កាន់​តែ​ឈ្លោះ​គ្នា ស្នេហា​រវាង​មនុស្ស​ពីរ​នាក់​នឹង​កាន់​តែ​ខិតជិត​ផ្លូវ​បំបែក

  • 2017-09-05 02:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ថា​ឈ្លោះ​គ្នា​កាន់​តែ​ច្រើន​ ស្រឡាញ់​គ្នា​កាន់​តែ​ខ្លាំង? ខ្ញុំ​ពិត​ជា​ចង់​រក​មុខ​អ្នក​ណា​និយាយ​ពាក្យ​នេះ​ខ្លាំង​ណាស់ ព្រោះ​វា​ខុស​ស្រឡះ​ពី​ការ​ពិត។

ពេល​ខ្លះ​ខ្ញុំ​ពិត​ជា​ហត់​នឿយ​ក្នុង​ទំនាក់ទំនង​បែប​នេះ​ខ្លាំង​ណាស់ ខ្ញុំ​គ្មាន​កម្លាំង​នឹង​ឈ្លោះ​ជាមួយ​គេ​សឹង​តែ​រាល់​ថ្ងៃ​នោះ​ទេ។ ស្នេហា​រវាងមនុស្ស​ពីរ​នាក់ គួរ​តែ​ស្រស់​បំព្រង​ជាង​នេះ មាន​ស្នាម​ញញឹម​ច្រើន​ជាង​នេះ ហើយ​ផ្អែមល្ហែម​ជាង​នេះ មិន​មែន​គ្រាន់​តែ​ឃើញ​មុខ​គ្នា​ក៏​ខឹង​គ្នា ឈ្លោះ​គ្នា​ ខាំ​គ្នា​ជាង​ឆ្កែឆ្មាឡើយ។

មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ តែ​យូរ​ទៅ​កាន់​តែ​ឈ្លោះ កាន់​តែ​​មាន​រឿង​មិន​ល្អ​ជាមួយ​គ្នា នោះចិត្ត​ស្រឡាញ់​ ចិត្ត​អាណិត​ក៏​កាន់​តែ​បាត់​បង់​ទៅ​ដែរ វា​មិន​មែន​កាន់​តែ​ស្រឡាញ់​គ្នា​នោះ​ទេ។ ភាព​ល្អក់​កករ​ក្នុង​ស្នេហា នឹង​ជំរុញ​ឲ្យ​យើង​ចាប់​ផ្ដើម​ផ្ដាច់​ខ្លួន​ឆ្ងាយ​ពី​គ្នា លែង​ស្និទ្ធស្នាល លែង​មាន​មាន​ស្នាម​ញញឹម​ដូច​ពី​មុន គឺដូច​ពេល​ដែល​យើង​ចាប់​ផ្ដើម។ បើសិន​ជា​ស្នេហា​អាច​រក្សា​ដូច​ពេល​ដំបូង​ មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ​ព្រោះ​ពួក​យើង​​សឹង​តែ​មិន​ដែល​ឈ្លោះ​គ្នា រករឿង​គ្នា ហើយ​ភាពរីករាយ​សឹង​តែ​មាន​រាល់​ថ្ងៃ តែ​ហេតុ​អី​បន្ទាប់​មក​ទៀត​ពួក​យើង​ឈាន​មក​ដល់​ផ្លូវ​មួយនេះ? ផ្លូវ​មួយ​ដែល​សឹង​តែ​គ្មាន​ចន្លោះ​នឹង​អាច​ស្ដារ​ទំនាក់ទំនង​យើង​ឲ្យ​ល្អឡើង​វិញ។

បើ​ថ្ងៃ​ណា​មួយ​ស្នេហា​នេះ​ត្រូវ​បញ្ចប់​សុំ​កុំ​បន្ទោស​អ្នក​ណា​អី គួរ​តែ​បន្ទោស​ខ្លួន​ឯង​ដែល​មិន​អាច​ថែ​វា​​ឲ្យបាន ដូច្នេះ​គួរ​តែ​ទទួល​យក​ ហើយ​ទទួល​ស្គាល់​ថា​ «មនុស្ស​ពីីរ​នាក់កាន់​តែ​ឈ្លោះ​គ្នា ស្នេហា​ក៏កាន់​តែ​បាត់បង់ដូចគ្នា»។​

ចុចអាន៖អារម្មណ៍​ដែល​ធ្វើ​​ឲ្យ​មនុស្ស​ឈឺចាប់​ខ្លាំង​​បំផុត ក្រោយ​បាត់បង់​ស្នេហា

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម