គ្មាន​ឡើយ​ពាក្យ​ថា មិត្តភាព ក្រោយ​ស្នេហា​មួយ​ដែល​បាត់​បង់

  • 2020-03-19 03:15:00
  • ចំនួនមតិ 13 | ចំនួនចែករំលែក 28

ខ្ញុំ​មិន​ជឿ​ថា​នៅ​មាន​មិត្ត​ភាព​ក្រោយ​ស្នេហា​មួយ​ដែល​បែក​បាក់​ឡើយ។ បើ​អ្នក​ណា​គិត​ថា​នោះ​គឺ​ជា​មិត្តភាព​នោះ គឺ​បន្លប់​ខ្លួន​ឯង​ហើយ ព្រោះ​នោះ​គឺ​ជា​អារម្មណ៍​ដែល​អ្នក​មិន​ទាន់​អស់​ស្រលាញ់​គេ។

រូបតំណាង

ខ្ញុំ​ចូល​ចិត្ត​រាល់​ចំណង​មនោសញ្ចេតនា​ណា​ដែល​នៅ​ពេល​បញ្ចប់​ គឺ​ចប់​ទាំង​អស់​ គ្មាន​អ្វី​នៅ​ពាក់ព័ន្ធ​នឹង​គ្នា​ទៀត។ បើ​សិន​ជា​អចេតនា​ជួប​គ្នា ក៏​ញញឺម​មួយ​គឺ​គ្រប់​គ្រាន់​ហើយ។ ឬ​បើ​ជ្រុល​ជាង​នេះ អាច​ចាត់​ទុក​ថា​ជាមនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​តែ​ម្ដង​ក៏​បាន។

ស្នេហា​មួយ​នៅ​ពេល​កំពុង​ស្រស់​បំព្រង បើ​មិន​ចេះ​ថែ​រក្សា ដល់​​ពេល​ក្រៀម​ស្វិត​អស់​ក្លិន​ហើយ ក៏​​មិន​គួរ​តោង​ទាម​គ្នា​ទៀត​ដែរ។

រូបតំណាង

គេ​តែង​តែ​យក​ពាក្យ​មិត្តភ័ក្ដិ​មក​ប្រើ​នៅ​ពេល​ស្នេហា​មួយ​ខ្ទេចខ្ទាំ​ដើម្បី​បន្លំ​ភ្នែក​ញាតិ​ក៏​ដូច​ជា​ខ្លួន​ឯង​ថា រវាង​អ្នក​ទាំង​២​គ្មាន​អ្វី​កើត​ឡើង។ យ៉ាង​ណាក្ដី ភាគ​ច្រើន​មនុស្សដែល​គិត​ថា​នៅ​មាន​មិត្តភាព​នៅ​ពេល​បែក​បាក់​គ្នា​ហើយ​នោះ គឺ​មក​ពី​ពួក​គេ​មិន​ទាន់​អស់​ចិត្ត​ពី​ភាគី​ម្ខាង​ទៀត។

ព្រោះ​ប្រសិន​បើ​អស់​ចិត្ត​មែនទែន​ហើយ ប្រាកដ​ជា​គ្មាន​អារម្មណ៍​នៅ​ចង់​រំខាន​គ្នា​ទៀត​ឡើយ។ បើ​មាន​ម្នាក់​ក្នុង​ចំណោម​២​នាក់ នៅ​ចង់​អូស​ក្រឡា​ទៀត អ្នក​ដែល​គេ​ធ្វើ​ឲ្យ​ឈឺ​មិន​ត្រឹម​តែ​អ្នក​ទាំង​២​នោះ​ឡើយ គឺ​អ្នក​ថ្មី​របស់​ភាគី​ម្ខាង​ទៀត ក៏​ជា​ជន​រង​គ្រោះ​ម្នាក់​ដែរ។ ព្រោះ​នៅ​សុខ​ៗ ក៏​ត្រូវ​គេ​អូស​ចូល​រឿង​ដ្រាម៉ា​ដែល​ខ្លួន​មិន​មែន​ជា​តួ​ឯក។

រូបតំណាង

ដូច​នេះ​ហើយ ខ្ញុំ​ជឿជាក់​ថា ក្រោយ​ស្នេហា​មួយ​ដែល​ដើរ​ដល់​ផ្លូវ​ទាល់ គឺ​គ្មាន​ឡើយ​ថា​ពាក្យ​មិត្តភាព។ សម្រាប់​អ្នក​ប្រើ​ពាក្យ​នេះ​ដើម្បី​រក្សា​គេ​ឲ្យ​នៅ​ជិត​ខ្លួន​នោះ តាម​ការ​ពិត​គឺ​មិន​ទាន់​អស់​ចិត្ត​ពី​គេ​នៅឡើយ​ទេ៕

អានបន្ត៖ ​ បុរស​៥​ប្រភេទ​​ ដែល​​ស្រឡាញ់​ហើយ​មាន​តែ​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel