ទម្លាប់​​៦​យ៉ាង​ពេល​ងូត​ទឹក​ ស្រី​ៗ​គួរ​បញ្ឈប់​ បើ​មិន​ចង់​ប៉ះពាល់​សុខភាព​

  • 2017-08-03 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ងូត​ទឹក​គឺ​ជា​រឿង​សំខាន់​ ដែល​អ្នក​ណា​ក៏​មិន​អាច​​មើល​រំលង​បាន ដើម្បី​សម្អាត​ក្អែល និង​ធូលី​ចេញ​ពី​រាងកាយ​។ ប៉ុន្តែ​មាន​ទម្លាប់​មួយ​ចំនួន​ដែល​មនុស្ស​ឧស្សាហ៍​ធ្វើ ជា​ពិសេស​នារីៗ​ដែល​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​សុខភាព​ និង​បង្ក​ទៅ​ជា​មេរោគ​​បាន​។ បើ​អ្នក​ធ្លាប់​ធ្វើ​ទម្លាប់​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ គួរ​បញ្ឈប់​ភ្លាមៗ​​ទៅ​៖

១- ងូត​ទឹក​យូរ​ៗ​ពេក​៖

ការ​ងូត​ទឹក​យូរ អាច​ជា​ក្ដី​សុខ​មួយ​របស់​មនុស្ស ប៉ុន្តែ​ការ​បន្ត​ងូត​ទឹក​រយៈ​ពេល​យូរ​ពេក​អាច​ទៅ​ជា​បណ្ដេញ​សំណើម​ធម្មជាតិ​ចេញ​ពី​ក្នុង​ស្បែក​ទៅ​វិញ​។ រយៈ​ពេល​ល្អ​បំផុត​សម្រាប់​ការ​ងូត​ទឹក គឺ​ចន្លោះ​ពី​៥​ទៅ​១០​នាទី​បាន​ហើយ​។ ចំណែក​ការ​ងូត​ទឹក​លើស​ពី​១​ដង​ក្នុង​មួយ​ក៏​ធ្វើ​ឱ្យ​ស្បែក​ឡើង​ស្ងួត​បាន​ដែរ ដូច្នេះ​បើ​អ្នក​មិន​អាច​ទ្រាំ​នឹង​អាកាស​ធាតុ​ក្ដៅ ឬ​មិន​អាច​ងូត​តែ​ម្ដង​ក្នុង​មួយ​ថ្ងៃ​ គួរ​ចំណាយ​ពេល​ខ្លី​ក្នុង​ការ​ងូត​ទឹក​ម្ដង​ៗ ដើម្បី​រក្សា​សំណើម​នៅ​ក្នុង​ស្បែក​ឱ្យ​បាន​ល្អ​ដដែល​។

២- រុំ​សក់​សើម​នឹង​កន្សែង​៖

ការ​រុំ​សក់​នឹង​កន្សែង​ក្រោយ​ពី​កក់​សក់​រួច វា​ដូច​ជា​កំពុង​បំផ្លាញ​សក់​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន​។ យក​ល្អ​ គួរ​តែ​ទម្លាក់​វា​តាម​សម្រួល​ ហើយ​ជូត​បណ្ដោយ​សក់ ចៀសវាង​ការ​ជូត​ញី​ចុះ​ញី​ឡើង​ដែល​អាច​បណ្ដាល​ឱ្យ​សក់​ទៅ​បែក​ចុង​ទៀត​ផង​។

៣- ចូលចិត្ត​ងូត​​ជាមួយ​ទឹក​ក្ដៅ​​​៖

​ទោះ​បី​ការ​ងូត​ដោយ​ប្រើ​ទឹក​ត្រជាក់​ មិន​សូវ​ស្រួល​ដូច​ងូត​ទឹក​ក្ដៅ​ ប៉ុន្តែ​វា​មាន​គុណប្រយោជន៍​ច្រើន​ដូច​ជា ជួយ​សម្រួល​ចរាចរណ៍​ឈាម​ ជួយ​ឱ្យ​ស្បែក​នៅ​មាន​សំណើម​និង​ស្រស់​ថ្លា ធ្វើ​ឱ្យ​អ្នក​មាន​កម្លាំង និង​ជួយ​បំបាត់​អារម្មណ៍​តានតឹង​បាន​មួយ​កម្រិត​។ ​

រឿង​ល្អៗ៤​យ៉ាង​នឹង​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​បញ្ឈប់​ការ​កក់​សក់​រាល់​ថ្ងៃ​

៤- កក់​សក់​រាល់​ថ្ងៃ​៖

ការ​កក់​សក់​ញឹកញាប់​ពេក ឬ​កក់​រាល់​ថ្ងៃ​នឹង​បណ្ដាល​ឱ្យ​ស្បែក​ក្បាល​ទៅ​ជា​ស្ងួត​ និង​ឡើង​រលាក​។ ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​សក់​ស្ដើង ឬ​ជ្រុះ​ខ្លាំង គួរ​កាត់​បន្ថយ​ការ​កក់​សក់​ញឹកញាប់ មក​ត្រឹម​តែ​២​ដង​ក្នុ​ង១​សប្ដាហ៍​ ឯ​អ្ន​ក​ដែល​មាន​សក់​ក្រាស់ អ្នក​ជំនាញ​បាន​ណែនាំ​ឱ្យ​កក់​ម្ដង​ក្នុង​មួយ​សប្ដាហ៍​ទៅ​វិញ​។

៥- ងូត​ទឹក​ដោយ​មិន​ដុស​ជើង និង​ខ្នង​៖

ទាំង​២​កន្លែង​នេះ​ពិបាក​លូក​ដៃ​ដុស​សម្អាត​ជាង​គេ​ ព្រោះ​ត្រូវ​ឱន​និង​ឈោង​ទៅ​ខាង​ក្រោយ​។ ប៉ុន្តែ​បើ​អ្នក​មើល​រំលង​ការ​ដុស​សម្អាត​កន្លែង​ទាំង​នេះ វា​ពិត​ជា​កំហុស​ឆ្គង​ដ៏​ធំ​មួយ​ ព្រោះ​គ្រប់​កន្លែង​នៃ​ដង​ខ្លួន​យើង​សុទ្ធ​តែ​មាន​ស្បែក​ងាប់​ ត្រូវ​ការ​ដុស​សម្អាត​ជា​ប្រចាំ​ដើម្បី​កុំ​ឱ្យ​មាន​បាក់តេរី និង​មេរោគ។

ស្រី​ៗ​ដែល​មាន​បញ្ហា​សក់​ខូច អស់​ក្ដី​បារម្ភ​ហើយ ព្រោះ​ទឹក​អង្ករ​អាច​ជួយ​បាន

៦- មិន​ងូត​ទឹក​ភ្លាម ក្រោយ​ហាត់​ប្រាណ​រួច​៖

​​ទោះ​បី​អ្នក​មិន​បែក​ញើស​ ក្នុង​ពេល​ហាត់​ប្រាណ​ក៏​ដោយ ប៉ុន្តែ​ការ​ងូត​ទឹក​ គឺ​មិន​អាច​រំលង​ឡើយ​។ កាល​ណា​ទុក​យូរ មិន​ឆាប់​ងូត​ទឹក វា​នឹង​បង្ក​ទៅ​ជា​ក្លិន​ខ្លួន​មិន​ល្អ និង​ធ្វើ​ឱ្យ​មេរោគ​នៅ​ជាប់​ខ្លួន​បណ្ដាល​ឱ្យ​កើត​ជា​ជំងឺ​ផ្សេង​ៗ​បាន​។ គួរ​ងូត​ទឹក​ និង​ប្រើ​សាប៊ូ​ដុស​សម្អាត​ខ្លួន​ប្រាណ​ឱ្យ​បាន​ស្អាត​៕

ប្រភព៖ healthhack ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម