ប្រពៃណី​ប្លែក​ៗ​ទាក់​ទង​នឹង​កូន​ក្រមុំ​នៅ​តាម​ប្រទេស​​មួយ​ចំនួន​ដែល​អ្នក​មិន​ដឹង

  • 2017-06-28 06:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​រៀប​ការ​គឺ​ជា​ពេល​ដ៏​សប្បាយ​រីករាយ​​ក្នុង​ជីវិតស្ត្រីទាំង​ឡាយ។ វា​ជា​ពេល​ដែល​គេ​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ភរិយា​ និង​ត្រូវ​​មាន​គ្រួសារ​មួយ​ដោយ​ខ្លួន​ឯង​។ ​ពិធី​រៀប​ការ​តែង​​ខុស​គ្នា​ទៅ​តាម​ប្រទេស​នីមួយ​ៗ​ដោយ​ក្នុង​នោះ​ក៏​មាន​ពិធី​ប្លែក​ៗ​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ផង​ដែរ៖

១. ជប៉ុន​៖ ជា​ប្រពៃណី កូន​ក្រមុំ​មិន​មែន​ត្រឹម​តែ​ត្រូវ​ស្លៀក​ពាក់ kimono (ឈុត​ប្រពៃ​ណី​សម្រាប់​ស្ត្រី​) ប៉ុណ្ណោះ​ទេ​ តែ​ពេល​ខ្លះ​ត្រូវ​លាប​ខ្លួន​ពណ៌​ស​ពី​ក្បាល​ដល់​ចុង​​ជើង​ទៀត​ផង​ដើម្បី​បង្ហាញ​ពី​ភាព​បរិសុទ្ធ​របស់​ខ្លួន។ ​ជួន​កាល​គេ​ក៏​ពាក់​ក្បាំង​ពណ៌​ស​ពី​លើ​ក្បាល​​ដែរ។​

២. ឥណ្ឌា៖ ការ​ប្រារព្ធ​ពិធី​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​តំបន់​ និង​សាសនា​នីមួយ​ៗ​ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ការ​គូស​ជា​ក្បូរ​ក្បាច់​នៅ​លើ​​ដៃ​​ បាត​ដៃ​ ជើង​ និង​បាត​ជើង​​កូន​ក្រមុំ​ដោយ​ថ្នាំ​ពណ៌​ម្យ៉ាង (Henna) ​ដើម្បី​ជា​ការ​លម្អ។ មិន​ត្រឹម​តែ​កូន​ក្រមុំ​នោះ​ទេ​ មិត្តភ័ក្ដិ​ ឬ​សាច់ញាតិ​ស្រី​ៗ​ក៏​ចូល​រួម​គូស​លម្អ​បែប​នេះ​ដែរ។

៣. ចិន៖ កូន​ក្រមុំ​​ប្រទេស​នេះ​ត្រូវ​ស្លៀក​ពណ៌​ក្រហម​ព្រោះ​វា​តំណាង​ឲ្យ​សំណាង​ល្អ​ និង​​ការ​​បណ្ដេញ​​ភាព​ចង្រៃ​ចេញ​ពី​ជីវិត​គូស្នេហ៍​ថ្មី​ថ្មោង។ កូន​ក្រមុំ​នៅ​ចិន​ច្រើន​រៀប​ការ​នៅ​អាយុ​ក្មេង​ៗ​​​ព្រោះ​បើ​ដល់​អាយុ​ ៣០ ហើយ​មិន​ទាន់​រៀប​ការ​ទៀត​ គេ​នឹង​ចាត់​ទុក​ថា​នៅ​ក្រមុំ​ចាស់​ហើយ។​

៤. អាល្លឺម៉ង់៖ តាម​ទំនៀមទម្លាប់ គេ​ត្រូវ​បំបែក​ចាន​នៅ​​ថ្ងៃ​រៀប​ការ​ដើម្បី​នាំ​សំណាង​ល្អ។ ម្យ៉ាង​ទៀត​គេ​ក៏​មាន​លេង​ល្បែង​ម្យ៉ាង​ដែល​​ឈ្មោះ​ថា​ Brautentführung ដែល​មិត្ត​របស់​កូន​ក្រមុំ​​ចាប់ជំរិត​យក​នាង​ទៅ​ញ៉ាំ​ស្រា​ជាមួយ​គ្នា​ហើយ​ឲ្យ​កូន​កំលោះ​រក​ពួក​គេ​ឲ្យ​ឃើញ។

៥. អាហ្វហ្គានីស្ថាន៖ រៀប​ការ​ជា​ពិធី​ធំ​ក្នុង​ប្រទេស​នេះ​ដោយ​វា​ប្រព្រឹត្ត​ទៅ​បី​ថ្ងៃ​ឯណោះ។ ពណ៌​សម្រាប់​រៀប​ការ​គឺ​បៃតង​ដែល​​តំណាង​ឲ្យ​សាសនា​ឥស្លាម។ កូន​ក្រមុំ​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​គេ​តុបតែង​​ដៃ​និង​ជើង​ដោយ​ការ​គូស​នូវ​​ក្បាច់​លម្អ​ម្យ៉ាង​​យ៉ាង​ស្អាត​ហៅ​ថា​ Henna ​(ដូច​កូន​ក្រមុំ​នៅ​ឥណ្ឌា​ដែរ) មុន​ពេល​ចាប់​ផ្ដើម​ពិធី​រៀប​ការ។ សាច់ញាតិ​​​របស់​កូន​ក្រមុំ​ ឬ​ស្រីៗ​​នៅ​លីវ​ផ្សេង​​ទៀត​ក៏​គូស​លម្អ​​របៀប​នេះ​លើ​ដៃ​កូន​ដែរ​ព្រោះ​គេ​មាន​ជំនឿ​ថា​វា​នឹង​ជួយ​ឲ្យ​គេ​ឆាប់​​មាន​ប្ដី។

៦. ប្រទេស​មិកស៊ិក៖ កូន​ក្រមុំ​ក្នុង​ប្រទេស​​អាច​ប្រើ​ពណ៌​ច្រើន​សម្រាប់​លម្អ​ពី​លើ​​ឈុត​ពណ៌​ស​​របស់​គេ​ដូច​ជា​ពណ៌​លឿង​ ខៀវ​ ឬ​ប្រើ​បូ​ក្រហម​ជា​ដើម។​ ​គេ​ជឿ​ថា​​ពណ៌​ទាំង​នេះ​អាច​នាំ​លុយ​ អាហារ​ និង​ភាព​ជោគជ័យ​ចូល​ក្នុង​ជីវិត​គេ​បាន។

៧.​ អ៊ីតាលី៖ នៅ​ប្រទេស​នេះ​ កូន​ក្រមុំ​ប្រើ​រ៉ូប​​ពណ៌​ស​សុទ្ធ​យ៉ាង​ស្រស់​ស្អាត។ ក្នុង​ពិធី​រៀប​ការ​ កូនកំលោះ​កូន​ក្រមុំ​ត្រូវ​ឲ្យ​ផ្លែ​ Almonds ទៅ​ភ្ញៀវ​ដែល​ចូល​រួម ​ហើយ​ភ្ញៀវ​មិន​​ត្រូវ​​បំបែក​ផ្លែ​​​នេះជា​ពីរ​ទេ​​ព្រោះ​ផ្លែ​នេះ​​តំណាង​ឲ្យ​គូ​ស្វាមី​ដែល​​ត្រូវ​រស់​នៅ​ជាមួយ​គ្នា​​មិន​អាច​បំបែក​បាន៕

អាន៖ បារម្ភ​សុវត្ថិភាព​កាបូប​អីវ៉ាន់​​ពេល​ធ្វើ​ដំណើរ គួរ​ធ្វើ​យ៉ាង​ណា​ល្អ?

អាន៖ ល្បិច​​ងាយ​មួយ​ដើម្បី​ទុក​ផ្កា​ឲ្យ​នៅ​ស្រស់​ស្អាត​បាន​យូរ

ប្រភព៖ thelist ប្រែ​សម្រួល៖ Chhai Yarith