ចង់ដាក់ថ្នាំងុយគេងយ៉ាងណាក៏មិនបានផលដែរ បើនៅតែធ្វើរឿងទាំងនេះ
- 2017-08-29 04:43:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដាក់ថ្នាំងុយគេងយ៉ាងណាក៏មិនបានផលដែរ បើនៅតែធ្វើរឿងទាំងនេះ
មានមនុស្សមិនតិចទេដែលជួបបញ្ហាពិបាកគេង ដោយសារកត្តាផ្សេងៗ រហូតត្រូវបង្ខំចិត្តប្រើថ្នាំងុយគេងជាជំនួយ។ សម្រាប់អ្នកដែលមិនមានបញ្ហាជំងឺរ៉ាំរ៉ៃពីមុនមក គួរតែពិនិត្យមើលទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលជាដើមហេតុនៃការគេងមិនលក់របស់អ្នក ហើយទោះបីថ្នាំងុយគេងក៏ពេលខ្លះមិនអាចជួយបានដែរ។ ដូច្នេះគួរសាកល្បងវិធីសាស្ត្រខាងក្រោមនេះ បើចង់គេងលក់ស្រួលដល់ភ្លឺ៖
១- កុំមើលទូរទស្សន៍ លេងទូរសព្ទមុនចូលគេង៖
ឧបករណ៍អេឡិចត្រូនិកក្នុងបន្ទប់គេងដូចជា ទូរសព្ទ នាឡិកាឌីជីថល ទូរទស្សន៍ ឬឧបករណ៍ផ្សេងទៀតដែលបញ្ចេញពន្លឺពណ៌ខៀវគឺជាវត្ថុដែលប៉ះពាល់ខ្លាំងជាងគេដល់បញ្ហាដំណេករបស់អ្នក។ មិនតែប៉ុណ្ណោះ វានឹងប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសរសៃប្រសាទដែលជាហេតុធ្វើឱ្យខួរក្បាលមិនបានសម្រាក និងមិនងាយសម្រាកដូចដែលរាងកាយចង់បាន។ យកល្អ គួរតែបិទឧបករណ៍ទាំងនោះ ឬដាក់ឱ្យឆ្ងាយពីដៃមុនចូលគេង ចៀសវាងផលប៉ះពាល់ពីពន្លឺពណ៌ខៀវទាំងនោះ។
២- កុំមើលម៉ោងពេលគេង៖
ការសិក្សាបានបង្ហាញថា ៨០%នៃអ្នកដែលសម្លឹងមើលនាឡិកាអាចទៅជាគេងមិនលក់ ដោយសារតែចិត្តដក់ជាប់នឹងម៉ោងពេលដែលត្រូវចូលគេង និងម៉ោងដែលត្រូវក្រោក។ ភាគច្រើននៃអ្នកគេងមិនលក់ ដោយសារមានអារម្មណ៍មួយព្រួយបារម្ភ ឬគិតច្រើនពីការងារដែលត្រូវធ្វើនៅថ្ងៃស្អែក ដូច្នេះវានឹងធ្វើឱ្យខួរក្បាលនៅតែគិត មិនបានសម្រាក ហើយអាចប៉ះពាល់ផ្លូវអារម្មណ៍នៅព្រឹកបន្ទាប់ទៀតផង។
៣- ដាក់ខ្នើយនៅចន្លោះជើងទាំងពីរ៖
ពេលខ្លះអាការៈនៃការគេងមិនលក់អាចពាក់ព័ន្ធនឹងឥរិយាបថនៃការគេងរបស់អ្នក។ អ្នកវិទ្យាសាស្ត្រភាគច្រើនបានរកឃើញថា មួយភាគធំនៃអ្នកគេងមិនលក់គឺមកពីបញ្ហាឆ្អឹងខ្នង។ កាលណាអ្នកមានអាការៈឈឺខ្នង វានឹងមិនធ្វើឱ្យការគេងរបស់អ្នកបានលក់ស្រួលទេ ដូច្នេះដំណោះស្រាយ អ្នកអាចគេងផ្អៀង ហើយដាក់ខ្នើយដាក់ចន្លោះជង្គង់ទាំងពីរ ដើម្បីកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នង។
៤- ត្រូវឧស្សាហ៍សម្អាតខ្នើយ និងកម្រាលពូក៖
នេះជាកត្តាចម្បងដែលត្រូវយកចិត្តទុកដាក់ ព្រោះខ្នើយនិងពូកជាកន្លែងដែលអាចធ្វើឱ្យអ្នកគេងបានស្រួលឬមិនស្រួល។ គួរចាប់អារម្មណ៍លើការសម្អាតរបស់ទាំងនេះ រួមទាំងភួយផង ដើម្បីកុំឱ្យមានជាប់បាក់តេរី ឬសត្វល្អិតចង្រៃដូចជា ស្រមោច សង្អារ ឬសង្កើចដែលអាចរំខានដល់ដំណេករបស់អ្នក ឬបង្កជារោគសើស្បែកផ្សេងៗ៕
ចុចអាន៖