គូស្នេហ៍​មួយ​គូចូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង និង​ប្រាប់​គន្លឹះ​ចំណាយ​តិច​

  • 2017-02-07 09:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ចូល​ចិត្ត​ដើរ​ផ្សង​ព្រេង ដំណើរ​កម្សាន្ត​អាច​ជា​ថ្នាំ​មួយ​ប្រភេទ​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ប្រសើរ​ និង​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ​ ប្លែកៗ​ ប្រចាំ​ជីវិត​ ព្រម​ទាំង​អាច​ជួយ​ឲ្យ​ អ្នក​ចាក​ឆ្ងាយ​ពីភាព​ស្រេ្តស​ ហត់​នឿយ​ លើបញ្ហា​ការងារ​ ការសិក្សា វិបត្តិ​ស្នេហា​ និង​បញ្ហា​ក្នុង​គ្រួសារ​ផង​ដែរ។

ឈរលើ​ទស្សនៈ​នេះ អ្នក​នាង​ គឹម​ សុធា​ថង​ឌី ហៅ អេម​មី និង​ស្វាមី​ បាន​ចាប់​ដៃរួម​ចិត្ត​គ្នាតាំង​ពី​ឆ្នាំ​ ២០១១​មក​ម្ល៉េះ ផ្តើម​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​ដោយ​ខ្លួន​ឯង ដោយ​មិន​ពឹង​ពាក់​មគ្គទេសក៍​ទេស​ចរ​ (Tour Guide) ទេ។ ពួកគេ​ចាត់​ទុក​ដំណើរ​ទេសចរណ៍​ថា​ ជាការ​ស្រាវ​ជ្រាវ​ពីតំបន់​ណា​មួយ​ដែលពួកគេ​ចង់​ដឹង​ ដោយ​ពួក​គេ​ឲ្យ​តម្លៃ​ទៅ​លើ​សេរីភាព​ជា​ជាង​​ការ​កំណត់​ទិស​ដៅ និង​ពេល​វេលា​ដែល​មគ្គទេសក៍​តែងតែធ្វើ។

ចំពោះ​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរ ផលិតករ​ភាពយន្ត​នៅ​ស្ថានីយ​ទូរទស្សន៍ PNN រូប​នេះ​បញ្ជាក់​ថា ពួកគេ​ត្រូវ​ពឹង​លើ Trip​ on ​Budget​ មាន​ន័យ​ថា ពួក​គេ​តែង​គិត​ទុក​ជា​មុន​មួយ​ឆ្នាំ​លើ​គម្រោងថវិកា​សម្រាប់​ដើរ​កម្សាន្ត។ ពួក​គេ​ត្រូវ​សន្សំ​ប្រាក់​នៅ​ដើម​ឆ្នាំ ទើប​អាច​យក​ទៅ​ចាយក្នុង​ដំណើរ​កម្សាន្ត​​ចុង​ឆ្នាំ​ តួ​យ៉ាង​សម្រាប់​ប្រទេស​ជិត​ខាង​ដូច​ជា ​វៀតណាម ថៃ អេមមី​ត្រូវ​មាន​ថវិកា​ក្នុង​ដៃ ចន្លោះ​ពី ៥០០​ ទៅ ១០០០​ដុល្លារ​ និង​ប្រទេស​រាង​ឆ្ងាយ​បន្តិច​ គឺ​ ចន្លោះ​ពី ១០០០​ ទៅ​ ៣០០០​ដុល្លារ​ តែ​ការ​ចំណាយ​ធំ​បំផុត​ គឺ​សំបុត្រ​យន្ត​ហោះ ​ក្រៅ​ពី​ហ្នឹង​ ជា​ការ​ចំណាយ​បន្ទាប់​បន្សំ​ប៉ុណ្ណោះ។

ជម្រើស​ដ៍​ល្អ​មួយ​ទៀត​របស់​ពួក​គេ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ គឺជ្រើស​រើស​ការ​ធ្វើ​ដំណើរ​កម្សាន្ត​​​រដូវ​កាល​មិនសូវសម្បូរភ្ញៀវ (Low season) ព្រោះ​រដូវ​នេះ​តម្លៃ​ទំនិញ រួម​ទាំង​ថ្លៃ​ស្នាក់​នៅ ការ​ធ្វើ​ដំណើរ សំបុត្រ​ចូល​កន្លែង​កម្សាន្ត​មាន​តម្លៃ​សម​រម្យ​ ឬធូរ​ថ្លៃ​ជាង​ធម្មតា​ ដូច្នេះ​ពួកគេ​អាច​សន្សំ​សំចៃ​ថវិកា​បាន​មួយ​ចំនួន​ទៀត។

ដំណើរកម្សាន្តរបស់អេម​មី និង​ស្វាមីទៅប្រទេសម៉ាឡេស៊ី

វ័យទើបតែ៣០ឆ្នាំ អេមមី និងស្វាមី​បាន​ធ្វើ​ដំណើរ​កម្សាន្តរួម​គ្នា​ជា​ច្រើន​ប្រទេស​នៅ​អាស៊ី មាន ប្រទេស​វៀតណាម​ ថៃ​ ម៉ាឡេស៊ី​ សិង្ហ​បុរី​ ហុង​កុង​ ចិន​ (ប៉េកាំង​ សៀង​ហៃ) ជា​ដើម។ ​ដំណើរ​ផ្សង​ព្រេង​ តែង​ប្រឈម​នឹង​ឧបសគ្គ​ តួ​យ៉ាង​ អំឡុង​ពេល​ពួក​គេ ទៅលេងនៅលើ ភ្នំ​មួយ​នៃ​ប្រទេស​ម៉ាឡេស៊ី ពួក​គេ ជក់​ចិត្ត​នឹង​ទេសភាព​ពេក​ ក៏​ភ្លេច​មើល​ម៉ោង​។ ពួក​គេនៅ​លេង រហូត​ម៉ោង​ ៧យប់ ​គឺ ចំពេល​ឡាន​ក្រុង​បិទ​ចរាចរ​ណ័ឲ៍ល្មម​ ទើប​គ្មាន​ឡាន​ណា​មួយ​ បើក​កាត់​ឡើយ ព្រោះ​វា​ឆ្ងាយ​ពី​ក្រុង​ពេក។ ពួក​គេត្រូវ​ចំណាយ​លុយ​ដល់​ទៅ​ ១០០​ដុល្លារ​ លើ​សោហ៊ុយ​ធ្វើដំណើរ​ ដើម្បី​ស្នើ​ឲ្យ​ អ្នក​តាក់​ស៊ីម្នាក់ ព្រម​ដឹក​ពួក​គេមក​ដល់​ក្រុង​វិញ។ សម្រាប់​ អេមមី ត្រឹម​ចំណាយ​លុយ​លើស​ មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច​ទេ តែពួកគេ​បារម្ភ​ពីសុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ពេល​យប់​ ជាមួយ​នឹង​ជន​ប្លែក​មុខ។

គូស្នេហ៍​ដែល​និយម​ទៅកម្សាន្តក្រៅ​ប្រទេស​ មួយ​គូ​នេះ នៅ​តែ​បន្ត​បេសកម្ម​លើ​គម្រោង​ដើរ​កំសាន្ត​ក្នុង​ឆ្នាំ​ ២០១៧ទៀត គឺចង់​ទៅលេងប្រទេស​ជប៉ុន​ ឬ កូរ៉េ​ខាង​ត្បូង​ ដែល​ជា ​ប្រទេស​ក្នុង​ក្តី​ស្រមៃ​។ ដំណើរ​កម្សាន្ត​លើក​នេះ វា​អាច​មិន​ងាយ​ស្រួល​ ដូច​​មុន​ៗទេ ព្រោះ​ប្រទេសទាំង២នេះ​តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរបំពេញ​លក្ខ​ខណ្ឌ​ច្រើន​យ៉ាង​ មុន​ពេល​ទទួលបាន​ទិដ្ឋាការ​។

បើ​និយាយ​ពី​បទ​ពិសោធន៍​ល្អ​ ដែល​គួរ​ចងចាំវិញ គូ​ស្នេហ៍​មួយ​គូ​នេះ​អាច​ឃើញ​នឹង​ភ្នែក​នូវ​ពិភព​លោក​ខាង​ក្រៅ​ ថា​វាបាន​ដើរដល់​ណា​ហើយ​ វា​ជា​ក្តី​សង្ឃឹម​​មាន​តម្លៃ​បំ​ផុត មុន​យើង​ចាស់​ទៅ ហើយ​ការ​ចំណាយ​របស់​យើង​បាន​តប​ស្នង​មក​វិញ លើក​ទឹក​ចិត្ត ខំប្រឹង​ធ្វើការ ឲ្យ​ខំ​ប្រឹង​សន្សំ​លុយ ។ហើយ​ការ​ដើរ​កម្សាន្ត​គឺ​ពិត​ជា​បង្ហាញ​ពី​ភាព​ក្លាហាន និង​ចំណេះ​ដឹង​បន្ថែម​ រីក​ចំរើន​ដោយ​មិន​ដឹង​ខ្លួន។

ជារួម ការ​កំសាន្ត​បែប​ជាលក្ខណៈ​គូ​ស្នេហ៍​ ឬមនុស្សសំខាន់​បំផុត​ក្នុង​ជីវិត​ ជា​បទ​ពិសោធន៍​មួយ​​មិន​អាច​កាត់​ថ្លៃបាន ជាអនុស្សាវរិយ៍​ដែល​អាច​ចងចាំ​ពេញ​មួយ​ជីវិត​តែ​ម្តង​ និង​មិន​មាន​អារម្មណ៍​ថា​ស្តាយ​ក្រោយឡើយ៕

អត្ថបទៈ ឆដាភា

អត្ថបទពេញនិយម