មិនចង់ខូចមុខ កុំចេះតែលាបរបស់ទាំងនេះលើផ្ទៃមុខតាមគេ
- 2017-08-11 02:13:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ខូចមុខ កុំចេះតែលាបរបស់ទាំងនេះលើផ្ទៃមុខតាមគេ
ការប្រើប្រាស់វិធីធម្មជាតិដោយប្រើបន្លែ ឬផ្លែឈើ ឬប្រេងធម្មជាតិ គឺជាវិធីមួយដែលនារីភាគច្រើននិយមធ្វើ ដោយសារតែវាសុវត្ថិភាពជាងការប្រើថ្នាំ ហើយចំណាយប្រាក់តិចផង។ ប៉ុន្តែមិនមែនព័ត៌មាន ឬវិធីសាស្ត្រដែលបានបង្ហោះនៅលើបណ្ដាញសង្គមនានាសុទ្ធតែអាចមានប្រសិទ្ធភាព និងមានការស្រាវជ្រាវច្បាស់លាស់នោះទេ។
ដូច្នេះ ពេលឃើញការប្រាប់ពីវិធីថែរក្សាស្បែកមុខនិងដងខ្លួនលើអនឡាញ សូមកុំទាន់សាកល្បងភ្លាមៗអី ព្រោះពេលខ្លះវាអាចបណ្ដាលឱ្យស្បែកអ្នកទៅជាមានបញ្ហាធ្ងន់ធ្ងរជាងមុនផងក៏ថាបាន។ Kanha សូមបង្ហាញពីគ្រឿងផ្សំមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែកមុខរបស់អ្នក បើមិនបានពិនិត្យឱ្យល្អិតល្អន់។
១- ខ្ទឹមស៖
យោងតាមអ្នកជំនាញផ្នែកចំណីអាហារ និងសារធាតុបំប៉ន ខ្ទឹមសមានសារធាតុអាចសម្លាប់មេរោគបាន ប៉ុន្តែមិនមែនបានន័យថា វាអាចកម្ចាត់និងព្យាបាលមុនលើស្បែកបានទេ។ ព្រោះតែវាមានជាតិហឹរ កាលណាលាបខ្ទឹមសលើស្បែក វាអាចបណ្ដាលឱ្យទៅជារលាក ឬឡើងទៅជាសម្លាកទៅវិញ ដូច្នេះកុំព្យាយាមសាកល្បងយកខ្ទឹមទៅលាបផ្ទាល់លើស្បែកមុខឱ្យសោះ។
ចុចអាន៖ ញ៉ាំខ្ទឹមបារាំងក្រហមប្រចាំថ្ងៃ អាចប្រឆាំងជំងឺសាហាវនេះបាន
២- ប្រេងដូង៖
អ្នកអាចនឹងភ្ញាក់ផ្អើល ពេលឮថាការប្រើប្រេងដូងអាចប៉ះពាល់ស្បែក ព្រោះតែភាគច្រើនមានការណែនាំថា ប្រេងដូងល្អចំពោះការថែរក្សាស្បែក សក់ និងរោមភ្នែកជាដើម។ ប៉ុន្តែការពិតនោះ ប្រេងដូងគឺអាចប្រើបានតែជាមួយប្រភេទស្បែកធម្មតា និងស្បែកស្ងួតប៉ុណ្ណោះ ចំណែកស្បែកដែលមានជាតិខ្លាញ់ច្រើន គឺមិនគួរប្រើនោះទេ។
ជាធម្មតា ពេលលាបប្រេងដូងលើមុខឬស្បែក វានឹងចូលទៅបើករន្ធរោមឱ្យធំជាងមុន ហើយអាចបណ្ដាលឱ្យកើតមុន។ ដូច្នេះ ដើម្បីជំនួសឱ្យការប្រើប្រេងដូង អ្នកអាចប្ដូរទៅជាប្រេងអូលីវ ឬប្រេងជីអង្កាម ព្រោះតែប្រភេទប្រេងទាំងនេះអាចមានសុវត្ថិភាពសម្រាប់ស្បែកមានជាតិខ្លាញ់ និងមានរន្ធរោមធំៗ។
៣- ម៉ាយ៉ូណែស៖
ម៉ាយ៉ូណែសត្រូវបានគេចាត់ទុកជាគ្រឿងផ្សំដ៏អស្ចារ្យសម្រាប់បន្ថែមសំណើមលើសក់ ប៉ុន្តែបើប្រើលាបលើមុខ វានឹងបង្កទៅជាផលប៉ះពាល់ជាច្រើនទៅវិញ។ ដោយសារម៉ាយ៉ូណែសមានសភាពក្រាស និងមានជាតិអាស៊ីតខ្លាំង ទើបវាមិនអាចជ្រាបចូលទៅក្នុងស្បែកមុខបានល្អនោះទេ។ ហើយចុងក្រោយ វានឹងធ្វើឱ្យស្ទះរន្ធញើស បង្កឱ្យកើតមុន និងបង្កលទ្ធភាពឱ្យបាក់តេរីកើតមានលើស្បែកមុខទៀតផង៕
ចុចអាន៖ ចង់នៅក្មេងជាងវ័យ រស់បានយូរ គួរញ៉ាំគ្រាប់ជីជាប្រចាំ
មិត្តនារីរបស់កញ្ញាមានធ្លាប់បានសាកល្បងវិធីណាមួយខាងលើដែរទេ? បើធ្លាប់ គួរតែបញ្ឈប់ភ្លាមទៅ ប្រយ័ត្នមានបញ្ហាទៅថ្ងៃក្រោយ!