កុំឲ្យមានវិប្បដិសារីដោយសារខឹងខុសមួយពេល គួររៀនរម្ងាប់ចិត្តតាមវិធីនេះ
- 2018-07-25 06:25:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យមានវិប្បដិសារីដោយសារខឹងខុសមួយពេល គួររៀនរម្ងាប់ចិត្តតាមវិធីនេះ
អារម្មណ៍មិនល្អ ខឹង ស្មុគស្មាញគឺជារឿងមួយដែលមនុស្សជៀសមិនរួច ជាពិសេសក្នុងទំនាក់ទំនងស្នេហាតែម្ដង គឺការទាស់ទែងត្រូវតែកើតមាន ប៉ុន្តែបើសិនជាយើងបណ្ដោយតាមតែអារម្មណ៍ខឹងនោះវានាំឲ្យយើងខាតប្រយោជន៍ ហើយអាចឲ្យអ្នកយំស្ដាយក្រោយក៏មាន។ ដូច្នេះខាងក្រោមនេះជាវិធីដែលអាចជួយឲ្យអ្នកចេះគ្រប់គ្រងអារម្មណ៍នៅពេលដែលអ្នកខឹង៖
១. គិតមុននឹងនិយាយ
មនុស្សពេលខឹងស្អីក៏និយាយចេញមកដែរ ទោះដឹងថាអត់សមក៏នៅតែទប់អត់បាន ប៉ុន្តែអ្នកនឹងអាចស្ដាយក្រោយនៅពេលដែលអ្នកនិយាយតាមតែចិត្តខឹងបែបនេះ។ អ្នកគួរតែចំណាយពេលបន្តិចដើម្បីគិតមុននឹងអ្វីៗជ្រុលហួសអស់ កុំជ្រុលមាត់និយាយអីខុស ព្រោះពាក្យខ្លះបើនិយាយហួសហើយមិនអាចត្រឡប់ទេ។
២. ដកឃ្លាឲ្យចិត្តឲ្យត្រជាក់សិន*
នៅពេលដែលអ្នកបាត់ខឹងហើយនោះជាពេលល្អដែលអ្នកអាចនិយាយ ឬបង្ហាញពីអារម្មណ៍របស់អ្នកដើម្បីឲ្យគេដឹង ព្រោះពេលនោះអ្នកអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ ពេលចិត្តអ្នកធូរស្បើយ អ្នកក៏មិនសូវជាបង្កបញ្ហាដល់ខ្លួនឯង និង អ្នកដទៃផងដែរ។
៣. ធ្វើលំហាត់ប្រាណខ្លះៗ
ការហាត់ប្រាណគឺជាសកម្មភាពមួយដែលអាចជួយកាត់បន្ថយភាពស្មុគស្មាញ។ បើសិនជាអ្នកមានអារម្មណ៍មិនល្អឬខឹងនឹងរឿងអ្វីមួយ អ្នកគួរតែទៅហាត់ប្រាណ ឬ ធ្វើចលនាខ្លួនប្រាណអ្វីមួយដែលអាចជួយឲ្យអ្នករីករាយ និង ធូរស្រាលជាងមុន។
៤. សម្រាករយៈពេលខ្លី
អ្នកគួរតែសម្រាកបន្តិច នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ។ ការសម្រាកដោយស្ងប់ស្ងាត់អាចជួយឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញក្នុងការដោះស្រាយបញ្ហាដោយមិនធ្វើតាមតែចិត្តខឹងនោះឡើយ។
៥. ស្វែងរកដំណោះស្រាយមួយ
បើអាចសូមកុំផ្ដោតទៅលើអ្វីដែលធ្វើឲ្យអ្នកខឹងអី គួរតែស្វែងរកដំណោះស្រាយដ៏ល្អវិញទើបប្រសើរ។ បើអ្នកខឹងសង្សារអ្នកដោយសារគេទុកអ្នកចោលមិនរវល់សោះ អ្នកគួរតែសួរគេថាអាចឆ្លៀតបានខ្លះទេ? បើអ្នកខឹងគេដោយសារគេហួងហែងច្រើនពេកនោះ តើអ្នកអាចធ្វើអីខ្លះ ហើយគេអាចធ្វើអីខ្លះ? មិនគួរណារករឿងឈ្លោះដោយមិនរកដំណោះស្រាយទេ។
៦. អភ័យទោស
អភ័យទោសគឺជារឿងមួយដ៏ល្អដែលអ្នកគួរតែធ្វើ ព្រោះវាអាចធ្វើឲ្យខ្លួនអ្នកមានតម្លៃ ហើយអាចឲ្យរឿងដែលមិនល្អកន្លងទៅដោយមិនធ្វើឲ្យនរណាម្នាក់ឈឺចាប់។ អភ័យបានគួរតែអភ័យព្រោះចិត្តមនុស្សដែលបៀមគំហឹង បៀមរឿងមិនសប្បាយចិត្តនោះ គ្មានថ្ងៃបានក្ដីសុខឡើយ។
អ្នកគួរតែព្យាយាមអនុវត្តនូវវិធីទាំងនេះក្នុងការទប់ទល់ពេលដែលអ្នកខឹង ឬស្មុគស្មាញនឹងរឿងអ្វីមួយ ជាជាងយកការបញ្ចេញកំហឹងមកដោះស្រាយបញ្ហា ដែលអាចឲ្យអ្នកដទៃឈឺចាប់ និងអាចឲ្យអ្នកមានវិប្បដិសារីផងដែរ៕
ចុចអាន៖ក្លាយជាមនុស្សស្រីអស្ចារ្យ ទៅណាមកណាគេឲ្យតម្លៃត្រូវចាំឃ្លាទាំងនេះជានិច្ច