៥ យ៉ាង​ត្រូវ​ដឹង បើ​មិន​ចង់​ខ្ជះខ្ជាយ​លុយ​ឥតប្រយោជន៍​លើ​ការ​ត​រោមភ្នែក

  • 2017-06-26 03:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភ្នែក​ជា​កន្លែង​ដែល​ទាក់ទាញ​បំផុត​សម្រាប់​ស្ត្រី ដូចនេះ​ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត យុវតី​សម័យ​ឥឡូវ​ភាគច្រើន​ជ្រើស​យក​ការ​ត​រោមភ្នែក។ តែ​មុន​នឹង​​ត​រោម​ភ្នែក កញ្ញា សូម​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​មួយ​ចំនួន ដើម្បី​ឲ្យ​បងប្អូន​ស្រី​ៗ​ពិចារណា។ រឿង​ទាំង ៥ យ៉ាង​ខាងក្រោម យើង​គួរតែ​​ដឹង បើ​មិន​ចង់​ខ្ជះខ្ជាយ​លុយ​លើ​ការ​ត​រោមភ្នែក​ដោយ​ឥតប្រយោជន៍៖

១.មាន​តម្លៃ​ថ្លៃ៖ ការ​ត​រោម​ភ្នែក​ទាំង​សងខាង​មាន​តម្លៃ​ខ្ពស់​ចាប់ពី ២០-៣៥ ដុល្លារ។ នេះ​អាច​ចាត់​ទុក​ថា​ថ្លៃ​ហើយ ព្រោះ​បើ​ប្រៀបធៀប​ទៅ​នឹង​សាក់ ឬ​ប៉ាក់​ចិញ្ចើម​ដែល​ចំណាយ​ពេល និង​វត្ថុ​ធាតុ​ដើម​ច្រើន​ជាង​នេះ តែ​តម្លៃ​ប្រហាក់ប្រហែល​គ្នា។ តែ​ការ​ត​រោម​ភ្នែក​មិន​សូវ​អស់​អ្វី​សោះ​ដោយ​គ្រាន់តែ​អង្គុយ​ឈ្ងោក​មុខ​ត្រឹម ១ ម៉ោង​ប៉ុណ្ណោះ។

២.ពិបាក​ថែរក្សា៖ ការ​ត​រោម​ភ្នែក​យ៉ាង​យូរ ៤ សប្ដាហ៍ ឬ​លើស​នេះ​បន្តិច​បន្តួច សម្រាប់​អ្នក​ពូកែ​ថែ​ណាស់។ តែ​បើ​សម្រាប់​អ្នក​មិន​សូវ​ចេះ​ថែ​តែ ២ សប្ដាហ៍​យ៉ាង​យូរ​បំផុត ហើយ​វា​កាន់តែ​លំបាក​ខ្លាំង​នៅ​ពេល​ត្រូវ​ទឹក ដូចនេះ​ត្រូវ​ជូត​សម្អាត​មុខ​សើម​ភ្លាម​ៗ​បន្ទាប់ពី​ងូត​ទឹក ព្រោះ​បើ​មាន​ទឹក​យូរ​នៅ​លើ​រោម​ភ្នែក អាច​ជ្រុះ​រោម​ភ្នែក​ដែល​ត​នោះ​បាន។

៣.ថែម​រោម​ភ្នែក​បន្ត៖ បន្ទាប់​ពី​ជ្រុះ​រោមភ្នែក​ខ្លះ​ៗ​ហើយ ១សប្ដាហ៍​ម្ដង​យើង​​ត្រូវ​ទៅ​ថែម ដោយ​ថែម​រោមភ្នែក​ម្ដង​អស់ ៥ ដុល្លារ​ទៀត។ ដូចនេះ​ធ្វើឲ្យ​ការ​ចំណាយ​លើ​រោមភ្នែក​ត កាន់តែ​ច្រើន​ឡើង​ៗ។

៤.ជ្រុះ​រោមភ្នែក៖ ពេល​ដែល​ត​រោមភ្នែក​ក្លែងក្លាយ​យូរ​ៗ​ទៅ នឹង​ធ្វើឲ្យ​រោមភ្នែក​ពិត និង​មិន​ជ្រុះ​មក​ឯង​ៗ​ទាំង​អស់ ព្រោះ​ទាំង​របស់​ពិត និង​ក្លែងក្លាយ​សុទ្ធតែ​ត្រូវ​ប្រជ្រៀត​គ្នា​នៅ​គល់​រោម​ភ្នែក។

៥.ឈឺ​ភ្នែក៖ ជា​ធម្មតា​ពេល​ក្រាក​ពី​គេង​តែង​មាន​រោម​ភ្នែក​​ជ្រុះ​ចូល​ភ្នែក តែ​មិន​សូវ​បង្ក​ភាព​ឈឺចាប់​ដល់​កែវ​ភ្នែក​ឡើយ។ តែ​ពេល​ត​រោមភ្នែក​ក្លែងក្លាយ​វា​នឹង​ជ្រុះ​ចូល​ភ្នែក ហើយ​មាន​ភាព​ឈឺចាប់​ខ្លាំង ព្រោះ​រោម​ភ្នែក​ត​មាន​សភាព​រឹង​ខ្លាំង៕

ចុចអាន៖ចង់​បាន​ស្បែក​ស្រស់​ស្អាត​​ក្មេង​ជាង​វ័យ​ កុំ​ភ្លេច​ញ៉ាំ​ផ្លែឈើ​ ៧​ មុខ​នេះ

ប្រភព៖ glamour ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម