ជូនចំពោះអ្នកដែលចូលចិត្តសួរគេថា"ពេលណារៀបការ?”
- 2020-04-10 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជូនចំពោះអ្នកដែលចូលចិត្តសួរគេថា"ពេលណារៀបការ?”
ជាមនុស្សស្រីម្នាក់ ស្ថិតក្នុងវ័យមួយកំពុងតែពេញចិត្តនូវសេរីភាពពេញលេញរបស់ខ្លួន ស្រាប់តែមនុស្សក្មេងចាស់ ជុំវិញខ្លួនកើតមានជាសំនួរដដែលៗមកកាន់នាង សំនួរនោះគឺ "ពេលណាឯងរៀបការ?”
និយាយតាមត្រង់ មិនស្អប់ទេអ្នកសួរ គ្រាន់តែមិនចូលចិត្តសំណួរ១ហ្នឹង ព្រោះថាជាសំនួរចាក់ដោតផ្លូវចិត្តគេ។ អ្នកដឹងទេ ថាត្រឹមតែសំណួរ១ដែលផ្ដើមចេញពីការឆ្ងល់របស់អ្នក វាអាចធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ថា នាងមិនល្អដូចនារីដទៃ ឬ នាងគ្មានអ្វីដែលអ្នកផ្សេងមាន។
មនុស្សស្រីម្នាក់ៗ មានគោលចំហផ្សេងគ្នា និង ឲ្យតម្លៃទៅលើរឿងផ្សេងគ្នា។ អ្នកខ្លះរវល់នឹងការបំពេញក្ដីស្រមៃក្នុងជីវិតការងារ ឬ មុខរបររបស់គេ ដែលធ្វើឲ្យពួកគេគ្មានពេលសម្រាប់ការស្វែងរកដៃគូជីវិតនៅឡើយ។ ឯនារីខ្លះទៀតកំពុងស្ថិតក្នុងទំនាក់ទំនងស្នេហាស្រាប់ហើយ គ្រាន់តែគេភាគីទាំងសងខាងមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការដើរចូលរោងការ។ ទោះជាកាលៈទេសៈណាក្ដី អ្នកមិនគួរសួរនាំគេរឿងនេះឡើយ ព្រោះហាក់ដូចជាផ្ដល់សម្ពាធឲ្យគេដូច្នោះដែរ។
មួយវិញទៀត គ្មានច្បាប់ណាដែលតម្រូវឲ្យមនុស្សស្រីចាំបាច់ត្រូវតែរៀបការឡើយ។ ទោះជានាងសម្រេចចិត្តថានៅម្នាក់ឯងរហូតដល់មានអាយុច្រើន ឬ ដល់ចាស់ ក៏ជាសិទ្ធសេរីភាពរបស់នាងដែរ។ លើសពីនេះ ដោយសារទស្សនៈដែលលើកឡើងថា មនុស្សស្រីមានអាយុលើសពី ២៥ នឹងមិនងាយមានអ្នកណាបេតី ឬ មិនងាយរកដៃគូជីវិតនេះហើយ ទើបនារីដែលមានវ័យពី ២០ទៅ៣០ នេះច្រើនទទួលសម្ពាធតាមរយៈការសួរសំណួរនេះពីសំណាក់មនុស្សជុំវិញខ្លួន។
ជាចុងក្រោយ តំណាងឲ្យនារីមិនទាន់រៀបការគ្រប់រូបដែលធុញទ្រាន់នឹងសំណួរនេះ កញ្ញាសុំធ្វើការឆ្លើយតបនៅសំណួរ "ពេលណារៀបការ?” ទៅកាន់អ្នកដែលតែងតែសួរនោះថា "ខ្ញុំនឹងរៀបការពេលដែលខ្ញុំត្រៀមខ្លួនរួចរាល់ក្នុងការកសាងគ្រួសារ និង ពេលសមស្របមួយសម្រាប់ខ្ញុំ និង ភាគីម្ខាងទៀត។ កាន់តែពិសេសជាងនេះទៅទៀត នាងខ្ញុំសន្យាថានឹងជម្រាបជូនអ្នកទាំងអស់គ្នាអំពីព័ត៌មានលម្អិតនៃពេលវេលារៀបការនៅពេលនាងខ្ញុំរកឃើញគូជីវិតពិតប្រាកដ អរគុណចំពោះការបារម្ភដែលមានលើរូបនាងខ្ញុំកន្លងមក" ៕
ចុចអានបន្ត៖ សារខ្លីមួយផ្ញើរជូនបុរសម្នាក់ដែលខ្ញុំរកមិនទាន់ឃើញគឺ"អនាគតស្វាមីខ្ញុំ"