ប្រពន្ធ​៤​ប្រភេទ ​បើ​ប្រុស​ៗ​រៀបការ​ជាមួយ ​ដឹង​តែ​ក្រ ​ងើប​មុខ​មិន​រួច

  • 2017-08-09 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

"​សំណាប​យោង​ដី ស្រី​យោង​ប្រុស​" ពាក្យ​នេះ​នៅ​តែ​ត្រូវ​សម្រាប់​គ្រប់​សម័យ​កាល​របស់​ប្រជាជន​ខ្មែរ​ ព្រោះ​នារី​គឺ​ជា​អ្នក​ទុក​ដាក់​សន្សំ​សំចៃ​របស់​ទ្រព្យ​ដើម្បី​ឱ្យ​គ្រួសារ​បាន​ថ្កើង​មុខ​មាត់​ និង​កិត្តិយស​។ ប៉ុន្តែ​បើ​បុរស​ជ្រុល​ខ្លួន​ទៅ​រៀបការ​ជាមួយ​នារី​ទាំង​៤​ប្រភេទ​ខាង​ក្រោម​នេះ​វិញ​ ធានា​ថា ទោះ​ប្ដី​ខំ​រក​លុយ​យ៉ាង​ណា ក៏​មិន​អាច​មាន​បាន​ដូច​គេ​ឡើយ​។

១- ប្រពន្ធ​ពូកែ​តែង​ខ្លួន​៖

ស្រីៗ​ណា​ក៏​ចង់​ស្អាត​ចង់​ល្អ តែ​ពេល​រៀបការ​រួច រឿង​ហិរញ្ញវត្ថុ​គ្រួសារ​គឺ​ជា​រឿង​សំខាន់​ជាង​សម្រស់​ខ្លួន​ទៅ​ទៀត​។ ការ​ចេះ​បែង​ចែក​លុយ​កាក់​ក្នុង​ផ្ទះ​បាន​ច្បាស់​លាស់ គឺ​ជា​វិធី​មួយ​ដែល​ជួយ​ស្វាមី និង​ក្រុម​គ្រួសារ​ឆាប់​មាន​ជីវភាព​ធូរធារ​ជាង​មុន​ ប៉ុន្តែ​បើ​បាន​ប្រពន្ធ​មក គិត​តែ​ពី​តែង​ខ្លួន ម្ង៉ៃ​ៗ​ទិញ​តែ​គ្រឿង​សម្អាង​ ម្ង៉ៃ​ៗ​គិត​តែ​ Order របស់​លើ​អនឡាញ ចង់​បាន​តែ​របស់​ Brand ​ ហើយ​ខោអាវ​ របស់​របរ​ប្ដី​មើល​មិន​យល់​នោះ​​​ ទោះ​មាន​លុយ​តម្កល់​ច្រើន​យ៉ាង​ណា ក៏​មិន​អាច​​សល់​​បាន​ដែរ​។

២- ប្រពន្ធ​​​មិន​ចេះ​គិត​គូរ​រឿង​ចាន​ក្បាន៖

ទោះ​សម័យ​នេះ នារី​ត្រូវ​ចេញ​ទៅ​ក្រៅ​រក​លុយ​ដូច​ស្វាមី ប៉ុន្តែ​រឿង​ចាន​ក្បាន មិន​អាច​ឱ្យ​អ្នក​ណា​ជំនួស​បាន​ឡើយ។ បើ​នារី​ទៅ​ធ្វើ​ការ​ខាង​ក្រៅ មិន​សូវ​បាន​ធ្វើ​ការ​ងារ​ផ្ទះ​បាន​គ្រប់​ជ្រុងជ្រោយ គឺ​ជា​រឿង​គួរ​តែ​លើក​លែង តែ​បើ​នារី​ដែល​នៅ​តែ​ផ្ទះ ហើយ​មិន​ចេះ​ថែទាំ គិត​គូរ​រឿង​ការងារ​ទាំង​នេះ​ទៀត ជីវិត​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ក៏​មិន​អាច​មាន​បាន​ទៅ​កើត​ដែរ ព្រោះ​ត្រូវ​ចំណាយ​លើ​អាហារ​ខាង​ក្រៅ​ច្រើន​ជាង​អាហារ​ក្នុង​ផ្ទះ។

៣- ប្រពន្ធ​ចេះ​លួច​លាក់​លុយ​កាក់​ប្ដី​៖

គ្រួសារ​១០ មាន​៩ហើយ ដែល​ផ្ដល់​សិទ្ធិ​ទុក​ដាក់​លុយ​កាក់​លើ​ភរិយា ដូច្នេះ​ការ​ចំណាយ​ទាំង​ឡាយ ភរិយា​គឺ​ជា​អ្នក​ចាត់ចែង​ និង​ទុក​ដាក់​។ ប៉ុន្តែ​បើ​ភរិយា​បែរ​ជា​មាន​គំនិត​មិន​ស្មោះ​ត្រង់​និង​ស្វាមី ចេះ​កិបកេង​លុយ​កាក់​ទុក​ប្រើ​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង ឬ​លួច​ឱ្យ​គ្រួសារ​ខាង​ឯង​មិន​ឱ្យ​ប្ដី​ដឹង​ញឹកញាប់​ពេក តើ​លុយ​កាក់​ឯ​ណា​អាច​សល់​ក្លាយ​ជា​អ្នក​មាន​ដូច​គេ​បាន?

៤- ប្រពន្ធ​ប្រព្រឹត្តអបាយមុខ​៖

មិន​ថា​លេង​ល្បែង ផឹក​ស្រា ឬ​មាន​សហាយ​ក្បត់​ប្ដី​ទេ ទោះ​មាន​មួយ​ណា​ក្នុង​ចំណោម​នេះ សុទ្ធ​តែ​នាំ​ឱ្យ​ស្វាមី​អន្តរាយ រក​លុយ​មិន​សល់​ទាល់​តែ​សោះ​។ ចង់​ប្ដី​ពូកែ​រក​លុយ​យ៉ាងណា ប៉ុន្តែ​ដាក់​ចូល​កញ្ជើ​ប្រពន្ធ បែរ​ជា​ធ្លាក់​ទៅ​ក្នុង​ល្បែង ទៅ​ក្នុង​កំប៉ុង​ស្រា ឬ​ឱ្យ​ប្រុស​ផ្សេង​បាត់​ទៅ​ហើយ អ៊ីចឹង​សេចក្ដី​សុខ​នៅ​ក្នុង​គ្រួសារ​ក៏​មិន​អាច​កើត​មាន​បាន​ដែរ៕

ចុចអាន៖ បុរស​៥​ប្រភេទ​​ ដែល​​ស្រឡាញ់​ហើយ​មាន​តែ​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់

ទង្វើ​៦​យ៉ាង​របស់​ភរិយា​អាច​សម្លាប់​ចិត្ត​ប្ដី​មិន​ឱ្យ​មាន​ស្រី សូម្បី​តែ​គិត​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម