ឌី សាវ៉េត បង្ហើប​ពី​តិចនិក​ថែ​រក្សា​សម្រស់​ងាយ​ៗ​សោះ ​តែ​លទ្ធផល​អស្ចារ្យ (វីដេអូ)

  • 2017-08-08 07:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​គួរ​ឱ្យ​ជឿ​ទេ​ថា សម្រស់​ដ៏​ស្រស់​ស្អាត​តាំង​ពី​ក្មេង​ រហូត​មក​ដល់​វ័យ​ចំណាស់ និង​សុខ​ភាព​ដ៏​រឹងមាំ​របស់​អ្នក​ស្រី​ ឌី សាវ៉េត គឺ​ប្រើ​តាម​វិធី​ងាយ​យ៉ាង​នេះ​សោះ។

មាន​មនុស្ស​មិន​តិច​ទេ​ដែល​ថា​អ្នក​ស្រី​ ឌី សាវ៉េត បាន​ទៅ​កែ​សម្ផស្ស​ដើម្បី​ធ្វើ​ឱ្យ​មុខ​នៅ​តែ​ស្រស់​ស្អាត តែ​ផ្ទុយ​ទៅ​វិញ​កុំ​ថា​ឡើយ​កែ​សម្ផស្ស សូម្បី​តែ​ជាតិ​ឡេ​តែ​បន្តិច​ក៏​មិនបាន​ប៉ះ​សាច់​អ្នក​ស្រី​ឡើយ។

តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយ​ភាព​តាំង​ពី​អំឡុង​ទសវត្សរ៍៦០ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​រូប​នេះ​បាន ប្រាប់ Sabay ថា ​ការ​ថែរក្សា​សុខភាព ​និង​សម្រស់​របស់​អ្នក​ស្រី គឺ​គ្រាន់​តែ​ពឹង​ទៅ​លើ​ការ​ទទួល​ទាន​អាហារ​​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ តារា​ទឹក​ភ្នែក​រូប​នេះ​បន្ថែម​ថា ខ្លួន​មិន​ទទួល​ទាន​អាហារ​ផ្ដេសផ្ដាស​តាំង​តែ​ពី​ក្មេង​មក​ម្ល៉េះ​ ។ អ្នក​ស្រី​ទទួល​ស្គាល់​ថា​តាំង​ពី​តូច មុន​នឹង​ញ៉ាំ​អ្វី​អ្នក​ស្រី​រើស​ណាស់​ធ្វើ​យ៉ាង​ណា​អាហារ​នោះ​ត្រូវ​តែ​មាន​អនាម័យ​ និង​ត្រូវ​ប្រាកដ​ថា​វា​មាន​ជីវជាតិ​គ្រប់​គ្រាន់​ទៅ​ដល់​រឿង​កាយ។

“បើ​យើង​ចង់​បាន​សុខភាព​ល្អ​ចង់​ឱ្យ​កម្លាំង​យើង​នៅ​តែ​រឹងមាំ​ គំនិត​បញ្ញា​នៅ​តែ​ចងចាំ​សំខាន់​យើង​ត្រូវ​រក​ម្ហូប​អាហារ ដែល​យើង​​ទទួល​ទាន​ហ្នឹង​ឱ្យ​មាន​ជាតិ​វីតាមីន​គ្រប់គ្រាន់។ ខ្ញុំ​ដឹង​ថា​ខ្លួន​ត្រូវ​ញ៉ាំ​អី​ជួន​កាល​ខ្ញុំ​អត់​ចាំបាច់​ញ៉ាំ​បាយ​កន្លះ​ថ្ងៃ​ក៏​បាន គ្រាន់​តែ​ញ៉ាំ​នំ​ប៉័ង ឬ​​ស៊ុប​បន្លែ។ មិត្ត​ខ្ញុំ​ប្រាប់​ថា​ធ្វើ​តាម​ខ្ញុំ​អត់​បាន​ទេ ខ្ញុំ​ញ៉ាំទឹក​សុទ្ធ ​ឬ​ទឹក​តែ​លាយ​ជាមួយ​ទឹក​ឃ្មុំ ហើយ​មិត្តភ័ក្ដិ​គេ​ទិញ​ឡេ​មក​ពី​បារាំង អាមេរិក អូស្ត្រាលី មក​ផ្ញើ​តែ​ខ្ញុំ​អត់​ទម្លាប់​លាប”។

សូម​បញ្ជាក់​ថា អ្នកស្រី ឌី សាវ៉េត បាន​ប្រឡូក​ក្នុង​ខ្សែ​ភាពយន្ត​តាំង​ពី​ឆ្នាំ​១៩៦០ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដោយ​សម្ដែង​បាន​ប្រមាណ​ជាង ១០០រឿង។ អ្នក​ស្រី​មាន​ភាព​ល្បីល្បាញ​តាំង​ពី​ក្នុង​អំឡុង​ទសវត្ស​៦០​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ហើយ​ភាព​ល្បីល្បាញ​នេះ​គឺ​មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​នោះ​ទេ តែ​ថែម​ទាំង​នៅ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត​ផង។ បច្ចុប្បន្ន​តារា​ល្បី​គ្រប់​រដូវ​កាល​រូប​នេះ មាន​អាយុ ៧៣​ឆ្នាំ​ហើយ៕

អត្ថបទៈ ប៉ូ សាគុន

អត្ថបទថ្មី