ហេតុផលនៅពីក្រោយ ការផ្ទុះឡើងយ៉ាងលឿននៃកូវីដ១៩នៅអ៉ីតាលី

  • 2020-03-19 09:30:00
  • ចំនួនមតិ 13 | ចំនួនចែករំលែក 115

អ៉ីតាលី​ដែល​ជា​សមាជិក​មួយ​​នៃ​សហភាព​អឺរ៉ុប ​ជា​​​កន្លែង​គោលដៅ​ទេសចរណ៍​​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​ប្រទេស​​​មួយ​ដែល​​​បាន​ទទួល​រង​បាន​​ឥទ្ធិពល​ពី​ជំងឺ​កូវីដ​១៩ ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២០។ ដើម​ហេតុ​នៃ​ការ​ឆ្លង​គឺ​បណ្តាល​មក​ពី ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​២​រូប ដែល​​ត្រូវ​បាន​ពិនិត្យ​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ជំងឺ​កូវីដ​១៩។

​​​​​​​គិត​មក​ដល់​ពេល​នេះ អ៊ីតាលី​​មាន​អត្រា​​នៃ​អ្នក​​កើត​កូវីដ​១៩​ ច្រើន​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប និង​ច្រើន​ជាង​គេ​​បន្ទាប់​ពី​ប្រទេស​ចិន​។

ករណី​ឆ្លង​ដំបូង​បង្អស់​ គឺ​ចាប់​ផ្តើម​ចេញ​​ពី​ភាគ​ខាង​ត្បូង​នៃ​​​អ៉ីតាលី បន្ទាប់​មក​ក៏​សាយ​ភាយ​ពាសពេញ​ប្រទេស​តែ​ម្តង។ ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ទ្វីប​​អាស៊ី ទ្វីប​អាមេរិក និង​ទ្វីប​អឺរ៉ុប បាន​តាម​ដាន​រក​ឃើញ​ករណី​​ឆ្លង​​​​តាម​តំបន់​និមួយៗ​ ដែល​បង្ក​​មក​ពី​​អ៊ីតាលី។ ក្នុង​នោះ​ដែរ​ មាន​​អ្នក​ដំណើរ​ជនជាតិ​​អ៉ីតាលី​​ជា​ច្រើន ដែល​បាន​​​ធ្វើ​រោគ​វិនិច្ឆ័យ រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ​១៩ នៅ​ឯ​ប្រទេស​ដទៃ​។

​ករណី​ឆ្លង​និង​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​១៩

គិត​មក​ត្រឹម​ថ្ងៃ​ទី១៩ ខែមិនា ឆ្នាំ​២០២០ អ៉ីតាលី​​មាន​ចំនួន​អ្នក​​ឆ្លង​ដល់​ទៅ ៣៥៧១៣ នាក់​ ដែល​ត្រូវ​បាន​រាប់​បញ្ចូល​ជា​ប្រទេស​ដែល​ផ្ទុះ​ជំងឺ​នេះ​ខ្លាំង​ជាង​គេ​ក្រៅ​ពី​អាស៊ី។

សម្រាប់​​តួលេខ​អ្នក​ស្លាប់​​វិញ ​កើន​ឡើង​ដល់​ទៅ ២៩៧៨ នាក់។ ចំនួន​នេះ​ទៀត​សោត គឺ​មាន​សន្ទុះ​លឿន​ខ្លាំង​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​២-៣ ថ្ងៃ​ចុង​ក្រោយ​។

ករណី​​​​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​អ៊ីតាលី វិវត្ត​ពី​ខ្ទង់​រយ​ទៅ​ខ្ទង់​​ពាន់​​​ត្រឹម​រយៈ​ពេល​​តែ​២សប្តាហ៍​ប៉ុណ្ណោះ​។ ក្នុង​សប្ដាហ៍​ទី​៣ នៃ​​ខែ​កុម្ភៈ មាន​ចំនួន​២០០-៣០០ នាក់ ​បន្ទាប់​មក​ក្នុង​សប្ដាហ៍​ទី​៣ នៃ​​ខែ​មិនា កើន​ឡើង​ដល់​៣០០០នាក់ ហើយ​នៅ​​ថ្ងៃ​ទី​១០ ខែ​មិនា​ដដែល​ មាន​​អ្នក​ឆ្លង​ដល់​ទៅ ១ម៉ឺន​នាក់​។

ហេតុអ្វី​ករណី​​ឆ្លង​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​អ៉ីតាលី​​ មាន​ការ​​កើន​ឡើង​ខ្ពស់​​បែប​នេះ​?

មូលហេតុ​ចម្បង​ដែល​ត្រូវ​បាន​គេ​លើក​មក​បក​ស្រាយ​​ឆ្លើយ​តប​ទៅ​​នឹង​​​បញ្ហា​មួយ​នេះ ​គឺ​​ដោយ​សារ​តែ​អ៊ីតាលី​បាន​ពង្រីក​ការ​ធ្វើ​ដំណើរ​តាម​​ផ្លូវ​អាកាស​​​​ជាមួយ​ប្រទេស​ចិន​។

អ៉ីតាលី​មាន​​ទំនាក់​ទំនង​ផ្នែក​ជើង​ហោះហើរ​ជាមួយ​ប្រទេស​ចិន ច្រើន​ជា​គេ​បង្អស់​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត​​នៅ​ទ្វីប​អឺរ៉ុប ថែម​ទាំង​មាន​ចំនួន​ច្រើន​ជាង​មុន​ដល់​ទៅ​៣​ដង ក្នុង​ឆ្នាំ​ថ្មី​នេះ​។ ​​​​​

អ៉ីតាលី​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់ (MoU) ក្នុង​ខែ​​មករា​ ឆ្នាំ​២០២០ ដើម្បី​​​ពង្រីក​ជើង​ហោះ​ហើរ​​ ក្នុង​គោល​បំណង​បង្កើន​​​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ។

​ក្រោយ​មក​​ទៀត​សេចក្តី​ប្រកាស​​បាន​បង្ហាញ​ថា​ អ្នក​ធ្វើ​ដំណើរ​ទៅ​​កាន់​​ប្រទេស​ចិន​ បាន​កើន​ឡើង​ចំនួន ១០៨នាក់​ ក្នុង​មួយ​សប្តាហ៍ និង​អាច​​​កើន​ដល់​ ៥៦​នាក់ ពី​លើ​បន្ថែម​ទៀត ក្នុង​ឆ្នាំ ២០២១ និង​​ ២០២២។

​​រដ្ឋាភិបាល​​​​អ៉ីតាលី​ បាន​ចាត់​វិធានការ​យ៉ាង​រឹងមាំ ក្នុង​តំបន់​ភាគ​ខាង​ត្បូង ប៉ុន្តែ​​បែរ​ជា​មិន​​បាន​យក​ចិត្ត​ទុក​ដាក់​ឲ្យ​​ទាន់​ពេលវេលា​ ​នៅ​​តំបន់​ផ្សេងៗ​ទៀត​នៃ​​​ប្រទេស​ទាំង​មូល។ ការ​រាតត្បាត​​ដែល​នឹក​ស្មាន​ពុំ​ដល់ បាន​ក្លាយ​ជា​ភាព​ធ្វេស​ប្រហែស​​មួយ​ពេល ដែល​បង្ក​ឲ្យ​ស្ថាន​ភាព​កាន់​តែ​រីក​រាល​ដាល​ ពិបាក​ទប់​ស្កាត់​និង​តឹង​តែង​កាន់​តែ​ខ្លាំង។

ក្រៅ​ពី​ការ​ឆ្លង​និង​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ អ៊ីតាលី​ក៏​រង​ផល​ប៉ះពាល់​មួយ​ចំនួន​ទៀត​​ដូច​ជា ទេសចរណ៍ សេដ្ឋកិច្ច កា​រ​បិទ​ទីក្រុង​​ដើម្បី​ឲ្យ​មនុស្ស​នៅ​ដាច់​ដោយឡែក​ពី​គ្នា បិទ​សាលា​រៀន រួម​ទាំង​ព្រឹត្តិការណ៍​សំខាន់​ផ្សេង​ៗ​​ផង​ដែរ។ រដ្ឋាភិបាល​អ៉ីតាលី​ បាន​​​ប្រកាស​ពី​ការ​ត្រៀម​​​កញ្ចប់​ថវិកា​ប្រមាណ​ ២៨.៣ពាន់លានដុល្លារ​អាមេរិក ដើម្បី​តទល់ជាមួយ​នឹង​​កូវីដ១៩៕​

ចុចអានបន្ត៖ តើនរណាខ្លះដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺ កូវីដ១៩?

ប្រភព៖ pharmaceutical ប្រែ​សម្រួល៖ ដេត ឈុនអ៉ី