អាថ៌កំបាំង ៥ យ៉ាងក្នុងជីវិតដែលអ្នកមិនគួរប្រាប់ ឬ ពិភាក្សាជាមួយនរណាម្នាក់ឡើយ
- 2020-02-19 06:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំង ៥ យ៉ាងក្នុងជីវិតដែលអ្នកមិនគួរប្រាប់ ឬ ពិភាក្សាជាមួយនរណាម្នាក់ឡើយ
ម្នាក់ៗប្រាកដជាមានមនុស្សដែលខ្លួនស្រឡាញ់ និង ជិតស្និទ្ធបំផុតក្នុងជីវិត ហើយតួយ៉ាងពេលមានពួកគេជួបប្រទះនៅបញ្ហា ឬ រឿងរ៉ាវអ្វីមួយ គេច្បាស់ជារត់ទៅពិភាក្សាជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេជាមិនខាន។ មានអ្នកខ្លះជាមនុស្សមិនសូវចេះនិយាយ ឬ រៀបរាប់រឿងផ្ទាល់ខ្លួនប្រាប់ទៅអ្នកដទៃទេ តែក៏មានអ្នកខ្លះទៀតជាប្រភេទមនុស្សដែលមានការបើកចំហនូវរឿងរ៉ាវក្នុងចិត្តច្រើនទៅកាន់មនុស្សជុំវិញខ្លួន។
យ៉ាងណាមិញ ទោះជាអ្នកជ្រើសរើសពិភាក្សាព្រឹត្តិការណ៍ណាមួយក្តី គប្បីរំលងក្នុងការប្រាប់អាថ៌កំបាំងទាំង ៥ យ៉ាងនេះទៅកាន់អ្នកណា ជាពិសេសមនុស្សមិនស្គាល់ច្បាស់៖
១. គោលដៅក្នុងជីវិត
ក្នុងឆាកជីវិតមួយដែលពោរពេញដោយការប្រកួតប្រជែងនេះ មានរឿងមួយចំនួនដែលអ្នកគប្បីទុកនៅក្នុងចិត្តទើបប្រសើរ ដែលក្នុងនោះរួមមានការរៀបរាប់គោលដៅក្នុងជីវិតយ៉ាងលម្អិតទោកាន់គេឯង។ អ្នកគួរដឹងថា នៅក្នុងលោកនេះ គ្មាននរណាមានទស្សនៈដូចអ្នក ១០០% ឡើយក្រៅតែពីខ្លួនអ្នក ហើយអ្នកមិនដឹងទេថាគេនឹងសប្បាយអបអរជាមួយការគិតរបស់អ្នក ឬ យ៉ាងណា។ ពេលខ្លះគេអាចយល់ស្របតែនៅពីមុខអ្នកប៉ុណ្ណោះ ដូច្នេះហើយអ្នកគួរអនុវត្តនូវគោលដៅក្នុងជីវិតដោយស្ងាត់ៗ ហើយសិមឱ្យគេចាំមើលសមិទ្ធផលតែម្តងទើបប្រសើរ។
២. រឿងប្រាក់ចំណូល
ក្នុងទំនាក់ទំនងណាក៏ដោយ មិនថាស្នេហា គ្រួសារ ឬ មិត្តភាព គឺជាក់ស្តែងគ្មានហេតុផលណាមួយដែលអ្នកគួរបញ្ចេញប្រាប់ពីប្រាក់ចំណូលរបស់ខ្លួនទៅកាន់ពួកគេនោះទេ។ រឿងទឹកប្រាក់នេះ សម្រាប់មនុស្សមួយចំនួនមិនសូវខ្វល់ខ្វាយពីវា តែក៏មានមនុស្សមួយចំនួនដែលងប់ងុលនឹងវាខ្លាំងណាស់។ ជាទូទៅ វាពិបាកក្នុងការមើលធ្លុះថាអ្នកណាជាអ្នកណាណាស់ ព្រោះបើនិយាយដល់រឿងលុយ មនុស្សម្នាក់ៗលាក់ចរិតបានជិតល្អណាស់ ដូច្នេះបើពិបាកមើលអ៊ីចឹង គួរកុំប្រាប់អ្នកណាតែម្តងទៅ ទោះចំណូលតិចឬច្រើនក្តី។
៣. បញ្ហាគ្រួសារ
ពេលអ្នកទុកចិត្តនរណាម្នាក់ វាជារឿងធម្មតាទេដែលអ្នកនឹងចែករំលែករឿងគ្រប់យ៉ាងទៅកាន់ពួកគេ ព្រោះនៅពេលជួបបញ្ហាម្តងៗ វាពិតជាពិបាកទ្រាំ ហើយអ្នកប្រាកដជាត្រូវការកម្លាំងចិត្តពីមនុស្សជាទីស្រឡាញ់។ យ៉ាងណាមិញ គ្រួសារគឺជាមនុស្សដែលតែងតែនៅជាមួយអ្នក និង ចាំផ្តល់ក្តីស្រឡាញ់ និង កម្លាំងចិត្តឱ្យអ្នករហូតមក។ ដូចនេះ បើមានជម្លោះ ឬ បញ្ហានៅក្នុងក្រុមគ្រួសារក្តី អ្នកគួរតែប្រឈមនឹងបញ្ហានោះហើយព្យាយាមដោះស្រាយដោយសន្តិវិធី។ បើយកល្អ គឺមិនត្រូវនិយាយប្រាប់នរណាម្នាក់ពីរឿងរ៉ាវនៅក្នុងគ្រួសារតែម្តងទើបប្រសើរ ព្រោះពេលខ្លះអ្នកមិនដឹងទេថាគេក្នុងចិត្តគេកំពុងសរសើរ ឬ មើលងាយទៅលើក្រុមគ្រួសារអ្នកនោះទេ។
៤. សារភាពថាអ្នកមានចិត្តលើដៃគូស្នេហារបស់គេ
ទោះជាអ្នកជាមនុស្សស្មោះត្រង់យ៉ាងណាក៏ដោយក៏មិនចាំបាច់ដល់ថ្នាក់ទៅសារភាពថាអ្នកចាប់ចិត្តលើដៃគូស្នេហារបស់គេដែរ។ ស្រដៀងគ្នានេះដែរ អ្នកក៏មិនចាំបាច់ប្រាប់មិត្តរបស់អ្នកថាដៃគូស្នេហារបស់គេធ្លាប់មានចិត្តលើអ្នកដែរ។ គេមិនបានសរសើរថាអ្នកជាមនុស្សដែលមានភាពស្មោះត្រង់អ្វីនោះទេ គឺគេមានតែព្យាយាមរក្សាគម្លាតពីអ្នក ឬ ឈប់ចង់រាប់អានក៏មាន។ ដូច្នេះ ហើយបើអ្នកជ្រុលជាប់ចិត្តលើសង្សាររបស់មិត្តភក្ដិ ឬ សង្សាររបស់មិត្តអ្នកធ្លាប់មានចិត្តលើអ្នកក្តី គួរណាទុករឿងសម្ងាត់នោះនៅក្នុងចិត្តទៅ ដរាបណាគេមកសួរនាំអ្នកសិមឆ្លើយតាមការពិត។
៥. ស្នេហាមិនច្បាស់លាស់ (ជាពិសេសសម្រាប់នារី)
ពិតណាស់ថានារីចូលចិត្តបង្ហាញភាពរីករាយ និង ប្រាប់គេឯងនៅពេលដែលនាងកំពុងសេពគប់ជាមួយបុរសណាម្នាក់។ រឿងរ៉ាវស្នេហាដែលមិនច្បាស់លាស់នោះ ក៏មិនមែនជារឿងល្អដែលត្រូវចែករំលែកដែរ។ បើគ្រប់គ្នាដឹងពីរឿងរបស់អ្នកទាំងពីរ ហើយស្រាប់តែមានរឿងមិនល្អកើតឡើងនៅក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរ ជាពិសេសពេលអ្នកដឹងថាភាគីបុរសនោះគ្មានភាពច្បាស់លាស់ជាមួយអ្នកនោះ វាប្រាកដជាផ្តល់ឱ្យអ្នកនូវការឈឺចាប់ទ្វេដងជាមិនខាន។ ដូច្នេះ រឿងមួយចំនួន មនុស្សដឹងកាន់តែតិច គឺកាន់តែល្អសម្រាប់អ្នក៕
អានបន្ត៖ ការពិត ៦យ៉ាងដែលពិបាកទទួលយកបំផុតក្នុងជីវិត តែយើងមិនអាចប្រកែកបាន