៤ វិធី សម្រាប់លើកទឹកចិត្តខ្លួនឯង រស់នៅមានន័យរាល់ថ្ងៃ

  • 2020-03-12 04:10:00
  • ចំនួនមតិ 9 | ចំនួនចែករំលែក 105

មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​ចង់​អភិវឌ្ឍ​ការ​គិត​របស់​ខ្លួន ដើម្បី​​អាច​ជួយ​ឲ្យ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ពោរពេញ​ដោយ​ក្តី​សុខ មាន​ន័យ​សម្រាប់​ខ្លួន​ឯង។ គ្មាន​នរណា​ម្នាក់​ចង់​ភ្ញាក់​ឡើង​ជាប់​​ជាមួយ​នឹង​ទុក្ខ​ក្រៀមក្រំ​រហូត​នោះ​ទេ ដូច្នេះ​ហើយ​គួរ​ដឹង​ពី​វិធី ៤​យ៉ាង​ ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​។

១. មិន​ខ្លាច​ក្នុង​ការ​ប្រឈម​នឹង​ភាព​ឈឺចាប់

រូបតំណាង

ជា​​រឿង​ធម្មតា​សម្រាប់​មនុស្ស​យើង​​ទៅ​ហើយ ព្រោះ​ក្នុង​ជីវិត​រមែង​តែង​​ជួប​ក្តី​​ឈឺ​ចាប់ គ្រាន់​តែ​តិច​ឬ​​ច្រើន​តែ​ប៉ុណ្ណោះ។ យ៉ាង​ណា​ហោច​ណាស់​ អ្នក​ក្លាហាន​ហ៊ាន​ទទួល​ស្គាល់​​​ការពិត រៀន​សូត្រ​ពី​វា​​ដើម្បី​​យល់​ឲ្យ​កាន់​តែ​ច្បាស់​និង​អាច​ផ្លាស់​ប្តូរ​​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​។ ភាព​ឈឺ​ចាប់​ដែល​កើតមាន​រួច​ហើយ ទោះ​បី​ព្យាយាម​តវ៉ា​ចង់​លុប​បំបាត់​ក៏​មិន​កើត​​ដែរ មាន​តែ​ពេលវេលា​ទេ ទើប​អាច​ជួយ​បណ្តេញ​​វា​ឲ្យ​រសាត់​អណ្តែត​ប​ន្តិច​ម្តង​ៗ​។ ត្រូវ​ចាំ​ថា​ការ​ឈឺចាប់​ទាំង​ពួង គ្រាន់​តែ​ជា​របស់​បន្ទាប់​បន្សំ ដែល​អាច​កើត​ឡើង​ក្នុង​អតីតកាល​ឬ​បច្ចុប្បន្នកាល ប៉ុន្តែ​មិន​មែន​ជា​បន្ទុក​ដែល​អ្នក​​មាន​កាតព្វកិច្ច​ត្រូវ​ស្ពាយ​ពេញ​មួយ​ជីវិត​ឡើយ។

២. ពង្រឹង​ទំនុក​ចិត្ត

ទំនុក​ចិត្ត​​ប្រៀប​បាន​ដូច​ជា​​របស់​សំខាន់​​បំផុត ដើម្បី​ជួយ​ឲ្យ​​អ្នក​​មើល​ទៅ​ពោរពេញ​ដោយ​ភាព​ជឿជាក់​រហ័សរហួន មាំទាំ និង​ទាក់​ទាញ។ ការ​ពង្រឹង​ទំនុក​ចិត្ត​សម្រាប់​ខ្លួន​ឯង​ គួរ​​ធ្វើ​ឡើង​ក្នុង​កម្រិត​សមរម្យ​ល្មម​ មិន​ក្អេងក្អាង​ មោទកភាព​ជ្រុល​ពេក ពុំ​ដូច្នេះ​ទេ អ្នក​ដទៃ​អាច​នឹង​វាយ​តម្លៃ​អវិជ្ជមាន​មក​លើ​អ្នក​មិន​ខាន។

៣. កំណត់​គោលដៅ​សមស្រប​សម្រាប់​ខ្លួន​ឯង

រូបតំណាង

មាន​ក្តី​ស្រមៃ​ធំ​មួយ​នៅ​ក្នុង​ជីវិត ប៉ុន្តែ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​​វែង​ឆ្ងាយ​ណាស់​​ទម្រាំ​អាច​ទៅ​​ដល់​។ គួរ​សន្សំ​​កម្លាំង​ថាមពល ដើម្បី​​សម្រេច​គោល​ដៅ​នៅ​ជិត​ខ្លួន​ជាមុន​សិន​។ កុំ​មើល​ស្រាល​​ កិច្ចការ​តូច​តាច និង​ការ​ថែរក្សា​សុខភាព​​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ ព្រោះ​ទាំង​នោះ​ហើយ​​ដែល​​ផ្លូវ​អាច​​​នាំ​អ្នក​ទៅ​កាន់​​​គោល​ដៅ​ធំ​។

៤. ស្វែង​រក​ចំណុចខ្វះខាត​របស់​ខ្លួន

ភាគ​ច្រើន​អ្នក​អាច​នឹង​មើល​ឃើញ​តែ​ចំណុច​ល្អ​​របស់​ខ្លួន ដោយ​ភ្លេច​សង្កេត​​មើល​ថា​តើ​អ្វី​ទៅ​ដែល​ជា​ចំណុច​ខ្វះខាត​ គួរ​​កែ​តម្រូវ។ កាល​ណា​រក​​ឃើញ​នូវ​អ្វី​ដែល​ខ្វះ​ខាត​ហើយ ទោះ​តិច​ឬ​ច្រើន​ក្តី​ កុំ​គិត​ថា​ខ្លួន​ឯង​អន់ ព្រោះ​មនុស្ស​ដែល​ខ្លាំង​រឹងមាំ តែង​តែ​រិះ​រក​វិធី​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​រីក​ចម្រើន​ឥត​ឈប ​ឈរ។

រូបតំណាង

បន្ត​កម្លាំង​ចិត្ត បង្កើន​ថាមពល គ្រប់​ជំហាន​ទាំង​អស់​ សុទ្ធ​តែ​​មាន​តម្លៃ និង​អាច​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ​​ដូច​បំណង​៕

ចុចអានបន្ត៖ សញ្ញាបញ្ជាក់ថាអ្នកជាមនុស្សស្រីរឹងមាំ មិនងាយចុះចាញ់ជាមួយនឹងបញ្ហា

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ ដេត ឈុនអ៉ី