បុរស​៥​ប្រភេទ​​ ដែល​​ស្រឡាញ់​ហើយ​មាន​តែ​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់

  • 2020-03-17 10:25:00
  • ចំនួនមតិ 3 | ចំនួនចែករំលែក 168

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​រឿង​ស្នេហា​គឺ​ជា​រឿង​ដែល​ពិបាក​បង្ខំ​បំផុត។ ចង់​បញ្ជា​ឲ្យ​យើង​ត្រូវ​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​យើង​ក៏​​មិន​បាន បើ​ចិត្ត​យើង​មិន​ស្រឡាញ់ ឬ​ចង់​បញ្ជា​ចិត្ត​យើង​មិន​ឲ្យ​ស្រឡាញ់​មនុស្ស​ដែល​មិន​ស្រឡាញ់​យើង​ក៏​ពិបាក។ ប៉ុន្តែ​ចង់​ប្រាប់​ថា​មាន​បុរស​ចំនួន ៥​ប្រភេទ​ដែល​ទោះ​បី​អ្នកស្រឡាញ់​​ចង់​បាន​គេ​យ៉ាង​ណា ក៏​គួរ​តែ​ហាម​ចិត្ត​ខ្លួន​ឯង​ឲ្យ​បាន ពុំ​ដូច្នោះ​ទេ​នឹង​ត្រូវ​ស្រក់​ទឹកភ្នែក​​រហូត​ដោយ​សារ​តែ​គេ។

រូបតំណាង

៥. អ្នក​​មាន​ម្ចាស់

ប្រភេទ​បុរស​ដំបូង​ដែល​នារី​ៗ​ត្រូវ​ហាម​ចិត្ត​មិន​ឲ្យស្រឡាញ់​គឺ​បុរស​ដែល​មាន​ម្ចាស់​ហើយ មិន​ថា​គេ​កំពុង​រក​បែក​គ្នា​ពី​សង្សារ ឬ​ប្រពន្ធ គេ​កំពុង​រស់​នៅ​បែក​ពី​គ្នា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​មិន​គួរ​ចូល​ខ្លួន​ទៅ​ធ្វើ​ជា​មនុស្ស​ទី​បី​របស់​គេ​នោះ​ដែរ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​តម្លៃ​អ្នក​ធ្លាក់​ចុះ​ភ្លាម ហើយ​ក៏​គ្មាន​អ្វី​មក​ធានា​បាន​ដែរ​ថា​គេ​នឹង​ស្រឡាញ់​អ្នក​ពិត​ប្រាកដ ឬ​ទុក​អ្នក​ជា​មនុស្ស​កំដរ​មួយ​ពេល​ៗ។ រក្សា​ចិត្ត​ និង​កាយ​​សម្រាប់​មនុស្ស​ដែល​​កើត​មក​ដើម្បី​ធ្វើ​ជា​គូ​ព្រេង​យើង​ផ្ដាច់​មុខ​វិញ​ល្អ​ជាង។  

៤. មនុស្ស​ដែល​បាន​តែ​​មាត់​ប៉ប៉ាច់ប៉ប៉ោច

មនុស្ស​ប្រុស​​ដែល​បាន​តែ​មាត់​ ពូកែ​សន្យា​ហើយ​មិន​ធ្វើ ចូលចិត្ត​និយាយ​​អាក្រក់​ៗ​ដែល​មិន​គិត​ដល់​ចិត្ត​អ្នក​ដទៃ រួម​ទាំង​ចូលចិត្ត​យក​រឿង​​ដែល​យើង​ចង់​លាក់​ទៅ​និយាយ​ឲ្យ​សប្បាយ​​មាត់ ក៏​​ជា​មនុស្ស​ដែល​យើង​ត្រូវ​ចៀស។ មនុស្ស​ប្រុស​ប្រភេទ​នេះ​បើ​រើស​ជា​គូ​ជីវិត​ អ្នក​នឹង​ត្រូវ​ប្រើ​ភាព​​អត់ធ្មត់​ខ្លាំង​ដល់​កំពូល ដោយ​សារ​​មនុស្ស​​ប្រភេទ​នេះ​គឺ​មិន​ដែល​ខ្វាយខ្វល់​ពី​​អារម្មណ៍​អ្នក​ណា​ឡើយ ក្រៅ​ពី​ខ្លួន​ឯង។

៣. មនុស្ស​ប្រើ​កម្លាំង​បាយ

បើ​លង់​ចិត្ត​ស្រឡាញ់​បុរស​ប្រភេទ​ចូលចិត្ត​ប្រើ​កម្លាំង​បាយ​ដោះស្រាយ​បញ្ហា គួរ​ប្រញាប់​ដក​ចិត្ត​​វិញ​​ឲ្យ​បាន​លឿន ពុំ​ដូច្នោះ​ទេ​អ្នក​ត្រូវ​រង​តែ​ការ​ឈឺចាប់​​ទាំង​កាយ​ ទាំង​ចិត្ត​ទៅ​អនាគត។ នៅ​ក្បែរ​មនុស្ស​ប្រភេទ​នេះ គ្រោះថ្នាក់​គឺ​អាច​កើត​មាន​លើ​ខ្លួន​អ្នក​គ្រប់​ពេល​វេលា។  

២. មនុស្ស​អាត្មានិយម

រូបតំណាង

មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អាត្មានិយម ចូលចិត្ត​យក​ប្រៀប​អ្នក​ដទៃ​ចាប់​ពី​រឿង​តូច​ៗ​រហូត​ដល់​រឿង​ធំ​ៗ គឺ​ជា​បុគ្គល​ដែល​នារី​ៗ​ មិន​គួរ​បណ្ដោយ​ចិត្ត​​ឲ្យ​លង់​ស្រឡាញ់​នោះ​ទេ ព្រោះ​​អ្នក​ណា​ទៅ​ដែល​អាច​ទ្រាំ​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​យក​ប្រៀប​ខ្លួន​អស់មួយ​ជីវិត​នោះ។​មនុស្ស​ស្រឡាញ់​គ្នា​គឺ​ត្រូវ​ចែក​រំលែក​ក្ដី​សុខ និង​រឿង​ល្អ​ៗ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក ហើយ​មាន​ទុក្ខ​ក៏​ត្រូវ​ឆ្លង​ជាមួយ​គ្នា តែ​បើ​ស្រឡាញ់​មនុស្ស​អាត្មានិយម អ្នក​កុំ​រំពឹង​ថា​ទទួល​បាន​អ្វី​ទាំង​នេះ។  

១. មនុស្ស​ដែល​មិន​ស្រឡាញ់​យើង

ការ​បណ្ដោយ​ចិត្ត​ឲ្យ​ស្រឡាញ់​មនុស្ស​ដែល​មិន​ស្រឡាញ់​យើង រួម​ទាំង​គ្មាន​ផ្លូវ​ងាក​មក​ស្រឡាញ់​យើង​នេះ គឺ​ជា​រឿង​ឈឺចាប់​បំផុត​ដែល​មនុស្ស​ស្រី គួរ​ចៀសវាងឲ្យ​ឆ្ងាយ ព្រោះ​វា​ប្រៀប​​ដូច​ជា​យើង​ធ្វើ​​ឲ្យ​ខ្លួន​ឯង​គ្មាន​តម្លៃ និង​មើល​មិន​ឃើញ​ពី​តម្លៃ​របស់​ខ្លួន​ឯង ខណៈ​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​មើល​ឃើញ​ពី​តម្លៃ​របស់​យើង។  

រូបតំណាង

បាន​ដឹង​ហើយ កុំ​ភ្លេច​សួរ​ខ្លួន​ឯង​មើល​ថា​មនុស្ស​ដែល​អ្នក​កំពុង​ស្រឡាញ់​មាន​ចំណុច​ណា​មួយ​ក្នុង​ចំណោម​ ៥​ខ ខាង​លើ​ដែរ​ឬ​ទេ? ហើយ​បើ​​គេ​មាន តើ​យើង​អាច​ស្រឡាញ់ និង​អត់ធ្មត់​រួម​ដំណើរ​ជាមួយ​គេ​បាន​យូរ​ប៉ុណ្ណា?

ប្រភព៖ Spiceee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន