បេះដូងមនុស្សស្រីមិនមែនជាកន្លែងដែលអ្នកត្រូវយកមកលេងសើចនោះទេ
- 2017-06-13 02:29:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេះដូងមនុស្សស្រីមិនមែនជាកន្លែងដែលអ្នកត្រូវយកមកលេងសើចនោះទេ
អ្នកដឹងអត់ថាបេះដូងខ្ញុំគឺជាសរីរាង្គមួយដែលសំខាន់បំផុត ព្រោះបើវាឈប់លោតនោះខ្ញុំនឹងស្លាប់។
មួយរយៈកន្លងមកនេះអ្នកមានដឹងថាអ្នកបានធ្វើឲ្យបេះដូងខ្ញុំរបួសប៉ុណ្ណាទេ? ពីមួយថ្ងៃទៅមួយថ្ងៃទ្រូងខាងឆ្វេងមួយនេះតែងតែទទួលរងនូវភាពឈឺចាប់ដែលអ្នកបានប្រគល់ឲ្យ ពីភាសាដែលធ្លាប់ផ្អែមល្ហែម កាយវិការទន់ភ្លន់ និង ការយកចិត្តទុកដាក់ អ្នកចាប់ផ្ដើមដើរចេញពីខ្ញុំបន្តិចម្ដងៗ។ អ្នកចាប់ផ្ដើមព្រងើយកន្តើយដាក់ខ្ញុំ អ្នកចាប់ផ្ដើមមានហេតុផលជាច្រើន ហើយអ្នកចាប់ផ្ដើមអាត្មានិយមមកលើស្នេហាខ្ញុំ។
អ្នកចាប់ផ្ដើមប្រាប់ខ្ញុំថា អ្នកជាមនុស្សប្រុសមិនល្អ ឲ្យខ្ញុំឈប់ស្រឡាញ់អ្នកទៅ ព្រោះអ្នកយកខ្ញុំគ្រាន់តែកំដរភាពឈឺចាប់ដែលអ្នកចាស់បានផ្ដល់ឲ្យអ្នក ប៉ុន្តែអ្នកប្រហែលជាភ្លេចហើយថាអ្នកកំពុងតែធ្វើបាបចិត្តមនុស្សស្រីម្នាក់ដែលស្រឡាញ់អ្នកខ្លាំង ហើយវាមិនអាចឈប់ស្រឡាញ់ភ្លាមៗដូចដែលអ្នកប្រាប់ខ្ញុំបានទេ។
តាំងពីដំបូងមកអ្នកបានប្រាប់ខ្ញុំថា អ្នកស្រឡាញ់ខ្ញុំជាខ្ញុំ ហើយអ្នកមិនដែលនឹកនាអ្នកចាស់ឡើយ ព្រោះពេលនេះអ្នកសប្បាយចិត្តពេលដែលមានខ្ញុំ ហើយអ្នកនឹងកាន់ដៃខ្ញុំរហូតមិនលែងនោះទេ តែពេលនេះពាក្យទាំងនោះទៅណាអស់ហើយ ឬគ្រាន់តែនិយាយឲ្យតែគ្រប់កិច្ចទេ។ អ្នកលេងសើចនឹងបេះដូងខ្ញុំពេកហើយ ចង់ស្រឡាញ់ក៏ស្រឡាញ់ ចង់ទៅក៏ប្រាប់ថាខ្លួនឯងមិនល្អ ចុះបើដឹងថាមិនល្អ ម៉េចក៏មិនប្រាប់តាំងពីដំបូងមក ចាំបាច់ដល់ពេលនេះទើបប្រាប់ខ្ញុំ។ ខ្ញុំចង់និយាយប្រាប់អ្នកថា វាហួសពេលហើយដែលនិយាយថាអ្នកជាមនុស្សមិនល្អ ព្រោះខ្ញុំបានស្រឡាញ់មនុស្សអាក្រក់ដូចអ្នកខ្លាំងទៅហើយ ពេលនេះអ្វីដែលនៅសល់គឺភាពឈឺចាប់ ភាពឯកា និង រឿងរ៉ាវជាច្រើនក្នុងការចងចាំរបស់ខ្ញុំម្នាក់ឯងតែប៉ុណ្ណោះ។
ខ្ញុំអាចសុំអ្វីពីអ្នកមួយបានទេ? សុំអ្នកកុំដើរយកបេះដូងមនុស្សស្រីជាការលេងសើច ការកំដររបស់អ្នកទៀតអី ព្រោះនាងមិនបានដឹងអីនោះទេ កុំធ្វើបាបអ្នកផ្សេងដូចដែលអ្នកបានធ្វើបាបខ្ញុំ ព្រោះខ្ញុំស្គាល់រសជាតិនេះហើយ កុំឲ្យអ្នកក្រោយស្គាល់ទៀតអី ព្រោះវាល្វីង វាវេទនាណាស់។
ពី៖ មនុស្សស្រីម្នាក់ដែលអ្នកលេងសើច