៦ តិចនិក​ការពារ​ខ្លួន​ ស្រី​ៗ​គួរ​ចេះ ដើម្បី​កុំ​ឲ្យ​បុរស​ដើរ​រាយ​មន្ត​ស្នេហ៍​ត្រូវ

  • 2017-07-04 04:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ដែល​មាន​មន្ដ​ស្នេហ៍​ខ្លាំង ពួកគេ​ចូលចិត្ត​ដើរ​ចាយ​សម្រស់​ដាក់​មនុស្ស​ស្រី​ខ្លាំង​ណាស់។ ដូច្នេះ​ដើម្បី​ការពារ​ខ្លួន​កុំឲ្យ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ស្រី​ៗ​ត្រូវ​ចេះ​វិធី​ការពារ​ខ្លួន​ទាំង ៦ នេះ ធានា​ថា ទោះ​គេ​រាយ​ស្នេហ៍​ទាំង​ក្រឡ​ក៏​គ្មាន​ថ្ងៃ​យើង​ជាប់​ស្នេហ៍​គេ​ដែរ៖

១.កុំ​នៅ​ជិត​គេ​ពេក

បើ​យើង​កាន់តែ​នៅ​ជិត នោះ​ឱកាស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ​ក៏​កាន់​តែ​ច្រើន។ បុរស​ដែល​មាន​មន្ត​ស្នេហ៍ គេ​នឹង​ឆ្លៀត​ពេល​នៅ​ក្បែរ​គ្នា​នេះ ធ្វើឲ្យ​បេះ​ដូង​មនុស្ស​ស្រី​លោត​ញាប់ ហើយ​ពិបាក​គ្រប់គ្រង​លើ​ខ្លួន​ឯង។

២.កុំ​នៅ​ណា​មក​ណា​តែ​ពីរ​នាក់

ទោះ​ជា​មាន​កិច្ចការ​សំខាន់​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​គួរ​ទៅ​ណា​មក​ណា​តែ​ពីរ​នាក់​ដែរ។ ព្រោះ​នោះ​ជា​ពេល​ដែល​យើង​ងាយ​នឹង​ស្រលាញ់​គេ​ខ្លាំង​បំផុត ហើយ​ក៏​អាច​បញ្ចេញ​ឲ្យ​គេ​ឃើញ​ទាំង​យើង​ខ្លួនឯង​មិន​បាន​ដឹង​ខ្លួន​ទៀត​ផង។ ដូចនេះ​គួរ​កុំ​នៅ​នៅ​ក្បែរ ឬ​ទៅ​ណា​តែ​ពីរ​នាក់​អី ចៀសវាង​បាក់​ចិត្ត​លើ​គេ ដក​មិន​រួច។

៣.កុំ​ស្ដាប់​ពាក្យ​ផ្អែម​លើស​ពី ៣ ម៉ាត់

បុរស​ដែល​ចូលចិត្ត​ដើរ​រាយ​ស្នេហ៍​ដាក់​ស្រី​ៗ គឺ​ពូកែ​និយាយ​ពាក្យ​ផ្អែមល្ហែម​បំផុត ហើយ​គ្រប់​ឃ្លា​ដែល​គេ​តែង​និយាយ​ជាមួយ គឺ​ផ្អែម​រហូត​ដល់​យើង​ព្រឺសម្បុរគីង្គក់​តែម្ដង។ ដូចនេះ​បើ​ឮ​ឃ្លា​សន្ទនា​ដែល​មាន​ភាព​រ៉ូមែនទិច​ភ្លាម យើង​គួរ​បញ្ឈប់ ឬ​ដក​ខ្លួន​ចេញ​ពី​គេ​ភ្លែត ដើម្បី​កុំឲ្យ​លង់​នឹង​ពាក្យ​ទាំង​នោះ​ទៀត។

៤.កុំឲ្យ​គេ​បាន​ប៉ះ​ពាល់​ខ្លួន

មនុស្ស​ស្រី ងាយ​នឹង​ចុះចាញ់​ភាព​បបោសអង្អែល​ខ្លាំង​ណាស់។ បុរស​ៗ​ក៏​ច្បាស់​ពី​រឿង​នេះ​ដែរ ដូចនេះ​បើ​គេ​ចង់​បាន​នរណា​ហើយ​នោះ គេ​នឹង​ព្យាយាម​នៅ​ក្បែរ​ខ្លួន​មនុស្ស​ស្រី​នោះ ដើម្បី​មាន​ឱកាស​បាន​ប៉ះពាល់​ស្បែក​យើង ហើយ​គេ​នឹង​ធ្វើឲ្យ​ចិត្ត​យើង​ច្របូកច្របល់​បាន។

៥.កុំ​ទទួល​យក​អំពើ​ល្អ​ពី​គេ​ច្រើន​ពេក

ដើម្បី​យក​ឈ្នះ​ចិត្ត​មនុស្ស​ស្រី បុរស​ៗ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ធ្វើឲ្យ​យើង​ចិត្ត​ទន់ ដូចនេះ​គេ​នឹង​ព្យាយាម​ធ្វើ​ល្អ​គ្រប់​សព្វ​បែប​យ៉ាង ឲ្យ​មនុស្ស​ស្រី​ស្លាប់​ចិត្ត​នឹង​អំពើ​ល្អ​គេ។ ក្នុង​ន័យ​នេះ មិនមែន​មិន​ឲ្យ​ទទួល​យក​ការ​ធ្វើ​ល្អ​របស់​បុរស​ទេ គ្រាន់តែ​កុំ​ទទួល​ញឹកញាប់​ពេក ព្រោះ​ជំនួយ​តែង​មាន​ចំណង​ជានិច្ច។

៦.កុំ​បង្ហាញ​ចិត្ត​រំភើប​នៅ​ចំពោះ​មុខ​គេ

មនុស្ស​ប្រុស​ពេល​ចែចង់​មនុស្ស​ស្រី គេ​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​មាន ដើម្បី​ឲ្យ​យើង​មាន​អារម្មណ៍​រំភើប។ ទោះ​ជា​យើង​មាន​អារម្មណ៍​បែប​នោះ​មែន ក៏​មិន​គួរ​បញ្ចេញ​ឲ្យ​គេ​ដឹង​ដែរ ព្រោះ​មនុស្ស​ភេទ​ផ្ទុយ​គ្នា​នេះ នឹង​កាន់តែ​បាន​ចិត្ត ហើយ​គេ​គិត​ថា​យើង​កំពុង​លង់​ស្រលាញ់​គេ​ហើយ៕

ចុចអាន៖មនុស្ស​​ប្រុស​ដែល​ចាប់​ផ្ដើម​ធុញ​​ទ្រាន់នឹង​ស្នេហា​​ គេតែង​តែសម្ដែង​​រឿង​ទាំង​នេះ​ចេញ​មក

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម