បុរស៥ប្រភេទ ដែលស្រឡាញ់ហើយមានតែទឹកភ្នែកជូតក្បាលជង្គង់
- 2017-07-28 10:14:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរស៥ប្រភេទ ដែលស្រឡាញ់ហើយមានតែទឹកភ្នែកជូតក្បាលជង្គង់
អ្នកណាក៏ដឹងដែរថារឿងស្នេហាគឺជារឿងដែលពិបាកបង្ខំបំផុត។ ចង់បញ្ជាឲ្យយើងត្រូវស្រឡាញ់មនុស្សដែលស្រឡាញ់យើងក៏មិនបាន បើចិត្តយើងមិនស្រឡាញ់ ឬចង់បញ្ជាចិត្តយើងមិនឲ្យស្រឡាញ់មនុស្សដែលមិនស្រឡាញ់យើងក៏ពិបាក។ ប៉ុន្តែចង់ប្រាប់ថាមានបុរសចំនួន ៥ប្រភេទដែលទោះបីអ្នកស្រឡាញ់ចង់បានគេយ៉ាងណា ក៏គួរតែហាមចិត្តខ្លួនឯងឲ្យបាន ពុំដូច្នោះទេនឹងត្រូវស្រក់ទឹកភ្នែករហូតដោយសារតែគេ។
៥. អ្នកមានម្ចាស់
ប្រភេទបុរសដំបូងដែលនារីៗត្រូវហាមចិត្តមិនឲ្យស្រឡាញ់គឺបុរសដែលមានម្ចាស់ហើយ មិនថាគេកំពុងរកបែកគ្នាពីសង្សារ ឬប្រពន្ធ គេកំពុងរស់នៅបែកពីគ្នាយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរចូលខ្លួនទៅធ្វើជាមនុស្សទីបីរបស់គេនោះដែរ ព្រោះវានឹងធ្វើឲ្យតម្លៃអ្នកធ្លាក់ចុះភ្លាម ហើយក៏គ្មានអ្វីមកធានាបានដែរថាគេនឹងស្រឡាញ់អ្នកពិតប្រាកដ ឬទុកអ្នកជាមនុស្សកំដរមួយពេលៗ។ រក្សាចិត្ត និងកាយសម្រាប់មនុស្សដែលកើតមកដើម្បីធ្វើជាគូព្រេងយើងផ្ដាច់មុខវិញល្អជាង។
៤. មនុស្សដែលបានតែមាត់ប៉ប៉ាច់ប៉ប៉ោច
មនុស្សប្រុសដែលបានតែមាត់ ពូកែសន្យាហើយមិនធ្វើ ចូលចិត្តនិយាយអាក្រក់ៗដែលមិនគិតដល់ចិត្តអ្នកដទៃ រួមទាំងចូលចិត្តយករឿងដែលយើងចង់លាក់ទៅនិយាយឲ្យសប្បាយមាត់ ក៏ជាមនុស្សដែលយើងត្រូវចៀស។ មនុស្សប្រុសប្រភេទនេះបើរើសជាគូជីវិត អ្នកនឹងត្រូវប្រើភាពអត់ធ្មត់ខ្លាំងដល់កំពូល ដោយសារមនុស្សប្រភេទនេះគឺមិនដែលខ្វាយខ្វល់ពីអារម្មណ៍អ្នកណាឡើយ ក្រៅពីខ្លួនឯង។
៣. មនុស្សប្រើកម្លាំងបាយ
បើលង់ចិត្តស្រឡាញ់បុរសប្រភេទចូលចិត្តប្រើកម្លាំងបាយដោះស្រាយបញ្ហា គួរប្រញាប់ដកចិត្តវិញឲ្យបានលឿន ពុំដូច្នោះទេអ្នកត្រូវរងតែការឈឺចាប់ទាំងកាយ ទាំងចិត្តទៅអនាគត។ នៅក្បែរមនុស្សប្រភេទនេះ គ្រោះថ្នាក់គឺអាចកើតមានលើខ្លួនអ្នកគ្រប់ពេលវេលា។
២. មនុស្សអាត្មានិយម
មនុស្សដែលពោរពេញទៅដោយភាពអាត្មានិយម ចូលចិត្តយកប្រៀបអ្នកដទៃចាប់ពីរឿងតូចៗរហូតដល់រឿងធំៗ គឺជាបុគ្គលដែលនារីៗ មិនគួរបណ្ដោយចិត្តឲ្យលង់ស្រឡាញ់នោះទេ ព្រោះអ្នកណាទៅដែលអាចទ្រាំឲ្យមនុស្សដែលខ្លួនស្រឡាញ់យកប្រៀបខ្លួនអស់មួយជីវិតនោះ។មនុស្សស្រឡាញ់គ្នាគឺត្រូវចែករំលែកក្ដីសុខ និងរឿងល្អៗឲ្យគ្នាទៅវិញទៅមក ហើយមានទុក្ខក៏ត្រូវឆ្លងជាមួយគ្នា តែបើស្រឡាញ់មនុស្សអាត្មានិយម អ្នកកុំរំពឹងថាទទួលបានអ្វីទាំងនេះ។
១. មនុស្សដែលមិនស្រឡាញ់យើង
ការបណ្ដោយចិត្តឲ្យស្រឡាញ់មនុស្សដែលមិនស្រឡាញ់យើង រួមទាំងគ្មានផ្លូវងាកមកស្រឡាញ់យើងនេះ គឺជារឿងឈឺចាប់បំផុតដែលមនុស្សស្រី គួរចៀសវាងឲ្យឆ្ងាយ ព្រោះវាប្រៀបដូចជាយើងធ្វើឲ្យខ្លួនឯងគ្មានតម្លៃ និងមើលមិនឃើញពីតម្លៃរបស់ខ្លួនឯង ខណៈនៅមានមនុស្សជាច្រើនទៀតដែលមើលឃើញពីតម្លៃរបស់យើង។
បានដឹងហើយ កុំភ្លេចសួរខ្លួនឯងមើលថាមនុស្សដែលអ្នកកំពុងស្រឡាញ់មានចំណុចណាមួយក្នុងចំណោម ៥ខ ខាងលើដែរឬទេ? ហើយបើគេមាន តើយើងអាចស្រឡាញ់ និងអត់ធ្មត់រួមដំណើរជាមួយគេបានយូរប៉ុណ្ណា?