ពិតអត់ដែលថាមនុស្សស្រី ទាល់តែមានសង្សារទើបចេះធ្វើខ្លួន ដើម្បីផ្គាប់ចិត្តគេ?
- 2017-03-03 03:15:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតអត់ដែលថាមនុស្សស្រី ទាល់តែមានសង្សារទើបចេះធ្វើខ្លួន ដើម្បីផ្គាប់ចិត្តគេ?
មនុស្សភាគច្រើនតែនិយាយថា ស្រីៗពេលមិនទាន់មានសង្សារមិនសូវចេះតែងខ្លួនទេ តែពេលមានសង្សារបានហ៊ានលេងម៉ូដខោអាវស្អាតៗ ហើយចេះតុបតែងមុខ។ ចឹងគំនិតដែលថា មនុស្សស្រីទាល់តែមានសង្សារទើបចេះធ្វើខ្លួន ដើម្បីផ្គាប់ចិត្តគេ គឺជារឿងពិតអត់?
អាភា៖ «មានសង្សារត្រូវតែផ្គាប់ចិត្តគេចឹងហើយ។ តែមិនទាំងអស់ឡើយ គ្រាន់តែធ្វើខ្លួនឲ្យស្អាតពេលនៅជាមួយគាត់ទៅ ហើយពេលយើងនៅផ្ទះ ឬទៅជាមួយមិត្តភ័ក្ដិយើងធ្វើខ្លួនធម្មតាៗទៅបានហើយ»។
**កណ្ណិកា**៖ «ចំពោះខ្ញុំនេះជារឿងពិតបង។ ពីមុនខ្ញុំមិនសូវចេះរៀបចំខ្លួនទេ តែក្រោយមានសង្សារ ខ្ញុំចេះតែងខ្លួនច្រើនជាងមុន ហើយគាត់ថាមនុស្សស្រីឲ្យតែធ្វើខ្លួនស្អាតៗ មិត្តប្រុសទៅណាចោលមិនរួចទេ»។
ចិន្ដា៖ «តាំងពីមុនពេលមាន រហូតដល់មានសង្សារ ហើយឥឡូវបែកគ្នាទៀត ខ្ញុំជាមនុស្សចូលចិត្តធ្វើខ្លួនស្រាប់ហើយនឹង។ ចឹងហើយខ្ញុំគិតថាការធ្វើខ្លួននេះមិនមែនតែផ្គាប់ចិត្តមនុស្សប្រុសទេ។ ត្រូវចាំថាបុរសដែលស្រលាញ់យើងពិតមិនមែនមើលលើរូបសម្រស់ខាងក្រៅឡើយ»។
សុធារ័ត្ន៖ «សម្រាប់ខ្ញុំគំនិតដែលថាមនុស្សស្រីតែងខ្លួន ដើម្បីឲ្យមនុស្សប្រុសចាប់អារម្មណ៍អីនេះ មិនសូវជាត្រូវទេ។ ព្រោះស្រីៗយើងត្រូវការភាពស្រស់ស្អាតជានិច្ច ដូចនេះហើយទោះគ្មានសង្សារ ឬមាន គឺត្រូវតែមានការលម្អខ្លួនឲ្យស្អាតចឹងហើយ»។
ស្រីពៅ៖ «ស្រីៗត្រូវចាំថា មិនមែនទាល់តែមានសង្សារទើបត្រូវចេះធ្វើខ្លួនឲ្យស្អាតទេ តែបើទោះមានប្ដី ឬគ្មានអ្នកស្រលាញ់ក៏ដោយយើងត្រូវធ្វើខ្លួនឲ្យស្អាតៗដែរ ទើបជីវិតមនុស្សស្រីដូចយើងពោរពេញដោយភាពស្រស់ស្អាត»។
ចាន់នី៖ «ហឹមមមម ពិបាកនិយាយណាស់បង ទស្សនៈខាងលើពេលខ្លះអាចត្រូវក៏បានថា។ ព្រោះពេលយើងមានសង្សារបើមិនសូវជាចេះស្លៀកពាក់ឲ្យបានស្អាតបាតទេ ធ្វើឲ្យសង្សារអាប់មុខក៏ថាបាន។ តែការចេះស្លៀកពាក់តាមកាលៈទេសៈទើប ជាការប្រសើរសម្រាប់នារី»៕
ចុះមិត្តៗនារីដទៃគិតម៉េចដែរ!