ពេល​ស្រលាញ់​គ្នា កុំ​ស្អី​ក៏​យក​មក​បង្ហោះ Facebook ពេល​បែក​គ្នា​ក៏​ដូច​គ្នា

  • 2017-07-09 02:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Facebook មិន​មែន​ជា​កន្លែង​សម្រាប់​អ្នក​និទាន​រឿង​ស្នេហា​របស់​ខ្លួន​ឲ្យ​ពិភពលោក​ទាំង​មូល​បាន​ដឹង​នោះ​ទេ។ ទំព័រ Facebook ឯកជន​ប្រៀប​ដូច​ជា​ផ្ទះ​របស់​អ្នក​ដែរ គ្មាន​អ្នក​មាន​សិទ្ធិ​ឲ្យ​អ្នក​គួរ​ធ្វើ​អី​ឬ​មិន​គួរ​ធ្វើ​អី​នោះ​ទេ។ តែ​វា​មិន​មែន​មាន​ន័យ​ថា​អ្នក​អាច​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​នៅ​ទី​នោះ​ដែរ។ បើ​នៅ​ជីវិត​ខាង​ក្រៅ គេ​ចាំ​ឃ្លាំ​មើល សើច​ចំអក រិះគន់ តិះដៀល​អ្នក​ដូច​ម្ដេច នៅ​លើ​ Facebook ក៏​វា​មិន​ខុស​គ្នា​នោះ​ដែរ។

ដូច្នេះ​ហើយ រឿង​កាន់​តែ​ឯកជន​កាន់​តែមិន​គួរ​បង្ហោះ​ជា​សាធារណៈ​ឲ្យ​គេ​ដឹង​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ។ ​រឿង​ទាក់ទង​គ្រួសារ ឪពុក​ម្ដាយ ប្ដី​ប្រពន្ធ កូន​ចៅ ហើយ​សង្សារ សុទ្ធ​តែ​ជា​រឿង​ដែល​គួរ​តែ​ទុក​សម្រាប់​តែ​ខ្លួន​ឯង។ យើង​ដឹង​តែ​យើង​គឺ​គ្រប់​ហើយ មាន​គេ​ដឹង​ច្រើន​នឹង​មិន​ធ្វើ​ឲ្យ​ជីវិត​មួយ​នេះ​ងាយ​ស្រួល​ជាង​មុន​នោះ​ឡើយ។

ជា​ពិសេស​គឺ​រឿង​ស្នេហា តាម​ពិត​ទៅ​វា​គឺ​ជា​រឿង​របស់​បុគ្គល​២​នាក់​តែ​ប៉ុណ្ណោះ គ្មាន​ហេតុផល​អី​ត្រូវ​យក​មក​បង្ហោះ​លើ​ Facebook អួត​គេ​ទេ។ ការlike និងcommentសរសើរ​២-៣នឹង​មិន​ធ្វើ​ឲ្យ​មនោ​សញ្ចេតនា​របស់​អ្នក​ស្អិត​​ល្មួត​ថែម​នោះ​ទេ តែ​អ្នក​ប្រហែល​ជា​ដឹង​ពី​លទ្ធផល​នៃ​ការ​បង្អួត​សង្សារ​លើ Facebook ហើយ​មែន​ទេ?

ពេល​ស្រលាញ់​គ្នា​ក៏​អ៊ីចឹង​ ពេល​បែក​គ្នា​ក៏​អ៊ីចឹង​ កុំ​ប្រតាយប្រតប់ ហែក​កេរ្តិ៍​គ្នា​លើ​ Facebook អី។ នេះ​មិន​មែន​ជា​សៀវភៅ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​ទុក​ឲ្យ​អ្នក​មក​បរិយាយ​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នោះ​ទេ។ បើ​ចង់​យំ យំ​ជា​មួយ​មិត្តភ័ក្ដិ មិន​មែន​ថត​រូប​ទឹក​ភ្នែក​ទឹក​សំបោរ​រួច​បង្ហោះ​នោះ​ឡើយ។

ហើយ​អ្នក​ក៏​មិន​ចាំ​បាច់​បង្ហាញ​ឲ្យ​គេ​ដឹង​ថា​ខ្លួន​គ្មាន​កើត​អី​ដោយ​វិធី​បង្ហោះ​រូប​ផ្អែមល្ហែម​ជាមួយ​បុរស​ថ្មី​នោះ​ដែរ។ ទង្វើ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​សង្សារ​ចាស់​ច្រណែន​នោះ​ទេ តែ​អ្នក​ផង​នឹង​វាយ​តម្លៃ​អ្នក​ថា​ជា​ស្រី​ចិត្ត​ងាយ ព្រោះ​បែក​គ្នា​មិន​ទាន់​បាន​អី​ផង មាន​ប្រុស​ថ្មី​បាត់។

ចុចអាន៖ ស្រី​ៗ​ដាច់ខាត​កុំ​ធ្វើ​រឿង ៦ យ៉ាង​នេះ​លើ Facebook ឲ្យ​សោះ

ជា​ចុង​បញ្ចប់ រាល់​អនុស្សាវរីយ៍​ទុក​សម្រាប់​តែ​២​នាក់​បាន​ហើយ ព្រោះ​បើ​ជ្រុល​បង្ហោះ​ហើយ ថ្ងៃ​ក្រោយ​អាច​ជា​អ្នក​អង្គុយ​លុប​រូប​មួយ​ៗ​នោះ​ក៏​ថា​បាន៕

ប្រភព៖ Guu ប្រែ​សម្រួល​៖ Caramel

អត្ថបទពេញនិយម