ពេល​នេះ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ហត់​នឿយ​នឹង​ស្នេហា​ខ្លាំង​ណាស់

  • 2017-06-14 07:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ធ្លាប់​មាន​អារម្មណ៍​ថា​ហត់​នឹង​ស្នេហា​ទេ? ហើយ​ធ្លាប់​គិត​ថា​គ្មាន​ស្នេហា​ជីវិត​យើង​នឹង​ល្អ​ជាង​នេះ​ទេ?

ពេល​នេះ​ខ្លួន​ខ្ញុំ​មាន​អារម្មណ៍​ថា​ហត់​ខ្លាំង​ណាស់​ ហើយ​​ឲ្យ​តែ​ឮ​ពាក្យ​ថា​« ស្រឡាញ់» ខ្ញុំ​ចាប់​ផ្ដើម​ស្អប់ ចាប់​ផ្ដើម​ចង់​ដើរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​វា។

ការពិត​ខ្ញុំ​គឺ​ជា​មនុស្ស​ដែល​រីករាយ​ណាស់ ជីវិត​ខ្ញុំ​ស្រស់​ស្រាយ​ សេរី​ភាព​ និង​ស្រស់​ស្អាត​បំផុត ប៉ុន្តែ​ចាប់​តាំង​ពី​ខ្ញុំ​បាន​ស្គាល់​ស្នេហា​មក ជីវិត​ខ្ញុំ​ចាប់​ផ្ដើម​ទទួល​រង​នូវ​ភាព​ឈឺចាប់​ ទឹកភ្នែក និង​ ការ​គ្រាំចិត្ត​ជា​ច្រើន។ មនុស្ស​ប្រុស​ដែល​បាន​ដើរ​ចូល​ក្នុង​ជីវិត​របស់​ខ្ញុំ​សុទ្ធ​តែ​មិន​មែន​ការ​ពិត គឺ​សុទ្ធ​តែ​ជា​សុបិន ព្រោះ​គេ​​បាន​ដើរ​ចូល​ហើយ​ក៏​ដើរ​ចេញ​វិញ​ទាំង​គ្មាន​ហេតុផល និង ហេតុផល​ដ៏​គួរ​ឲ្យ​អស់​សំណើច​បំផុត។ ការ​ខូច​ចិត្ត​ម្ដង​ជា​ពីរ​ដង ភាព​ឯកា​តែង​តែ​មាន​ពេល​ដែល​គេ​បាន​ជួប​អ្វី​ដែល​គេ​ចង់​បាន ហើយ​បោះបង់​ម្នាក់​ទៀត​ដែល​ខំ​កំដរ​គេ ដើរ​ផ្លូវ​ជាមួយ​គេ​អស់​ពេល​ជាយូរ។

រូបតំណាង

ចិត្ត​ខ្ញុំ​ពេលនេះ​របួស​ខ្លាំង​ណាស់ របួស​រហូត​ដល់​មិន​ចង់​ដើរ​លើ​ផ្លូវ​នេះ​ទៀត ខ្ញុំ​ចង់​សម្រាក​ ខ្ញុំ​ចង់​ទុក​ពេល​ព្យាបាល​ភាព​ឈឺចាប់​ដែល​មនុស្ស​ប្រុស​បាន​ប្រគល់​ឲ្យ​ខ្ញុំ។

ខ្ញុំ​មិន​ចង់​ឲ្យ​ទឹក​ភ្នែក​ខ្ញុំ​ស្រក់​ទៀត​ទេ ព្រោះ​កន្លង​មក​វា​ហូរ​ស្ទើរ​តែ​ខ្សោះ​ទៅ​ហើយ។ មាន​តែ​អ្នក​ដែល​ធ្លាប់​ជួប​អារម្មណ៍​ហ្នឹង​ទេ ទើប​យល់​ពី​ស្ថានភាព​ខ្ញុំ​ពេល​នេះ ខ្ញុំ​គ្មាន​ម្លាំង ខ្ញុំ​គ្មាន​អារម្មណ៍​អ្វី​ទាំង​អស់ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លាច​ស្នេហា ជា​ពិសេស​ខ្លាច​ពាក្យ​មនុស្ស​ប្រុស​ដែល​ថា « ស្រឡាញ់» ខ្ញុំ។

រូបតំណាង

​​ខ្ញុំ​ចង់​ប្រើ​ពេល​នេះ​មើល​ថែ​ខ្លួន​ឯង ហើយ​ចង់​រស់​នៅ​ជាមួយ​ខ្លួន​ឯង ជាជាង​ចំណាយ​ពេល​ឲ្យ​មនុស្ស​ប្រុស​ដែល​មិន​ពិត​ប្រាកដ​ជាមួយ​ជីវិត​ខ្ញុំ។ ខ្ញុំ​លែង​ជឿជាក់​លើ​ស្នេហា​​ហើយ ខ្ញុំ​មិន​ចង់​ឲ្យ​ខ្លួន​ឯង​ត្រូវ​ដេក​យំ​រហូត​ដល់​គេង​លក់​ទៀត​នោះ​ទេ។ សង្ឃឹម​ថា​អ្វី​ៗ​នឹង​ឆាប់​ធូរ​ស្រាល​ជាង​នេះ​ ហើយ​ខ្ញុំ​នឹង​អាច​ត្រឡប់​ទៅ​រក​ជីវិត​ពី​មុន​បាន គឺ​ជីវិត​ដែល​មិន​ធ្លាប់​យំ​ដោយ​សារ​ស្នេហា។​​

ពី៖ នារី​ដែល​ចាញ់​រឿង​ស្នេហាម្នាក់

អត្ថបទ៖ ផេង ផលធិតា