន។ ដូច្នេះ​ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា​រាងកាយ​បង្ហាញ​ភាព​មិន​ប្រក្រតី​ក្រោយ​ពី​ផឹក​ទឹក​ដូង អ្នក​គួរ​តែ​ព្យាយាម​ចៀសវាង​ផឹក​វា​នៅ​ពេល​ក្រោយ។

៣. មាន​សារធាតុ​បង្កើន​ការ​ផលិត​ទឹក​នោម​ខុស​ធម្មតា

ការ​ផឹក​ទឹក​ដូង​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​​ស្រស់​ថ្លា និង​ធ្វើ​ឲ្យ​រាងកាយ​មាន​សំណើម​ក៏​ពិត​មេន ប៉ុន្តែ​បើ​អ្នក​ផឹក​វា​ច្រើន​ពេក ធានា​ថា​អ្នក​នឹង​ត្រូវ​​ចូល​បន្ទប់​ទឹក​ញឹកញាប់​ ព្រោះ​ក្នុង​ទឹក​ដូង​មាន​សារធាតុ​ដែល​ជំរុញ​ការ​ផលិត​ទឹកនោម និង​ធ្វើ​ឲ្យ​អ្នក​នោម​ញឹក ដូច្នេះ​ហើយ​អ្នក​គួរ​កំណត់​បរិមាណ​ក្នុង​ការ​ផឹក​ឲ្យ​បាន​សមរម្យ។

៤. អាច​ធ្វើ​ឲ្យ​សារធាតុ​អេឡិចត្រូលីតក្នុង​រាងកាយ​បាត់បង់​តុល្យភាព

ទឹក​ដូង​គឺ​ជា​ភេសជ្ជៈ​ដែល​មាន​ធាតុ​ប៉ូតាស្យូម​ខ្ពស់ ដែល​បើ​សិន​មិន​បាន​គ្រប់គ្រង​បរិមាណ​ក្នុង​ការ​ផឹក​ឲ្យ​បាន​សមរម្យ​ទេ អេឡិចត្រូលីត​ក្នុង​រាងកាយ​នឹង​អាច​បាត់បង់​តុល្យភាព ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អាការៈ​អស់​កម្លាំង​ល្ហិតល្ហៃ វិលមុខ និង​អាច​ឈាន​ដល់​សន្លប់​បាត់​ស្មារតី ក្នុង​ករណី​ដែល​អ្នក​ផឹក​វា​ច្រើន​ជ្រុល​ពេល​កំពុង​មក​ពី​លេង​កីឡា ឬ​ហត់​នឿយ​ខ្លាំង។

៥. ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់

បើ​ទោះ​បី​ទឹក​ដូង​មិន​ត្រូវ​បាន​ចាត់​ទុក​ក្នុង​ចំណោម​ភេសជ្ជៈ​ដែល​ផ្សំ​ជាមួយ​ជាតិ​ស្ករ (Sugary drinks) ប៉ុន្តែ​វា​ក៏​នៅ​មាន​សារធាតុ​កាបូអ៊ីដ្រាត និង​កាឡូរី។ ដូច្នេះ​អ្នក​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ឬ​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​គួរ​តែ​ចៀសវាង​ការ​ផឹក​ទឹក​ដូង​រៀងរាល់​ថ្ងៃ ឬ​ញឹកញាប់​ពេក ព្រោះ​វា​នឹង​បង្កើន​​កម្រិត​ជាតិ​ស្ករ​ក្នុង​រាងកាយ​របស់​អ្នក។

៦. អាច​បណ្ដាល​ឲ្យ​​សម្ពាធ​ឈាម​ចុះ​​ទាប​ជ្រុល

ការ​ផឹក​ទឹក​ដូង​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កាន់​តែ​ទាប​បាន ហើយ​ក្នុង​ករណី​ដែល​អ្នក​ញ៉ាំ​ថ្នាំ​ព្យាបាល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ស្រាប់ ការ​ផឹក​ទឹក​ដូង​ច្រើន​វា​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​យើង​ចុះ​កាន់​តែ​ទាប។ ដូច្នេះ​ហើយ​អ្នក​ដែល​ដឹង​ខ្លួន​ថា​សម្ពាធ​ឈាម​របស់​ខ្លួន​មិន​សូវ​ជា​ប្រក្រតី ​គួរ​ប្រយ័ត្ន​រឿង​ផឹក​ទឹក​ដូង​នេះ​ជា​ពិសេស​​ ៕

ប្រភព៖ Orami ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម