៨​យ៉ាង​​គួរ​ដឹង​ កុំ​ឱ្យ​មាន​បញ្ហា​ ពេល​លេង​​បណ្ដាញ​សង្គម​

  • 2017-07-03 07:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​សង្គម​បាន​ក្លាយ​ជា​វិធី​ទាក់ទង​គ្នា​របស់​មនុស្ស​សម័យ​ថ្មី។ មិន​ថា​អ្នក​នៅ​ទី​ណា ពេល​ណា​វា​នឹង​ជួយ​ឱ្យ​ការ​ប្រាស្រ័យ​ជា​មួយ​មិត្ត​ភ័ក្ដិ ឬ​ក្រុម​គ្រួសារ​មាន​ភាព​ប្រសើរ​ និង​រហ័ស​ជាង​មុន។ ​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​ទំនាក់ទំនង​មួយ​នេះ​ក៏​អាច​ជា​គ្រោះ​ថ្នាក់​សម្រាប់​ចំណង​មិត្តភាព​របស់​អ្នក​ផង​ដែរ ​​បើ​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​តូច​ៗ​មួយ​ចំនួន​។​​

១. ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ផ្ញើ​សារ ឬ C​hat

ការ​សរសេរ​សារ ឬ​ឆាត វា​ពិត​ជា​លឿន​មែន គ្រាន់តែ​ចុះ ​Send វា​ក៏​ទៅ​តែ​ម្តង។ ដូច្នេះ ​យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ប្រើ​សម្តី​ក្នុង​ឆាត​ទាំង​នោះ ឬ​យើង​អាច​ពិនិត្យ​មើល​ឡើង​វិញ មុន​ពេល​ចុច​ផ្ញើ​ ព្រោះ​ថា​សារ​ដែល​ចេញ​ទៅ​ហើយ យើង​មិន​អាច​លុប​ចេញ​វិ​ញ​នោះ​ទេ។

២. មើល​ឱ្យ​ច្បាស់​ មុន​​​ Reply

ការ​ផ្ញើ​សារ ជួន​កាល​វា​មិន​ច្បាស់​ដូច​ការ​និយាយ​ផ្ទាល់​នោះ​ទេ ដូច្នេះ​​​បើ​គេ​ផ្ញើ​មក​មាន​បាត់ ឬ​លើស ​​​ពាក្យ​ណា​មួយ វា​អាច​ធ្វើ​ឲ្យ​ឃ្លា​នោះ មើល​ទៅ​ក្លាយ​ជា​ឈ្លើយ​។ យើង​មិន​គួរ​ឆ្លើយ​តប​ទាំង​ខឹង​នោះ​ទេ សួរ​គេ​បញ្ជាក់​សិន​ទៅ ក្រែង​លោ​គេ​មិន​មាន​ន័យ​បែប​ហ្នឹង​។

៣. កុំ​តាម​តែ​គេ​ពេក

អ្នក​ខ្លះ​ប្រើ​​​​បណ្ដាញ​សង្គម​​ដើម្បី​លេង​សើច ឬ​ចំអក​ចំអន់​ទៅកាន់​នរណា​ម្នាក់។ អ៊ីចឹង​ហើយ មុន​​​សម្រេច​ចិត្ត Share ឬ Comment ​គួរ​តែ​ពិចារណា​ពី​សាច់រឿង​នោះ​សិន ហើយ​បើ​គិត​មិន​ចេញ​ទេ ក៏​មិន​បាច់​បញ្ចេញ​សកម្មភាព​អ្វី​តែ​ម្តង​ទៅ​។ បើ​យើង​ចេះ​តែ​តាម​គេ​ពេក អ្នក​ដទៃ​ ឬ​មិត្ត​ភ័ក្តិ​របស់​យើង​អាច​វាយ​តម្លៃ​ថា ​យើង​មិន​សូវ​ចេះ​គិត​បាន​ច្រើន។

៤. ចេះ​លាក់​ការ​សម្ងាត់​ផ្ទាល់​ខ្លួន

ត្រូវ​ចេះ​ពី​របៀប​លាក់​បាំង​ការ​សម្ងាត់​ផ្ទាល់​ខ្លួន (Privacy and Security Controls) ដើម្បី​ជា​ប្រយោជន៍ កុំ​ឲ្យ​អ្នក​ដទៃ​យក​ប្រវត្តិ​រូប​របស់​យើង​ទៅ​ប្រើ​ប្រាស់​លើ​រឿង​មិន​ល្អ​អ្វី​មួយ​។

៥. ហ៊ាន​បញ្ចេញ​មតិ​តប​ត​​វិញ​

​​បើ​នរណា​ម្នាក់​ផ្ញើ​សារ​មក​អ្នក​មិន​សម​រម្យ អ្នក​អាច​ស្នើ​ឲ្យ​គេ​ឈប់​។ ប៉ុន្តែ​​​បើ​គេ​នៅ​តែ​មិន​បញ្ឈប់ អ្នក​អាច​ជ្រើស​យក​វិធី​ណា​មួយ​ក្នុង​បណ្តាញ​សង្គម ដូចជា Unfriend, Unfollow ឬ Block គេ​ចោល​បាន។ គួរ​ចៀស​ឱ្យ​បាន ការ​តបត​គ្នា​ដោយ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ ឬ​ជេរ​ប្រទេច​គ្នា​ តាម​បណ្ដាញ​សង្គម ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​មិត្តភាព​ផង និង​បាត់​បង់​តម្លៃ​របស់​ខ្លួន​យើង​ផង​។

៦. ​ប្រយ័ត្ន​ចំពោះ​រូបភាព​ទាក់​ទាញ​តាម​បណ្ដាញ​សង្គម

តាម​ការ​ស្ទង់​មតិ​មួយ​បាន​រក​​ឃើញ​ថា មនុស្ស​ស្រី​៧៤​ភាគរយ​ចូល​ចិត្ត​ប្រើ​រូបភាព​ទាក់​ទាញ​បង្ហោះ​លើ​បណ្តាញ​សង្គម ជា​ជាង​ការ​ប្រើ​ប្រាស់​រូប​ភាព​ពិត។ បើ​ដូច្នេះ អ្នក​ប្រហែល​ជា​ពិបាក​រក​មិត្តភក្តិ ឬ ដៃ​គូ​ស្នេហា​ឲ្យ​ស្មោះ​ត្រង់​ណាស់ ព្រោះ​ពួកគេ​ទំនង​ជា​លង់​ស្នេហ៍​តែ​លើ​ភាព​ស្រស់​ស្អាត​របស់​អ្នក​​ច្រើន​ជាង​។

៧. កុំ​ដាក់​រូប​សិច​ស៊ី​ជ្រុល​ពេក

ការ​ដាក់​ ឬ​បង្ហោះ​រូប​ភាព​សិច​ស៊ី​ជ្រុល​ពេក អាច​ចំណេញ​ដល់​ជន​ខិល​ខូច​មួយ​ចំនួន ដែល​អាច​យក​រូប​របស់​អ្នក​ទៅ​ធ្វើ​អ្វី​ផ្សេង ហើយ​​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​កិត្តិយស​ និង​សេច​ក្តី​ថ្លៃ​ថ្នូរ​។

៨. ទុក​ពេល​សម្រាក​សម្រាប់​ខ្លួន​ឯង

កុំ​អន់​ចិត្ត​ពេល​ឃើញ​រូប​ខ្លួន​ឯង​មិន​ទទួល​បាន Likes, Comment ឬ Share ច្រើន ហើយ​ចេះ​តែ​ផុស​ ឬ​អង្គុយ​ចាំ Notification នោះ។ ធ្វើ​បែបនេះ អ្នក​មិន​ត្រឹម​តែ​​រវល់ គ្មាន​ពេល​សម្រាក​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​គិត​ខ្វល់​ខ្វាយ អារម្មណ៍​មិន​ស្ងប់​ទៀត។ ដូចនេះ សូម​កុំ​យក​ចិត្ត​ទុក​ដាក់​លើ​វា​ថា​សំខាន់​ពេក!

ប្រភព៖ girlshealth

ប្រែសម្រួល៖ ភារី

អត្ថបទថ្មី