របៀបហ្វឹកហាត់ខ្លួន ធ្វើការពីផ្ទះឲ្យមានប្រសិទ្ធភាព មិនធុញទ្រាន់
- 2020-03-27 08:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបហ្វឹកហាត់ខ្លួន ធ្វើការពីផ្ទះឲ្យមានប្រសិទ្ធភាព មិនធុញទ្រាន់
ផ្ទះសម្បែងដែលជាទីសម្រាក ស្នាក់នៅកក់ក្តៅរៀងរាល់ថ្ងៃ ឥលូវក៏បានប្រែក្លាយជាកន្លែងសម្រាប់ធ្វើការបណ្តោះអាសន្ន ដើម្បីការពារអ្នកពីកូវីដ១៩។ មានមនុស្សចំនួនងាយស្រួលក្នុងការសម្របខ្លួន ឯអ្នកខ្លះវិញមានធុញទ្រាន់ ស្មុគស្មាញពិបាកនឹងផ្តោតអារម្មណ៍ ដោយសារតែស្ថានភាពការងារត្រូវផ្លាស់ប្តូរភ្លាមៗ។ ដើម្បីជួយសម្រួលសភាពការណ៍ឲ្យប្រសើរឡើងវិញ អាចធ្វើការពីផ្ទះប្រកបដោយប្រសិទ្ធភាព គួរអនុវត្តវិធីដូចខាងក្រោម។
១. រៀបចំកន្លែងអង្គុយធ្វើការសមរម្យមួយ
អ្នកអាចរកជ្រុងណាមួយនៅបរិវេណក្នុងផ្ទះ ដើម្បីរៀបចំទុកអង្គុយសម្រាប់តែធ្វើការងារ។ វិធីនេះសំខាន់ណាស់ ព្រោះវាអាចជួយឲ្យអ្នកផ្តោតអារម្មណ៍បានមូលជាងមុន ជាជាងការងាកចុះឡើង មើលនេះនោះរញ៉េរញ៉ៃនាំឲ្យវិលវល់។
២. ងូតទឹកមុននឹងស្លៀកពាក់ឲ្យបានស្អាត
ទោះបីជានៅផ្ទះ មិនចាំបាច់ស្លៀកពាក់រៀបរយដូចជាពេលមកធ្វើការក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ពេលភ្ញាក់ឡើង អ្នកគួរតែងូតទឹកឲ្យបានស្អាតបាត ផ្លាស់ប្តូរសម្លៀកបំពាក់ ញ៉ាំអាហារពេលព្រឹក ដើម្បីជួយឲ្យអារម្មណ៍ស្រស់ថ្លា មានកម្លាំងកំហែងក្នុងការបន្តការងារបានពេញមួយថ្ងៃ។
៣. កំណត់ម៉ោងធ្វើការនិងម៉ោងសម្រាក
ចាប់ផ្តើមធ្វើការងារ ដូចជាពេលដែលអ្នកត្រូវទៅធ្វើនៅខាងក្រៅដូចសព្វដង ដោយមិនអូសបន្លាយយូរ។ ក្នុងរយៈពេល១ម៉ោង គួរឈប់សម្រាកឲ្យបាន ៥-១០នាទី។ អាចឈរ ដើរឬបត់បែនដងខ្លួនខ្លះទើបល្អ។ មិនត្រូវធ្វើការរហូតដល់ខកម៉ោងបាយថ្ងៃត្រង់យូរពេក ពុំដូច្នោះទេ អ្នកច្បាស់ជាឆាប់អស់កម្លាំងស្រ្តេសមួម៉ៅ។ ជៀសវាងការធ្វើរហូតដល់យប់ជ្រៅ ព្រោះវាអាចបណ្តាលឲ្យរាងកាយនឿយហត់លើសកម្រិត ប៉ះពាល់ដល់ដំណេក និងដំណើរការនៃខួរក្បាល។
៤. បែងចែកពេលវេលាហាត់ប្រាណឲ្យបានត្រឹមត្រូវ
ពេលធ្វើការងារនៅផ្ទះ អ្នកអាចនឹងអង្គុយយូរម៉ោងមិនសូវបានដើរឬធ្វើអ្វីផ្សេង។ បែបនេះពិតជាប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ថែមទាំងអាចនាំឲ្យអ្នកប្រឈមនឹងបញ្ហាផ្សេងៗដូចជា ដំណើរឈាមមិនល្អ លើសទម្ងន់ ឈឺចង្កេះឬរោយស្មាជាដើម។ បន្ទាប់ពីធ្វើការរួច គួរឆ្លៀតពេលហាត់ប្រាណ ដោយការដើរ រត់ ពត់ពែនដងខ្លួន ដើម្បីបញ្ចេញជាតិពុលកាត់បន្ថយភាពតានតឹង និងមានសុខភាពល្អ៕
ចុចអានបន្ត៖ ទោះកូវីដ១៩ មិនអាចបញ្ឈប់ងាយៗ យ៉ាងហោចណាស់ អ្នកអាចគ្រប់គ្រងរឿងទាំងនេះបានដោយខ្លួនឯង ដើម្បីសុវត្ថិភាព