​ស្រី​ៗ​ចូល​វ័យ​៣០ ​គួរ​ប្រើផលិត​ផលអ្វីខ្លះដើម្បីឲ្យស្បែក​នៅតឹងណែន?

  • 2020-04-14 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ធម្មតា​ ស្បែក​របស់​យើង​ម្នាក់ៗ​តែង​ប្រែប្រួល​ទៅ​តាម​អាយុ​កាល​របស់​វា​។ ដោយ​ឡែក​សម្រាប់​មនុស្ស​ស្រី ស្បែក​របស់​អ្នក​នឹង​​ចាប់​ផ្ដើម​មាន​បម្រែបម្រួល​ខ្លាំង​នៅ​ពេល​ឈាន​ចូល​វ័យ​៣០ ព្រោះ​ជា​ពេល​ដែល​កម្រិត​អរម៉ូន​នៅ​ក្នុង​ខ្លួន​មាន​ការ​ផ្លាស់​ប្ដូរ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នូវ​ជាតិ​ខូឡាជែន​ក្នុង​រាងកាយ និង ធ្វើ​ឲ្យ​ស្រទាប់​ការពារ​ភាព​តឹង​ណែន​នៃ​ស្បែក​ប្រែ​ជា​ស្ដើង​។ ដោយ​សារ​បម្រែបម្រួល​ទាំងនេះ អ្នក​អាច​នឹង​សង្កេត​ឃើញ​នូវ​ស្នាម​ជ្រីវជ្រួញ​ដែល​លេច​ចេញ​នៅ​លើ​ស្បែក ជាពិសេស​បរិវេណ​ផ្ទៃ​មុខ។ ដូចនេះ អ្នក​អាច​ធ្វើ​ការ​ប្រើប្រាស់​នូវ​ផលិតផល​ថែទាំ​មុខ​ទាំង​នេះ កុំ​បី​ខាន​៖

រូបតំណាង

**១. សាប៊ូ​លាង​មុខ**

អ្នក​ត្រូវ​រក្សា​ការ​លាង​សម្អាត​ផ្ទៃ​មុខ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​​ជា​ប្រចាំ​ដូច​កាល​ខ្ទង់​២០ ដែរ។ យ៉ាង​ណា​មិញ ក្នុង​​វ័យ៣០ ស្បែក​របស់​អ្នក​អាច​នឹង​​ស្ងួត​ជាង​មុន​ ដូច្នេះ​អ្នក​គួរ​ជ្រើស​រើស​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់​ខ្លាំង និង កម្រិត​ pH ទាប។​​​​​​

២. ទឹក​ជូត​សម្អាត​ផ្ទៃមុខ (Toner)

អ្នក​គួរ​ទម្លាប់​ប្រើ​ប្រាស់​ទឹក​ជូត​ជា​ប្រចាំ​ ជាពិសេស​ជ្រើស​រើស​ប្រភេទ​ទឹក​ជូត​ដែល​ផ្ដល់​សំណើម​ខ្ពស់​ដល់​ស្បែក និង ​មាន​កម្រិត ​pH ប្រមាណ ៥.៥ ព្រោះ​ជា​កម្រិត​មួយ​សមស្រប​សម្រាប់​សុខភាព​ស្បែក។​

៣. សេរ៉ូម​មុខ​

សេរ៉ូម​ក៏​ជា​ផលិតផល​ដែល​មួយ​មាន​តួនាទី​សំខាន់​សម្រាប់​ស្បែក ជាពិសេស​គឺ​ប្រភេទ​សេរ៉ូម​វីតាមីន C ដែល​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ មាន​តួនាទី​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ​ ធ្វើ​​ឲ្យ​ស្បែក​មុខ​ភ្លឺ​ ជួយ​បន្តឹង​ស្បែក​ និង ជំនួយ​ដល់​ការ​ផលិត​ជាតិ​ខូឡាជែន​នៃ​ស្បែក​ផង​ដែរ។​

រូបតំណាង

៤. រ៉េទីណុល (Vitamin A)

​ផលិតផល​មាន​ជាតិ​រ៉េទីណុល​ជួយ​ពន្យារ​ភាព​ជ្រីវជ្រួញ​នៃ​ស្បែក​ ជួយ​កម្ចាត់​មុន​លើ​មុខ ព្រម​ទាំង​ជំនួយ​ដល់​ស្រទាប់​ខូឡាជែន និង ធ្វើ​ឲ្យ​ស្បែក​តឹងណែន​ទៀត​ផង។​​

៥. គ្រីម​លាប​​ភ្នែក

ភ្នែក​ មាន​សភាព​ស្ដើង​ជាង​បរិវេណ​ផ្សេង​ទៀត​នៅ​លើ​ផ្ទៃ​មុខ​រហូត​ដល់​ ៤០%​ ដូចនេះ​ស្នាម​ជ្រីវជ្រួញ​ក៏​ងាយ​កើត​ឡើង​នៅ​បរិវេណ​នេះ​ដែរ​។ ដូច្នេះ អ្នក​គួរ​ចាប់​ផ្ដើម​ប្រើប្រាស់​គ្រីម​លាប​ភ្នែក​ជា​ប្រចាំ តាំង​ពី​មុន​ចូល​អាយុ​៣០ទៅ​ទៀត​ ដើម្បី​ទប់​ស្កាត់​វា​ជា​មុន។

៦. ឡេ​ផ្ដល់​សំណើម

ក្នុង​វ័យ​ ៣០​ ឡេ​ផ្ដល់​សំណើម​មុខ​គឺ​ជា​រឿង​ចាំ​បាច់​បំផុត។ ស្បែក​របស់​អ្នក​ត្រូវ​ការ​ជាតិ​សំណើម​ដើម្បី​ទប់ស្កាត់​ស​ភាព​ស្ងួត​នៃ​ស្បែក ដែល​ធ្វើ​ឲ្យ​ខូឡាជែន​ចុះ​ខ្សោយ​ ងាយ​កកើត​ជា​កន្ទួល​រមាស់ និង ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ស្បែក។​

រូបតំណាង

៧. ឡេ​ការពារ​កម្ដៅ​ថ្ងៃ

ជា​ធម្មតា​អ្នក​ត្រូវ​លាប​ឡេ​កម្ដៅ​ថ្ងៃ​តាំង​ពី​ទើប​ចូល​២០​ឆ្នាំ​ឯណោះ ព្រោះ​ការ​បណ្ដោយ​ឲ្យ​ស្បែក​ប៉ះ​ត្រូវ​កម្ដៅ​ថ្ងៃ​ដោយ​ផ្ទាល់ ឬ​​ គ្មាន​ផលិតផល​ការពារ​នោះ​ងាយ​បង្ក​ជា​បញ្ហា​ដល់​ស្បែក​ជា​ខ្លាំង​ ដែល​ក្នុង​នោះ​រួម​មាន​ ស្បែក​ស្ងួត ឡើង​អាចម៍​រុយ​ ពណ៌​សម្បុរ​មិន​ស្មើ​គ្នា ឡើង​ស្នាម​ជ្រីវជ្រួញ ព្រមទាំង​ធ្វើ​ឲ្យ​ខូឡាជែន និង​ស្រទាប់​ការពារ​ស្បែក​ចុះ​អន់​ខ្សោយ​។​​

៨. ​ជម្រុះ​កោសិកា​ចាស់ (Exfoliation)​

ការ​ជ្រុះ​កោសិកា​ចាស់​២ ដង ក្នុង​១​ សប្ដាហ៍​ធ្វើ​ឲ្យ​ស្បែក​ក្មេង​ជាង​មុន​ កាត់​បន្ថយ​ស្នាម​ក្រហម​លើ​ស្បែក ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ និង កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​មុន​កំណត់។​

រូបតំណាង

៩. ម៉ាស​បិទ​មុខ

ផលិតផល​ចុង​ក្រោយ​ដែល​មិន​អាច​រំលង​បាន​នោះ​គឺ​ ម៉ាស​បិទ​មុខ។ អ្នក​អាច​ប្រើ​ជា​ម៉ាស​សន្លឹក ម៉ាស​ភក់ ឬ ម៉ាស​ដែល​អ្នក​លាយ​ខ្លួន​ឯង​តាម​រូបមន្ត​ធម្មជាតិ​ក៏​បាន អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​របស់​វា។ ​ការ​ប្រើ​ប្រាស់​ម៉ាស​​ជា​ប្រចាំ ២ទៅ​៣ ដង​ក្នុង​ ១​សប្ដាហ៍ នឹង​ជួយ​ឲ្យ​ស្បែក​មាន​សំណើម ភ្លឺ ទន់ និង មាន​អារម្មណ៍​ស្រស់​ស្រាយ​ទៀត​ផង​៕​​ ​​​​​

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ វ័យមិនដល់ ៣៥ លេចចេញសញ្ញាទាំង ៥ នេះ អាចបង្ហាញថា"ចាស់​មុន​អាយុ​"

ប្រភព៖ theskincareculture ប្រែ​សម្រួល៖ Siyou Tang