វិធីរក្សាផ្លែឈើឲ្យនៅស្រស់ទុកបានយូរថ្ងៃ ដោយមិនបាច់ដាក់ក្នុងទូទឹកកក
- 2020-03-23 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីរក្សាផ្លែឈើឲ្យនៅស្រស់ទុកបានយូរថ្ងៃ ដោយមិនបាច់ដាក់ក្នុងទូទឹកកក
ដើម្បីរក្សាផ្លែឈើឲ្យទុកបានយូរ ស្ត្រីមេផ្ទះជាច្រើនជ្រើសវិធីដាក់ក្នុងទូទឹកកក។ តែវិធីនេះ រសជាតិផ្លែឈើមិនសូវឆ្ងាញ់ មុតផ្អែមឆ្ងាញ់ឡើយ។ កញ្ញា សូមបង្ហើបតិចនិករក្សាផ្លែឈើបានច្រើនថ្ងៃ ដោយគ្មានជំនួយពីទូទឹកកក ហើយនៅតែរក្សាបានវីតាមីន និងស្រស់ដដែរ។
**ផ្លែចេក**
ចែកឆាប់ទុំណាស់ នៅពេលត្រូវកម្ដៅព្រះអាទិត្យនិងសីតុណ្ហភាពខ្លាំង។ គេអាចរក្សាវាឲ្យស្រស់តាមបែបសាមញ្ញដោយដាក់វាកុំឲ្យត្រូវពន្លឺព្រះអាទិត្យ ឬទីដែលមានខ្យល់ចេញចូលពេក។ វិធីនេះ ជួយឲ្យទុកចេកបានយ៉ាងហោច២សប្ដាហ៍។ ឬមិនអ៊ីចឹងទេ អាចយកថង់មករុំនៅលើទងផ្លែចេក ជួយរក្សាឲ្យនៅស្រស់និងរសជាតិផ្អែម។
ផ្លែក្រូច
ក្រូចមានច្រើនប្រភេទកំពុងដាក់លក់លើទីផ្សារ ហើយក្រូចខ្លះអាចទុកបានយូរដោយខ្លួនឯងដោយមិនបាច់ដាក់ក្នុងទូទឹកកក។ អ្នកអាចជ្រើសយកក្រូចណាមានទងមកជាមួយ ហើយលាបកំបោរលើទងនោះ។ វានឹងជួយរក្សាកុំឲ្យមានសត្វល្អិតស៊ី និងរលួយសាច់ខាងក្នុងបានដែរ។ មួយទៀត អ្នកអាចទុកក្រូចនៅទីណាដែលមិនជះផ្ទាល់នឹងពន្លឺព្រះអាទិត្យ ឬត្រូវទឹកភ្លៀងជាដើម។ អ្នកគួររុំថង់ដើម្បីទុកឲ្យបានយូរផងដែរ។
ផ្លែប៉ោម
អ្នកអាចរុំដោយប្រើក្រដាសកាសែត ហើយរក្សាទុកនៅកន្លែងត្រជាក់មិនត្រូវពន្លឺព្រះអាទិត្យ បែបនេះយ៉ាងហោចក៏អាចរក្សាបាន៣ -៤ ថ្ងៃផងដែរ។
យ៉ាងណាក៏ដោយ បើប៉ោមទុកក្នុងទូទឹកកក វាមានប្រសិទ្ធភាពរក្សាបានដល់ទៅជាង៣ខែ ដោយរុំប៉ោមនឹងក្រដាសជូតមាត់ហើយខ្ចប់ដោយប្លាស្ទិក ក្នុងសីតុណ្ហភាពពី -1 ទៅ 2 អង្សារសេ។
ផ្លែម្នាស់
ចិតសម្បកនិងភ្នែកម្នាស់ឲ្យស្អាតហើយយកទឹកក្រូចឆ្មាមកប្រោះលើផ្លែម្នាស់ រួចទុកវាក្នុងទូធម្មតា។ បែបនេះអាចរក្សាបាន២ថ្ងៃផងដែរ។
ផ្លែទំពាំងបាយជូ
ផ្លែឈើនេះឆាប់បាត់សោភណភាពជាងគេគឺលើពណ៌សម្បករបស់វាតែម្ដង។ បើអ្នកចង់ទុកវាបានយូរ សូមកុំលាងទឹកម្ដងទាំងអស់ ។ បើអ្នកចង់ញ៉ាំប៉ុន្មាន លាងចំនួននោះតាមចូលចិត្តជាការល្អជាង។ អ្នកអាចរក្សាវាដល់ទៅ២ អាទិត្យ រុំវាដោយក្រដាសជូតមាត់ហើយទុកក្នុងឡាំងក្រដាសកាតុង និងទីដែលមានសីតុណ្ហភាពត្រជាក់ គ្មានពន្លឺព្រះអាទិត្យ។
ផ្លែប័រ
ខ្ចប់ផ្លែប័រដោយប្រើក្រដាសកាសែត នោះអ្នកនឹងអាចរក្សាវាបានយូរ។ ឬអ្នកអាចចិតសម្បកវាហើយឆ្កឹះយកតែសាច់ ដាក់ក្នុងថង់ប្លាស្ទិកចងមាត់ឲ្យជិតកុំឲ្យត្រូវខ្យល់ នោះក៏ជាវិធីជួយរក្សាបានយូរផងដែរ៕
រូបតំណាង
ចុចអាន៖ ស្មានមិនដល់! អាហារ៥មុខនេះសម្បូរជាតិកាល់ស្យូមច្រើនជាងទឹកដោះគោទៅទៀត