បើ​ស្រលាញ់​ខុស​មនុស្ស សូម​បែក​គ្នា កុំ​បង្ខំ​ចិត្ត​ចូល​រោងការ​ហើយ​ឈឺចាប់​មួយ​ជីវិត

  • 2020-03-19 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រឿង​មនោសញ្ចេតនា មនុស្ស​ស្រី​គឺ​រឹង​រូស​ខ្លាំង​ណាស់ តែងតែ​គិត​ថា​ឲ្យ​តែ​ប្រើ​បេះដូង​ស្មោះ​ស្រលាញ់​នរណា​ម្នាក់ គេ​នឹង​អាច​ផ្លាស់​ប្ដូរ​បាន។ តែង​គិត​ថា ឲ្យ​តែ​ឈាន​ដល់​មង្គលការ មនុស្ស​ប្រុស​នឹង​ប្រែ​ទៅ​ជា​មាន​ទំនួលខុសត្រូវ​នឹង​ប្រពន្ធ កូន ​គ្រួសារ តែ​គិត​បែប​នេះ​គឺ​ខុស​ទាំង​ស្រុង ដ្បិត​ក្រយៅ​មនុស្ស​មិន​អា​ច​ផ្លាស់​ប្ដូរ​បាន​ឡើយ។

រូបតំណាង

មនុស្ស​ស្រី​នៅ​ពេល​ស្រលាញ់​ម្នាក់​អស់​ពី​ចិត្ត​ អស់​ពី​ថ្លើម គឺ​មើល​គេ​ដោយ​ពណ៌​ស៊ី​ជម្ពូ។ ទោះ​បី​ជា​មនុស្ស​ប្រុស​មាន​ទម្លាប់​អាក្រក់​ដូច​ជា​ខ្ជិល​ច្រអូស អត់​ចិត្ត អាត្មានិយម មនុស្ស​ស្រី​នៅ​តែ​អាច​បើក​ចិត្ត​ទទួល​យក​គេ ហើយ​យក​លេស​ថា តើ​មាន​អ្នក​ណា​ដែល​គ្មាន​ទម្លាប់​អាក្រក់​នោះ។ ប៉ុន្តែ បើ​ជ្រុល​ស្រលាញ់​ប៉ះ​ចំ​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​តែ​ការ​ឈឺចាប់​ហើយ សូម​ដោះ​ដៃ​ចេញ​ទៅ ។

រូបតំណាង

ខ្ញុំ​មាន​មិត្ត​ជិត​ស្និទ្ធិ​ម្នាក់ តាំង​ពី​ស្រលាញ់​គ្នា​ដំបូង សង្សារ​របស់​នាង​គឺ​ជា​អ្នក​ញៀន​ល្បែង​ម្នាក់។ គ្រប់​ៗ​គ្នា ប្រាប់​នាង​ឲ្យ​បែក​គ្នា ដ្បិត​​នាង​គ្មាន​ថ្ងៃ​រក​បាន​សុភមង្គល​ឡើយ។ តែ​មិត្ត​ខ្ញុំ​ប្រាប់​ថា បេះដូង​នាង​បាន​ដាក់​ចិត្ត​លើ​គេ​រួច​ទៅ​ហើយ។ នាង​គិត​ថា ពេល​ការ​នឹង​គ្នា មាន​ប្រពន្ធ មាន​កូន គេ​នឹង​ផ្លាស់​ប្ដូរ នាង​ថា ស្នេហា​ដ៏​ធំធេង​របស់​នាង​នឹង​អាច​ផ្លាស់​ប្ដូរ​រូប​គេ ឲ្យ​ចេះ​មើល​ថៃ​ទាំ​គ្រួសារ​ឡើង​វិញ។

ចុង​បញ្ចប់ នាង​ក៏​រៀបការ សុភមង្គល​មិន​ទាន់​ឃើញ ឃើញ​តែ​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់ ឈឺចាប់​ដោយ​សារ​ប្ដី​មិន​គិត​ការ​ងារ ដើរ​តែ​លេង​ល្បែង។ កាន់​តែ​ចាញ់ កាន់​តែ​ងប់ របស់​របរ​ក្នុង​ផ្ទះ ចាប់​ផ្ដើម​ឃើញ​នៅ​កុងស៊ី។ លុយ​អត់​មាន ប្ដី​ចាញ់​ល្បែង​មួម៉ៅ​រក​រឿង កូន​ក្នុង​ផ្ទៃ​ជិត​កើត មិត្ត​ភ័ក្ដិ​ខ្ញុំ​ស្ត្រេស​ស្ទើរ​តែ​ក្លាយ​ជា​មនុស្ស​ឆ្កួត។ ស្ដាយ​ក្រោយ​ដល់​កំពូល នាង​បន់​ឲ្យ​ពេល​វេលា​ត្រលប់​ក្រោយ ដើម្បី​មិន​បាច់​ការ​នឹង​ប្ដី​អត់​បាន​ការ​របស់​ខ្លួន។

រូបតំណាង

ឆ្លង​ទន្លេ​មិន​បាន​ប៉ុន្មាន នាង​ក៏​ដាក់​ពាក្យ​លែងលះ ដ្បិត​ទ្រាំ​នឹង​ការ​គ្មាន​លុយ​មួយកាក់​ក្នុង​ខ្លួន​លែង​បាន។ ប្ដី​នាង​ក៏​មិន​រវល់ ចង់​លែង​ក៏​លែង ព្រោះ​ក៏​គ្មាន​មនោសញ្ចេតនា​អ្វី​ច្រើន តែ​មិត្ត​ខ្ញុំ​បែរ​ជា​ជាប់​ឈ្មោះ​ជា​នារី​មេម៉ាយ។

ពេល​នេះ​ទើប​នាង​ដឹង​ថា គ្មាន​មនោសញ្ចេតនា​មហិមា​ណា​ដែល​អាច​ផ្លាស់​ប្ដូរ​ចិត្ត​មនុស្ស​បាន​ឡើយ ដូច​នេះ​បើ​ដឹង​ថា ស្រលាញ់​ខុស​មនុស្ស​ហើយ សូម​ដោះ​ដៃទាន់​ពេល​ កុំ​ឲ្យ​អ្វី​ៗ​ហួស​អស់​ហើយ ទើប​នឹក​ស្ដាយ​ក្រោយ៕

អានបន្ត៖ ​ គ្មាន​ឡើយ​ពាក្យ​ថា មិត្តភាព ក្រោយ​ស្នេហា​មួយ​ដែល​បាត់​បង់

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម