កុំខ្លាចជីវិត Single ចាំជួបបុរសពិតក្នុងបេះដូង សឹមរៀបការជាមួយ

  • 2020-04-17 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តើ​អ្នក​ដឹង​ទេ​ ​នៅ​ពេល​អ្នក​កំពុង​រអ៊ូ​ពី​ជីវិត​ដែល​មិន​ទាន់​ដល់​គូ ​ខណៈ​នោះ​ក៏​មាន​មនុស្ស​ជា​ច្រើន​​កំពុង​ធុញ​ទ្រាន់​នឹង​ជីវិត​ស្នេហា ​ព្រោះ​តែ​រើស​មនុស្ស​ខុស​។ ​ស្នេហា​និង​សុភមង្គល ពិត​ជា​​មក​​ដល់​នៅ​ពេល​អ្នក​ជួប​​បុរស​ពិត​ប្រាកដ​ម្នាក់ ​ហើយ​អ្នក​ទាំង​ពីរ​ត​ស៊ូ​​រក្សា​ចំណង​​ស្នេហ៍​នោះ​ដោយ​មិន​រាថយ​។

រូបតំណាង

​​​​​ដូច្នេះ បើ​អ្នក​មិន​ទាន់​ជួប​បុរស​​ម្នាក់​នោះ​នៅ​ឡើយ វា​មិន​មែន​ជា​បញ្ហា​ធំ​​ទេ។ ​គ្រាន់​តែ​រស់​នៅ​បែប Single សិន ​និង​រីក​រាយ​​ឲ្យ​សប្បាយ​​តាម​វ័យ​របស់​អ្នក​ គឺ​​ពិត​ជា​អស្ចារ្យ​ខ្លាំង​ហើយ។ ​​​​នៅ​ថ្ងៃ​ណា​មួយ ​ខ្ញុំ​នឹង​ជួប​ Mr. Right ​ដែល​មាន​ភាព​ប្រាកដ​ប្រជា​មិន​យក​មនោសញ្ចេតនា​ខ្ញុំ​លេង​សើច ព្រម​ដើរ​កាន់​ដៃ​​ខ្ញុំ​លើ​វិថី​មួយ ​ហើយ​តែង​នៅ​ក្បែរ​ខ្ញុំ​ជា​និច្ច។ ​​គាត់​ជា​មនុស្ស​ប្រុស​ម្នាក់​ហ៊ាន​ប្រាប់​គេ​គ្រប់​​គ្នា​ថា ខ្ញុំ​ជា​មនុស្ស​ស្រី​ដែល​គាត់​ស្រលាញ់​នៅ​កណ្ដាល​ហ្វូង​មនុស្ស។ ​គាត់​ក៏​ហ៊ាន​នាំ​ខ្ញុំ​ឲ្យ​ស្គាល់​មិត្ត​ភក្កិ ​រួម​ទាំង​ក្រុម​គ្រួសារ​របស់​គាត់​ផង​ដែរ។ ​

រូបតំណាង

សុខ​ចិត្ត​នៅ​ Single ​សិន​រហូត​ដល់​​ប្រទះ​នឹង​បុរស​ដែល​ខ្វល់​ពី​អ្នក​ ​គាត់​រួច​រាល់​ដើម្បី​​ដើរ​ជាមួយ​គ្នា​ទោះ​អ្នក​កំពុង​មាន​បញ្ហា​ក៏​ដោយ។ ​បុរស​ម្នាក់​ដែល​តែង​រក្សា​ពាក្យ​សន្យា ​​ស្គាល់​ខុស​ត្រូវ ​និង​ហ៊ាន​និយាយ​ពាក្យ​សុំ​ទោស​ពេល​គាត់​ធ្វើ​ខុស។

សុខ​ចិត្ត​នៅ​ម្នាក់​ឯង​សិន​រហូត​ដល់​ជួប​មនុស្ស​ប្រុស​​ដែល​ធ្វើ​ឲ្យ​​អារម្មណ៍​អ្នក​សប្បាយ​ចិត្ត​ពេញ​មួយ​ថ្ងៃ ​សម្រស់​កាន់​តែ​ស្អាត​ពេល​​នៅ​ក្បែរ​គាត់។ ​​​មនុស្ស​ប្រុស​ដែល​នៅ​តែ​សម្លឹង​អ្នក​ជាប់​ជា​និច្ច ទោះ​អ្នក​ពាក់​អាវ​រយ៉េ​រយ៉ៃ ហើយ​គាត់​នៅ​ឱប​អ្នក​មិន​លែង។

​ព្រម​នៅ​ Single ​សិន រហូត​ដល់​ថ្ងៃ​អ្នក​បាន​ជួប​មនុស្ស​​ដែល​យល់​ពី​អ្នក ​ហើយ​មិន​ព្រម​ចាក​ចេញ​ពី​គ្នា​។

រូបតំណាង

​​​​​​ជីវិត​បែប​ម្នាក់​ឯង​ក៏​ជា​ពេល​ស្រស់​ស្អាត ហើយ​​ក៏​មិន​គួរ​ឲ្យ​ខ្លាច​ដូច​អ្នក​គិត​នោះ​ទេ។ ​ប្រសិន​បើ​ បុរស​ម្នាក់​នោះ​មិន​ទាន់​មក​ដល់​ ​អ្នក​ក៏​មិន​ត្រូវ​ក្រៀម​ក្រំ​ដែរ។​ ត្រូវ​​តែ​រីក​រាយ​ និង​ឆ្លៀត​ដើរ​លេង​ឲ្យ​បាន​ច្រើន កុំ​អន្ទះសា​ចង់​ជួប​មនុស្ស​ប្រុស​ម្នាក់​នោះ​អី ​តែ​អ្នក​ក៏​គួរ​ចិត្ត​ត្រជាក់ ហើយ​សប្បាយ​នឹង​ជីវិត​នៅ​លីវ​ឲ្យ​អស់​ចិត្ត​សិន។

រូបតំណាង

​​ផ្តួច​ផ្តើម​​អំណរ​ដើម្បី​សេចក្តី​សុខ​ខ្លួន​ឯង កុំ​ពឹង​ផ្អែក​លើ​នរណា​ទាល់​តែ​សោះ។ ​រស់​បែប​ម្នាក់​ឯង ​មិន​ទាម​ទារ​អ្វី​ច្រើន​ឡើយ ​ត្រឹម​តែ​មាន​​ម្ហូប​អាហារ​និង អ៊ីន​ធឺ​ណេត​គឺ​​អាច​ឲ្យ​ជីវិត​នេះ​ដើរ​ទៅ​មុខ​យ៉ាង​គ្មាន​ទុក្ខ​ព្រួយ​បាត់​ទៅ​ហើយ។ ​អត់​ស្នេហា​អត់​ទៅ ​តែ​ត្រូវ​តែ​មាន​អាហារ​ចម្អែត​ក្រពះ ​មាន​អ៊ីន​ធឺណេត​សម្រាប់​ធ្វើ​ការ ​មាន​ប្រាក់​សម្រាប់​ចាយ ​មាន​ពេល​អាន​ព័ត៌មាន ​សប្បាយ​ចិត្ត​ឆាត​ជាមួយ​ពួក​ម៉ាក ហើយ​ផុស​រូប​ដើរ​លេង​ឲ្យ​គេ​ចុច ​ Like ​​បែក​មេ​ដៃ​។

រូបតំណាង

​​ពេល​នេះ ​ខ្ញុំ​អាច​យក​ពេល​ថែ​ទាំ​ខ្លួន​ឯង ​រៀន​ពី​របៀប​គ្រប់​គ្រង​​ផ្លូវ​ចិត្ត បង្កើត​គម្រោង​សម្រាប់​អនាគត​ខ្លួន​ឯង ព្រម​ទាំង​ចំណាយ​ពេល​បាន​ច្រើន​ជាមួយ​មិត្ត​ភក្កិ។​ នេះ​ជា​ពេល​សម្រាប់​ខ្ញុំ​អាច​រៀប​ចំ​គ្រប់​យ៉ាង​បាន​ប្រសើរ ​មុន​ពេល​ Mr. Right ​ដើរ​ចូល​ក្នុង​ជីវិត​ខ្ញុំ​​។

រូបតំណាង

ដូច្នេះ ​សូម​រង់​ចាំ​ជួប​បុរស​ម្នាក់​ដែល​គេ​នឹង​ស្រលាញ់​អ្នក ​ដោយ​ស្តែង​តាម​សកម្មភាព ​ហើយ​​​ត្រៀម​ចាំ​ស្តាប់​នូវ​ពាក្យ​របស់​គាត់​និយាយ​ថា ​"​យល់​ព្រម​ធ្វើ​កូន​ក្រមុំ​បង​បាន​ទេ​?​”។ ​បើ​បុរស​ម្នាក់​នោះ​មិន​ទាន់​មក​ដល់​ទេ ​​សូម​រក្សា​ចិត្ត​នៅ Single ​សិន​​ដោយ​មោទកភាព រហូត​ដល់​ចាំ​ជួប​មនុស្ស​ប្រុស​ម្នាក់​នោះ​នៅ​ថ្ងៃ​ណាមួយ​៕​

ចុចអាន៖ ​ ចំណុចសំខាន់គួរដឹង ពេលCrush លើនរណាម្នាក់ កុំឲ្យគេចោទថាព្រាននារី

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម