ស្រីៗ ប្រយ័ត្ន​ប្រុសៗ​ប្រើ​តិចនិក​នេះ បោ​ក​​ស្នេហ៍តាម​អនឡាញ

  • 2017-07-07 01:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​សម័យ​ថ្មី​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ពី​​អនឡាញ ដោយ​ក្នុង​នោះ​មាន​ទាំង​ការ​បង្កើត​ទំនាក់ទំនង​ស្នេហា​ទាំង​ស្មោះ ទាំង​បោក​ប្រាស់​ទៀត​ផង​។ ថ្ងៃនេះ កញ្ញា សូម​បង្ហាញ​ជូន​នូវ​តិចនិក​មួយ​ចំនួន ដែល​មនុស្ស​ប្រុស​អាច​ប្រើប្រាស់​​បណ្តាញ​សង្គម​ ​ធ្វើឲ្យ​មនុស្សស្រី​បាក់​ចិត្ត​ស្រឹប​​បាន។

១. រូបថត Hot Hot

ដាក់​រូបថត​សិចស៊ី​ធ្វើ​ឲ្យ​ស្រីៗ​ឃើញ​ហើយ​ ចង់​ក្តៅ​ខ្លួន។ ជួន​កាល រូប​នោះ​អាច​ជា​រូប​​ពិត ប៉ុន្តែ​ពេល​ខ្លះ រូប​នោះ​គ្រាន់​តែ Edit ដែល​ខុស​ពី​ការ​ពិត​។

២. លេង​សម្តី​ផ្អែម​ និង​ផ្ញើរូប​ថត​ក្នុង Chat

ផ្ញើ​សារ​មក ហៅ​សុទ្ធ​តែ​អូន​ឡើង​ផ្អែម​រលួយ ហើយ​ដាក់ Sticker សុទ្ធ​តែ​រូប​បេះដូង ​​ធ្វើ​ឲ្យ​ស្រីៗ​មើល​ហើយ​លួច​ញញឹម។ ក្រៅ​ពី​នោះ គេ​ចូល​ចិត្ត​ផ្ញើ​រូប​សកម្មភាព​របស់​គេ​ ពេល​កំពុង​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា គេ​ចង់​ឲ្យ​អ្នក​ដឹង​ពី​គេ​គ្រប់​ពេល។ ហើយ​បើ​ដឹង​ថា​អ្នក​ចូលចិត្ត​មើល​អី្វមួយ គេ​ដឹង​តែ​ Copy រូប ឬ វីដេអូ​ហ្នឹង​ ផ្ញើ​មក​ស្ទើរ​រាល់​ថ្ងៃ ធ្វើ​ដូច​ស្រលាញ់​អ្នក​ខ្លាំង​ណាស់។

៣. ធ្វើ​ដូច​យក​ចិត្ត​ទុក​ដាក់​ណាស់

Chat ឬ Comment លើ​រូបថត​របស់​អ្នក​ឥតល្ហែ។ កុំ​ឲ្យ​តែ​ឃើញ​អ្នក​ផុស​អី ដឹង​តែ​ចូល​ទៅ​សួរ​នាំ​រហូត។ ហើយ​បើ​ក្នុង Chat វិញ ងើប​ព្រឹក​ឡើង​ដឹង​តែ​សួរ​ហើយ ថា​បាយ​ទឹក​ហើយ​​នៅ? យប់​មិញ គេង​លក់​ស្រួល​​អត់? មាន​គេង​យប់​សប្តិ​ឃើញ​គេ​​អត់​?

៤. បញ្ចោរ ឬ​សរសើរ

មិន​ថា​អ្នក​ផុស​រូប​អី​ទេ គឺ​ចូល​ទៅ Like ហើយ Comment សរសើរ​រហូត។ ហើយ​រាល់​ថ្ងៃ តែង​តែ​សរសើរ​ពី​រូប​សម្រស់​​របស់​អ្នក។ ធម្មតា ប្រុស​ព្រាន​គេ​ដឹង​ណាស់​ថា ស្រីៗ​ចូលចិត្ត​ពាក្យ​សរសើរ ដូច្នេះ​គ្រាន់​តែ​ឮពាក្យ​បែប​នេះ អ្នក​នឹង​មិន​គិត​ច្រើន ហើយ​គិត​ថាគេ​ប្រហែល​ជា​ពេញ​ចិត្ត​អ្នក​មែន​ទែន​ហើយ​។

៥. ចូល​ចិត្ត​អួត

អួត​ពី​ការងារ ឬ​ការ​រក​ស៊ី ហើយ​អួត​គ្រប់​រឿង ដើម្បី​បង្ហាញ​អ្នក​ថា គេ​ជា​បុរស​ដ៏​ល្អ​ឥតខ្ចោះ​ម្នាក់​។

៦. ធ្វើ​ដូច​អ្នក​ជា​សង្សារ​របស់​គេ​ហើយ​អ៊ីចឹង

ប្រច័ណ្ឌ​ហួងហែង ធ្វើ​ដូច​បាន​ប្រកាស​ស្នេហ៍​ជាមួយ​គ្នា​ហើយ​អ៊ីចឹង។ ហើយ​បើ​ផុស​អី គឺចូលចិត្ត Tag ឲ្យ​អ្នក​គ្រប់​ពេល​។ ពិសេស គឺចូលចិត្តនិយាយ​ថា ខ្លួន​គេ​ឯកា​​ណាស់ ត្រូវ​ការ​អ្នក​កំដរ ខ្លួន​គេ​តាំង​ពី​ដើម​មក​មិន​ដែល​មាន​ស្នេហា​ទេ ឬ​ក៏​ធ្លាប់​មាន​ស្នេហា​ដែរ តែ​មិន​ដែល​ជួប​នារី​ណា​ម្នាក់​ដែល​យល់​ចិត្ត​គេ​ដូច​អ្នក​ឡើយ។

៧. អូស​ក្រឡា​ចង់​ Video Call ជាមួយ​អ្នក

ចង់​ឲ្យ​អ្នក​និយាយ​គ្នា មើល​មុខ​គេ​ផ្ទាល់ ហើយ​​តាំង​សួរ​នាំ​រឿង​ស៊ីជម្រៅ ឬ​ខ្លួន​គេធ្វើ​សកម្មភាព​មិនសូវ​សម​ ដូច​ជា​ដោះ​អាវ​និយាយ​ជាមួយ​អ្នក ឬ​ក៏​និយាយ​ជាមួយ​អ្នក​ពីក្នុង​បន្ទប់​ទឹក​ជា​ដើម​។

៨. ណាត់​ទៅ​ជួប​នៅ​កន្លែង​ស្ងាត់

មាន​គំនិត​ចង់​តែ​ទៅ​កន្លែង​ស្ងាត់ ថា​ស្រួល​និយាយ​គ្នា ព្រោះ​ទើប​តែជួប​មុខ​គ្នា​ថ្មីថ្មោង​បែប​ហ្នឹង ខ្លាច​ខ្មាសគេ​។ មិន​ត្រឹម​តែប៉ុណ្ណោះ សំណូមពរ​ឲ្យ​អ្នក​ស្លៀក​ពាក់​សិចស៊ី ដោយ​យក​លេសថា រាង​របស់​អ្នក​បើ​ស្លៀក​បែប​នេះ​ទើប​សម។

បើ​អ្នក​ជួប​បុរសដែល​ទាក់ទងអ្នក​តាម​អនឡាញ​ប្រភេទ​នេះ អ្នក​គួរតែ​ស៊ើប​មើល​ឲ្យ​បាន​ម៉ត់ចត់​ជាមុន​សិន មុន​នឹង​​ដាក់​ចិត្ត​ជឿ​ជាក់ ហើយ​ប្រគល់​ក្តី​ស្រលាញ់​១០០​ភាគរយ​ដល់​គេ។ ជាពិសេស គឺ​កុំ​ទាន់​អាល​សន្យា​អ្វី​ជាមួយ​គេ​ឲ្យ​សោះ។ ប្រសិន​បើ​គេ​ណាត់​ជួប គួរ​តែ​ស្នើរ​ឲ្យ​ទៅ​កន្លែង​គួរសម មិន​មែន​កន្លែង​ដែល​អ្នក​មិន​ស្គាល់ មិនមែន​ពេល​យប់ ហើយ​ក៏មិនមែន​ជាកន្លែង​ស្ងប់​ស្ងាត់​នោះដែរ៕

ចុចអាន៖ ស្រលាញ់​អ្នក​ណា​ក៏​បាន ឲ្យ​តែ​មិន​មែន​ជា​បុរស​មាន​គ្រួសារ​ហើយ

អត្ថបទ៖ ផល សុខភារី

អត្ថបទពេញនិយម