ជីវិត​​នឹង​ស្រុត​ចុះ​ងើប​លែង​រួច​ បើ​អ្នក​​នៅតែស្ពាយ​រឿង​ទាំង​នេះ​តាម​ខ្លួនរហូត

  • 2017-09-04 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​បើ​អ្នក​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​ដុនដាប នោះ​កុំ​បន្ទោស​អ្នក​ណា គួរ​តែ​បន្ទោស​ខ្លួន​ឯង។ ជីវិត​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែមាន​តម្លៃ និង មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន ប៉ុន្តែ​វា​នឹង​បាត់​បង់​បើ​អ្នក​នៅ​តែ​ស្ពាយ​រឿង​ទាំង​នេះ​ជាប់​ខ្លួន​មិន​ព្រម​លែង ៖

១. អ្នក​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​មនុស្ស​ ឬ​ អ្វី​ដែល​មិន​សំខាន់

ប្រសិន​បើ​អ្នក​កំពុង​ធ្វើ​ដូច្នេះ​គួរ​តែ​បញ្ឈប់​ទៅ។ យើង​មាន​តែ ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដែល​យើង​អាច​ប្រើ​ដើម្បី​ដេក បរិភោគ​និង ធ្វើ​ការងារ​ ដូច្នេះ​គួរ​តែ​ចំណាយ​ពេល​ឲ្យ​មាន​ប្រយោជន៍ និង សប្បាយ​ចិត្ត។

២. អ្នក​ប្រើ​អារម្មណ៍​ធ្វើ​ការ​ មិន​មែន​ខួរក្បាល

អ្នក​ធ្វើ​អី​តាម​តែ​អារម្មណ៍ គ្មាន​ការ​គិត​ពិចារណា​។ ការ​ធ្វើ​បែប​នេះ​វា​នឹង​ឲ្យ​ជីវិត​អ្នក​ដុន​ដាប​គ្មាន​ជោគជ័យ​ឡើយ ព្រោះ​មនុស្ស​ជោគជ័យ​គេ​មិន​ដែល​ប្រើ​អារម្មណ៍​ធ្វើ​ការ​ឡើយ ព្រោះ​វា​អាច​នឹង​ខុស ហើយ​គ្មាន​អ្នក​ណា​គោរព​ និង ស្រឡាញ់​អ្នក​នោះ​ទេ។

៣. អ្នក​គ្មាន​ចាប់​ផ្ដើម​ធ្វើ​អី​ទាំង​អស់ ក្រៅ​ពី​ចាំ​​តែ​ស្រមៃ

ចង់​ធ្វើ​នេះ ចង់​បាន​នោះ​​ តែ​មិន​ដែល​ចាប់ផ្ដើម​ធ្វើ​អី​ទេ គិត​តែ​ស្រមៃ គិត​តែ​ចង់​បាន។ សួរ​ថា​តើ​ភាព​ជោគជ័យ​ណា​រត់​មក​រក​អ្នក​បើ​អ្នក​នៅ​ស្ងៀម? គ្មាន​ព្រេង​វាសនា​ល្អ​ណា​ រត់​មក​រក​អ្នក​ខ្ជិល​ឡើយ ហើយ​បើ​អ្នក​ចង់​បាន​ជីវិត​បែប​ហ្នឹង ក៏​បន្ត​ទៀត​ទៅ។

៤. អ្នក​ចាំ​តែ​ប្រៀបធៀប​ជីវិត​ខ្លួន​ឯង​ទៅ​នឹង​ជីវិត​គេ

ត្រូវ​ចាំ​ថា​ជីវិត​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ ដូច្នេះ​មនុស្ស​ដែល​យក​ជីវិត​ខ្លួន​ឯង​ទៅ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ​គឺ​គ្មាន​ថ្ងៃ​មាន​ក្ដី​សុខ និង សុភមង្គល​ឡើយ។ ចូរ​រីករាយ​ជាមួយ​ជីវិត​ខ្លួន​ឯង និង រស់​នៅ​ជា​ខ្លួន​ឯង ហើយ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​មាន​តម្លៃ និង បង្កើត​ជីវិត​ខ្លួន​ឯង​ឲ្យ​ជោគជ័យ។

៥. អ្នក​មិន​អាច​អភ័យទោស និង បំភ្លេច​រឿង​ដែល​បាន​កើត​ឡើង​ហើយ

ការ​អភ័យ​ទោស​ធ្វើ​ឲ្យ​មនុស្ស​មាន​សន្តិភាព​ក្នុង​ចិត្ត ហើយ ការ​បំភ្លេច​គឺ​នាំ​មក​នូវ​ស្នាម​ញញឹម​ជា​ថ្មី ដូច្នេះ​ក្នុង​ជីវិត​អ្នក​ បើ​អាច​ប្រកាន់​យក​រឿង​ទាំង​ពីរ​នេះ​បាន​នោះ​គឺ​អ្នក​ពិត​ជា​អាច​រស់​នៅ​ដោយ​សុខសាន្ត គ្មាន​គំនុំ​ គ្មាន​ភាព​ស្អប់​ គ្មាន​កំហឹង និង ការ​ចងចាំ​អាក្រក់​ទៀត​ឡើយ។

៦. មិន​រៀន​តែ​ចង់​ចេះ

គួរ​ឲ្យ​អស់សំណើយ​អត់ ពេល​ដែល​អ្នក​មាន​ចំនុច​នេះ​ដាក់​ខ្លួន។ គ្មាន​ចំណេះដឹង​ណា​មក​សណ្ឋិត​ក្នុង​ខ្លួន​អ្នក បើ​អ្នក​មិន​ព្យាយាម​រៀន​សូត្រ​ឡើយ បើ​ចង់​ចេះ ត្រូវ​រៀន ហើយ​ការ​រៀន​មាន​តម្លៃ​ពេញ​មួយ​ជីវិត​មនុស្ស គ្មាន​បុគ្គល​ជោគជ័យ និង បុគ្គល​ដែល​មាន​ជីវិត​ខ្ពង់ខ្ពស់​ណា​មិន​រៀន​នោះ​ទេ ដូច្នេះ​ត្រូវ​តែ​ភ្ជាប់​ខ្លួន​ឯង​ជាមួយ​ការ​សិក្សា​ឲ្យ​បាន​ច្រើន។

ដូច្នេះ​ហើយការ​លះបង់​នៅ​ទម្លាប់​អាក្រក់ គឺ​ជា​ផ្លូវ​ដែល​នាំ​អ្នក​ទៅ​រក​សេចក្ដី​ថ្លៃថ្នូរ និង ខ្ពង់​ខ្ពស់៕

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ ផេង ផលធិតា