របស់​ប្រើប្រាស់​ទាំង​៧​ក្នុង​ផ្ទះ​ផ្ទុក​មេរោគ​ច្រើន តែ​បែរ​ជា​មើល​រំលង​មិន​ព្រម​សម្អាត

  • 2020-03-24 05:30:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 98

ខាង​ក្រោម​នេះ​គឺ​សុទ្ធ​តែ​ជា​របស់​ប្រើប្រាស់​ដែល​យើង​ចាប់​កាន់​ជា​រៀង​រាល់​ថ្ងៃ តែ​មិន​ចាប់​អារម្មណ៍​ថា​វា​មាន​ផ្ទុក​បាក់តេរីច្រើន​រាប់​មិន​អស់​ហើយ​ក៏​មិន​ឧស្សាហ៍​សម្អាត​ដូច​គ្នា។

១. កុង​តាក់​ភ្លើង

នេះ​គឺ​ជា​របស់​ដែល​អ្នក​ប៉ះ​មុន​ពេល​ចូល​ផ្ទះ និង​ចុង​ក្រោយ​គេ​មុន​ពេល​គេង ហើយ​វា​ក៏​ជា​បណ្ដុំ​នៃ​មេរោគ​ផង​ដែរ។ ដើម្បី​កុំ​ឲ្យ​ឆ្លង​រោគ​គួរ​បាញ់​​ទឹក​សម្អាត​ដាក់​ក្រណាត់​ហើយ​យក​មក​ជូត​ជា​ប្រចាំ​ដើម្បី​បង្ការ​មេរោគ​ឆ្លង​ដល់​សមាជិក​គ្រួសារ។

២. វាំងនន

វាំងនន​គឺ​ជា​ជម្រក​នៃ​ធូលី​ជា​ច្រើន។ យើង​អាច​ជូត​ផ្ទះ​រាល់​ថ្ងៃ​តែ​មិន​បានបោក​វាំង​នេះ​ជា​ញឹកញាប់​ឡើយ។ វាំង​នន​មិន​ស្អាត​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​របស់​អ្នក​រស់​នៅ​ក្នុង​គ្រួសារ។

៣. ធុង​សម្រាម

ពួក​យើង​តែង​តែ​ច្រក​ស្បោង​ចូល​ធុង​សម្រាម​ហើយ​យក​សម្រាម​ទៅ​ចោល​តែ​ម្ដង ដោយ​មិន​សូវ​ខ្វល់​ពី​ការ​លាង​សម្អាត​ធុង​ឡើយ។ ប្រការ​នេះ​ធ្វើ​ឲ្យ​ធុង​ក្លាយ​ជា​កន្លែង​ដែល​ផ្ទុក​មេរោគ​ច្រើន​បំផុត និង​មាន​ក្លិន​ស្អុយ​ផ្អួល​ពិបាក​ទ្រាំ។ តាម​ការ​ណែនាំ អ្នក​គួរ​សម្អាត​ធុង​សម្រាម​រាល់​ក្រោយ​ការ​ចោល។

៤. ម៉ាស៊ីន​បោក​ខោអាវ

ការ​សង្កេត​ឃើញ​ថា ម៉ាស៊ីន​បោក​ខោអាវ​នៅ​ផ្ទះ​នីមួយ​ៗ​សុទ្ធ​តែ​ឡើង​ពណ៌​លឿង​ដោយ​សារ​តែ​យូរ​ខែ​ឆ្នាំ មិន​សម្អាត​ចេញ។ រាល់​បាក់តេរី​នៅ​លើ​ខោអាវ​ដែល​យើង​បោក​នោះ គឺ​ងាយ​ស្រួល​ក្នុង​ការ​តោងទាម​ម៉ាស៊ីន​នេះ​ខ្លាំង។ ដូច​នេះ​កុំ​រវល់​តែ​បោក​ខោអាវ ហើយ​មិន​សម្អាត​ម៉ាស៊ីន​បោ​ក​ខោអាវ​ឲ្យ​សោះ។

៥. កែវ​ដាក់​ច្រាស​ដុះ​ធ្មេញ

បរិដ្ឋាន​សើម និង​ហប់​ក្នុង​បន្ទប់​ទឹក​គឺ​ជា​កន្លែង​ដ៏​ប្រពៃ​បំផុត​សម្រាប់​មេរោគ​ធ្វើ​ការ​រស់​នៅ។ កែវ​ដាក់​ច្រាស​ដុះ​ធ្មេញ បើ​មិន​ឧស្សាហ៍​លាង​សម្អាត​ទេ គឺ​ងាយ​ដុះ​ស្លែ​ជាទី​បំផុត។

៦. តេឡេ​ទូរទស្សន៍

ចន្លោះ​តូច​ៗ​លើ​តេឡេ​ទូរទស្សន៍​គឺ​ជា​កន្លែង​ផ្ទុក​បាក់តេរី។ បើ​ផ្ទះ​មានកូន​តូច​ទៀត គឺ​អាច​ធ្វើ​ឲ្យ​កូន​យក​ដាក់​ក្នុង​មាត់ បណ្ដាល​ឲ្យ​ឆ្លង​រោគ​ជា​ច្រើន។ វិធី​សម្អាត​គឺ​យក​ក្រដាស​សើម​មក​ជូត​ឲ្យ​សព្វ​ទាំង​អស់។

៧. ស៊ុម​រូប​ថត

ស៊ុម​រូប​ថត​ បើ​មើល​ពី​ចម្ងាយ​ឃើញ​ថា​ស្អាត តែ​បើ​សង្កេតឲ្យ​ជិត​គឺ​ធូលី​រោម​ឡើង​ជិត។ ដោយ​សារ​តែ​មាន​ក្បាច់​ច្រើន ដូច​នេះ​ពេល​សម្អាត អ្នក​អាច​ត្រូវការ​ឧបករណ៍​តូច​ៗ​មក​ជំនួយ​ដូច​ជា​សំឡី​ត្បល់​ត្រចៀក​ជា​ដើម៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel